ព័ត៌មានជាតិ
កូនឈើជិត ៥ ពាន់ដើម ដាំនៅតំបន់ទិសថ្មដា ដើម្បីស្ដារគម្របព្រៃឈើបៃតង
លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីសាលាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងអាជ្ញាធរក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធ ចូលរួមបង្កើតចលនាដាំដើមឈើឡើងវិញ ដើម្បីស្តារគម្របព្រៃឈើបៃតង ការពារបរិស្ថាន និងលើកស្ទួយសោភ័ណភាពតាមតំបន់ព្រំដែន នៃខេត្តពោធិ៍សាត់។ ពិធីនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នៅមូលដ្ឋានកងទ័ព ព្រំដែន ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោកអភិបាលខេត្ត បានមានប្រសាសន៍ក្នុងពិធីនេះថា ដើម្បីឆ្លើយតបទៅនឹងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ហ៊ុន ម៉ាណែត សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងពិធីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ដោយជំរុញឱ្យមានការដាំដើមឈើឡើងវិញតាមបន្ទាត់ព្រំដែន ដើម្បីរក្សាតុល្យភាពធម្មជាតិ និងធានានិរន្តរភាពបរិស្ថាន។
ការដាំដើមឈើនេះ ត្រូវបានចាប់ផ្តើមជំហានដំបូងពីចំណុចគល់ស្ពានជ័យជម្នះ ស្ថិតនៅក្នុង ឃុំថ្មដា ដែលជាតំបន់មានសារៈសំខាន់ជាប់ព្រំដែន និងមានសក្តានុពលក្នុងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងបរិស្ថានបៃតង។


ថ្នាក់ដឹកនាំខេត្តបានលើកឡើងបន្ត ការដាំដើមឈើមិនត្រឹមតែជួយបង្កើនគម្របព្រៃឈើប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ ទប់ស្កាត់ការបាក់ដី និងបង្កើនគុណភាពខ្យល់បរិសុទ្ធដែលជាជម្រកសម្រាប់មនុស្សនិងសត្វផងដែរ។ ជាមួយគ្នានេះ អាជ្ញាធរខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមថែរក្សា និងការពារធនធានធម្មជាតិឱ្យបានគង់វង្ស សម្រាប់ជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ។
លោក ខូយ រីដា បន្ថែមថា ការចុះអនុវត្តសកម្មភាពដោយផ្ទាល់នៅតំបន់ព្រំដែន ក៏បានបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងនៅជួរមុខ។ វាបានបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធ រវាងអាជ្ញាធរមូលដ្ឋាន និងកងទ័ព ដែលជាកម្លាំងស្នូលក្នុងការការពារសន្តិភាព និងស្ថិរភាពសង្គម។



ជារួម សកម្មភាពដាំកូនឈើ ៤.៥០០ដើមនេះ គឺជាគំរូដ៏ល្អមួយនៃការរួមបញ្ចូលគ្នារវាង “ការអភិរក្សបរិស្ថាន” និង “ការពង្រឹងសាមគ្គីភាពជាតិ”។ វាមិនត្រឹមតែបង្កើតតំបន់បៃតង និងបរិស្ថានល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីស្មារតីស្រឡាញ់ជាតិ ហើយរដ្ឋបាលខេត្តនិងបន្តសកម្មភាពដាំកូនឈើនេះបន្តថែមទៀត។ នេះការទទួលខុសត្រូវ និងការរួបរួមគ្នារបស់គ្រប់ភាគី ក្នុងការកសាង និងការពារមាតុភូមិកម្ពុជា ឱ្យកាន់តែរីកចម្រើន៕
អត្ថបទ ៖ លាន គ្រន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


