Connect with us

ព័ត៌មានជាតិ

​App ​ទស្សនា​​កម្ពុជា នឹង​ដាក់​ឲ្យ​ដំណើរការ​ឆាប់ៗ ជំរុញ​ផ្សព្វផ្សាយ​សក្ដានុពល​ទេសចរ​កម្ពុជា​ ទៅ​កាន់​ពិភពលោក

បានផុស

នៅ

ក្រសួង​ទេសចរណ៍ នឹង​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​អេប​កម្មវិធីទស្សនា​កម្ពុជា (Visit Cambodia) ដើម្បី​ជំរុញ​ផ្សព្វផ្សាយ​សក្ដានុពល​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា​ទៅ​កាន់​ពិភពលោក។

លោក ហូត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​អះអាង​ថា ការ​​ដាក់​ឲ្យដំណើរការ​អេប​កម្មវិធី​ទស្សនាកម្ពុជា នឹង​ជួយ​​ផ្សព្វផ្សាយ​បង្កើន​ភ្ញៀវ​​ទេសចរ​មក​ទស្សនា​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ថែម​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ចូលរួម​​នៅ​ក្នុង​វេទិកា​ពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ចអន្តរជាតិនៅ​កម្ពុជា CAMFOOD/​CAMHOTEL នៅ​ព្រឹក​មិញ​នេះ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​​​គូស​បញ្ជាក់ថា កម្មវិធី​នេះ​អាច​​ផ្តល់​ព័ត៌មាន​ដល់ភ្ញៀវ​ទេសចរជាតិនិងអន្តរជាតិ ​​ស្វែង​យល់​ពី​តំបន់​​សក្ដានុពល​ទេសចរណ៍​ដ៏សំបូរបែប​នៅ​​​ក្នុង​ប្រទេស​កម្ពុជា​ សម្រាប់​ជ្រើសរើស​ជា​គោលដៅ​​មក​កម្សាន្ត។

បើតាមលោក​រដ្ឋមន្រ្តី កម្មវិធីនេះ​នឹង​​ប្រកាស​ដាក់​ឲ្យដំណើរការ​ឆាប់ៗ​នេះ ក្រោម​វត្តមាន​​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ​កម្ពុជា។

ថ្លែង​ក្នុង​ឱកាសនោះដែរ​ លោក ហួត ហាក់ ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ក៏​បាន​បង្ហាញ​ពី​តួលេខ​​​កំណើន​ភ្ញៀវ​ទេសចរ​បរទេស​មក​កម្សាន្ត​ប្រទេស​កម្ពុជា​។

បើតាមលោក​​រដ្ឋមន្ត្រី​ ​នៅ​ក្នុង​​ឆ្នាំ ២០២៤ ទេសចរ​បរទេស​មកទស្សនា​ប្រទេស​កម្ពុជាមាន​ចំនួន ៦.៧ លាន​នាក់ កើន​ឡើង ២៣% បើ​ធៀប​ឆ្នាំ ២០២៣។ ដោយ​ឡែក​ក្នុង​រយៈពេល ៩ ខែ​ឆ្នាំ ២០២៥ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​មក​កម្សាន្ត​ប្រមាណ ៤,៣៨ លាន​នាក់។

វិស័យ​ទេសចរណ៍​បាន​រួម​ចំណែកបង្កើត​ការងារ​​ដល់​ពលរដ្ឋ។ វិស័យ​​គ្មានផ្សែងនេះ​​បាន​ចាក់ចំណូល​​ចូលក្នុង​ចរន្ត​សេដ្ឋកិច្ច​ជាតិរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ។

លើកឡើងក្នុង​វេទិកា​ពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ចអន្តរជាតិនៅ​កម្ពុជា លោក លឹម សុជាតិ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ក៏​បានជំរុញ​ឲ្យមានការ​ផ្សព្វផ្សាយពី​​​ទេសចរណ៍​ម្ហូបអាហារ​សម្រាប់​ទាក់ទាញ​ទេសចរមក​កម្សាន្ត​ប្រទេស​កម្ពុជា​។

លោកថា ទេសចរណ៍​ម្ហូបអាហារ គឺជា​ចំណែក​ទីផ្សារហើយ​ជាផលិតផលទេសចរណ៍ដ៏សំខាន់ដែលរួមចំណែកលើទីផ្សារទេសចរណ៍​ទាំងមូល។ ម្ហូបអាហារបង្កើតនូវការចងចាំដ៏ល្អសម្រាប់ទេសចរអំឡុងពេលធ្វើដំណើរ ហើយ​ក៏​អាច​ជា​ចំណែក​មួយសម្រាប់​ទាក់ទាញ​ទេសចរ​មក​កម្សាន្តប្រទេស​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម