Connect with us

ព័ត៌មានអន្ដរជាតិ

​លោក ថាក់ស៊ីន​​​ ចូលរួម​ប្រជុំ​ពី​បញ្ហា​ពន្ធ​​នាំចូលអាមេរិក ពេលអវត្តមាន​កូនស្រី​

បានផុស

នៅ

​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ដែល​កំពុង​ប្រឈម​​​​កា​រចោទ​ប្រកាន់​​​​​ទោស​ព្រហ្មទណ្ឌ​ជុំវិញ​រឿងក្តី​ប្រមាថ​ព្រះមហាក្សត្រថៃ នោះ បាន​បន្ត​បង្ហាញ​​ខ្លួ​ន​គ្របដណ្តប់​ទិដ្ឋ​​ភាព​កិច្ច​ការ​សេដ្ឋកិច្ច​ និង​នយោបាយ​​របស់​ប្រទេសថៃ​​ នៅ​មុន​​​តុលាការ​​ធម្មនុញ្ញ​​ចេញ​សេចក្តីសម្រេច​លើ​ជោគវាសនានៃ​តំណែង​​នាយករដ្ឋមន្ត្រីរបស់​​លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក ថាក់ស៊ីនចូលរួមវេទិកា​កាលថ្ងៃទី​៩​។ Reuters

​​ជាក់ស្តែង​​នៅ​ព្រឹកថ្ងៃ​សុក្រ​នេះ លោក ថាក់ស៊ីន ត្រូវ​បាន​​​សារព័ត៌មានថៃ​រាយការណ៍ថា បាន​​ចូលរួម​​កិច្ច​ពិភាក្សា​អំពី​ពន្ធ​នាំ​ចូល​​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​ជាច្រើន​រូប​របស់​​រដ្ឋាភិបាល​ចម្រុះ​ថៃ​ដែល​ដឹកនាំ​ដោយ​គណបក្ស​ភឿថៃ​របស់​លោក។

​ព័ត៌មាន Khaosod បាន​រាយការណ៍ថា នៅក្នុងការផ្លាស់ប្តូរដែលមិនធ្លាប់មានពីមុនមក អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រ​ ​បាន​ចូលរួម​ពិភាក្សា​ជាមួយក្រុមការងាររបស់ប្រទេសថៃ រួមជាមួយនឹងទីប្រឹក្សាគោលនយោបាយរបស់នាយក​រដ្ឋមន្ត្រី អំពីរបៀបដោះស្រាយជាមួយនឹងអត្រាពន្ធបដិការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយប្រទេស​ថៃ​ត្រូវបានគិត​ពន្ធ​​ក្នុងអត្រា​ ៣៦​​% ប្រសិនបើគ្មានអ្វីផ្លាស់ប្តូរនៅថ្ងៃទី១​ខែសីហា។

​​លោក ថាក់ស៊ីន បាន​ចូលរួម​ប្រជុំ​ជាមួយ​​មន្ត្រី​កំពូល​​ៗរបស់​ប្រទេស​ថៃ ស្តីពី​បញ្ហា​ពន្ធ​គយបដិការ​របស់​សហរដ្ឋអាមេរិក រួម​មាន លោក​ Pichai Chunhavajira ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Jatuporn Buruspat រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Pansak Vinyaratn ប្រធានក្រុមប្រឹក្សាគោលនយោបាយរបស់នាយករដ្ឋមន្ត្រី​ ផែថងថាន ​ស៊ីណាវ៉ាត្រ ដែលត្រូវ​បាន​​ព្យួរ​តំណែង​ លោក Jakrapob Penkair អតីត​អ្នក​នាំពាក្យ​ទីស្តីការ​នាយករដ្ឋមន្ត្រី។

​លោក​ ថាក់​ស៊ីន ស៊ីណាវ៉ាត្រ បាន​បង្ហាញខ្លួន​​ជាសាធារណៈ​ជាបន្ត​បន្ទាប់ ក្រោយ​​តុលាការ​ធម្មនុញ្ញ បាន​សម្រេច​ព្យួរ​តួនាទី​នាយករដ្ឋមន្ត្រី​របស់កូនស្រី​របស់​លោក​គឺ​លោកស្រី​ ផែថងថាន ស៊ីណាវ៉ាត្រ ដោយ​រង់ចាំ​ការ​សម្រេច​របស់​តុលាការ​ធម្មនុញ្ញ​ថា​តើ​លោកស្រី​បាន​បំពាន​រដ្ឋធម្មនុញ្ញ​ឬ​អត់​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា កាល​ថ្ងៃទី​១៥ខែ​មិថុនា ហើយ សំឡេង​សន្ទនានោះ​បាន​ដឹង​ជាសាធារណៈ​នៅ​ថ្ងៃ​ទី​១៧ខែ​​មិថុនា​​។

​កាលថ្ងៃទី​​៩ខែកក្កដានេះ ​លោក ថាក់ស៊ីន បាន​​​បង្ហាញ​មុខ​ជាសាធារណៈ​​ដ៏ទូលំទូលាយ​លើក​ដំបូង​ ចាប់តាំងពី​កូនស្រីរបស់​លោក ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​​សម្រេចព្យួរតំណែងបណ្តោះអាសន្ន។ នៅក្នុងការ​បង្ហាញ​ខ្លួន​លើក​ដំបូង​នោះ លោក ថាក់ស៊ីន ត្រូវ​បាន​រៀបចំ​វេទិកា​​​ឲ្យមានការចោទ​សួរយ៉ាងទួលំទូលាយ អំពីទិដ្ឋភាព​នយោបាយ សេដ្ឋកិច្ច ការទូត និង​ផែនការ​អភិវឌ្ឍ​សេដ្ឋកិច្ច​​ដែលលោក​គ្រោង​ធ្វើសម្រាប់​ប្រទេសថៃ។ ទាំងនេះ​ហាក់​ដូចជា​បើក​ផ្លូវ​ឲ្យ​លោក​ថាក់ស៊ីន បង្កើន​ឥទ្ធិពល​លើ​ប្រជាជន​ថៃ មុនការសម្រេច​របស់​តុលាការ​កំពូល​ និង​ តុលាការធម្មនុញ្ញ ទៅលើ​សមាជិក​ក្រុមគ្រួសារ​របស់​លោក៕​

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម