ព័ត៌មានជាតិ
រដ្ឋមន្ត្រីទេសចរណ៍ជំរុញទូតខ្មែរនៅបរទេសជួយផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជា
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ហួត ហាក់ បានជំរុញដល់ឯកអគ្គរាជទូតកម្ពុជានៅបរទេសទាំងអស់ចូលរួមផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ និងកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិឱ្យកាន់តែខ្លាំងក្លាក្នុងបរិបទភូមិសាស្ត្រនយោបាយដែលកំពុងប្រែប្រួលយ៉ាងឆាប់រហ័សនេះ។

លើកឡើងក្នុងជំនួបជាមួយឯកអគ្គរាជទូតខ្មែរប្រចាំរដ្ឋបរទេសចំនួន៤៣រូបកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ លោក ហួត ហាក់ បានផ្លាស់ប្ដូរយោបល់ជាមួយតំណាងកម្ពុជាប្រទេសរដ្ឋបរទេសទាំងនោះពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ក្នុងគោលដៅផ្សព្វផ្សាយកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ និងជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ព្រមទាំងការធ្វើពិពិធកម្មទីផ្សារទេសចរណ៍។
យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍៖ «កិច្ចពិភាក្សាបានផ្លាស់ប្ដូរមតិយោបល់ស៊ីជម្រៅលើយុទ្ធសាស្ត្រថ្មីៗ ទាក់ទាញ និងបង្កើតភាពធន់ ដើម្បីឆ្លើយតបនឹងការប្រែប្រួលភូមិសាស្ត្រនយោបាយដ៏ឆាប់រហ័ស ស្មុគស្មាញ និងមិនអាចប៉ាន់ស្មាននាពេលបច្ចុប្បន្ន សំដៅទាក់ទាញ និងជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិ តាមរយៈការពង្រីកការផ្សព្វផ្សាយអំពីសក្ដានុពលទេសចរណ៍កម្ពុជា»។

ប្រធានសមាគមទេសចរណ៍អាស៊ី ប៉ាស៊ីហ្វិក(PATA) លោក ធួន ស៊ីណាន បានឱ្យដឹងថាតាមការអង្កេតរបស់លោកកន្លងមកស្ថានទូតខ្មែរប្រចាំរដ្ឋបរទេសតិចតួចប៉ុណ្ណោះដែលសកម្មលើការជំរុញទេសចរណ៍កម្ពុជា ខណៈលោកបានបង្ហាញក្ដីសង្ឃឹមថាជំនួបរវាងរដ្ឋមន្ត្រីទេសចរណ៍ និងឯកអគ្គរាជទូតកម្ពុជានៅពេលនេះគឺជាចំណុចចាប់ផ្ដើមល្អលើការផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។
លោកថា៖ «កន្លងមកឃើញថាទូតតិចណាស់ដែលបានអនុវត្តន៍កិច្ចការងារទាំងឡាយទាំងពួងដែលជាកាតាព្វកិច្ចរបស់ពួកគាត់ហ្នឹង យើងឃើញថាតិចមែនទែន ទូតខ្លះនៅបណ្ដាប្រទេសខ្លះនោះប្រជាជនខ្មែរក៏មិនដែលបានស្គាល់ មិនដែលឃើញមុខទូតហ្នឹងមិចផង។ យើងកុំនិយាយដល់ពួកអ្នកវិនិយោគឬដៃគូរពាក់ព័ន្ធនៅប្រទេសមួយៗហ្នឹង។ ប៉ុន្ដែសម្រាប់ខ្ញុំវាមិនយឺតពេលទេការដែលយើងផ្លាស់ប្ដូរចរិតអាកប្បកិរិយារបស់យើងធ្វើការ ដោយឈរលើនិយមន័យស្នេហាជាតិលើមនសិការជាតិហ្នឹង»។

ទោះជាយ៉ាងណាលោក ស៊ីណាន យល់ឃើញថាឯកអគ្គរាជទូតកម្ពុជាដែលបញ្ជូនទៅថ្មីៗមួយចំនួននៅពេលនេះក៏កំពុងបង្ហាញសកម្មភាពសកម្មជាច្រើនក្នុងកិច្ចការការពារកម្ពុជានៅប្រទេសដែលបានបញ្ជូនទៅនោះផងដែរ។
សូមជម្រាបផងដែរជំនួបរវាងរដ្ឋមន្ត្រីទេសចរណ៍ និងឯកអគ្គរាជទូតខ្មែរទាំង៤៣រូបនៅពេលនេះគឺធ្វើឡើងតាមគោលការណ៍ពីនាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ដោយមានការគាំទ្រពីរដ្ឋមន្ត្រីការបរទេសផងដែរ។
របាយការណ៍ស្ថិតិទេសចរណ៍ឆ្នាំ២០២៥ ឱ្យដឹងថាចំនួនភ្ញៀវទេសចរបរទេសដែលមកលេងកម្ពុជាមានចំនួន ៥,៥៧លាននាក់ ថយចុះ១៦,៩%បើធៀបនឹងឆ្នាំ២០២៤។ ភ្ញៀវពីប្រទេសចំនួន៣ដែលចូលមកលេងកម្ពុជាច្រើនជាងគេគឺវៀតណាមដែលមានជាង ១លាន២សែននាក់ ប្រហាក់ប្រហែលគ្នានឹងភ្ញៀវទេសចរចិនដែលឈរលំដាប់ទី២ និងភ្ញៀវទេសចរថៃមានជាង១លាននាក់ឈរលំដាប់ទី៣។ ដោយឡែកប្រទេសផ្សេងទៀតគឺនៅមានកម្រិតនៅឡើយ៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


