Connect with us

ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម​ដាក់​គោលដៅ​ធ្វើ​ឱ្យ​ទំនិញ​នៅ​លើ​ទីផ្សារ​៧៥%ជា​ផលិតផល​ធ្វើ​នៅ​កម្ពុជា

បានផុស

នៅ

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោកស្រី ចម និម្មល បាន​លើក​ឡើង​ថា​ក្រសួង​មាន​គោលដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ទំនិញ​នៅ​លើ​ទីផ្សារ​កម្ពុជា​មាន​៧៥%​ជា​ផលិត​ផល​ដែល​ធ្វើ​នៅ​ក្នុង​ស្រុក​ ដើម្បី​ជំនួស​ផលិតផល​ដែល​នាំ​ចូល​ ដែល​យុទ្ធនាការ​នេះ​នឹង​ចាប់​ផ្ដើម​ក្នុង​ឆ្នាំ​២០២៦នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើក​ឡើង​ក្នុង​សិក្ខាសាលា​ពី​ការ​ពង្រឹង​ភាព​ធន់​ជាតិ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២៦ នៅ​វិមាន​រដ្ឋសភា​លោកស្រី ចម និម្មល មាន​ប្រសាសន៍​ថា​ ការ​បង្កើន​ផលិតផល​នេះ​គឺ​ដើម្បី​ជំនួស​ការ​នាំ​ចូល​ផលិតផល​ដែល​ខ្មែរ​អាច​ផលិត​​បាន។ ក្រសួង​ចង់​ឱ្យ​ផលិត​ផល​ខ្មែរ​មាន​៥០​%​ជំនួស​ការ​នាំ​ចូល​នៅ​អំឡុង​ខែ​មិថុនា​​ខាងមុខ ហើយ​នឹង​បង្កើន​ដល់​៧៥​%​នៅ​ពេល​អនាគត​។

លោក​ស្រី​ថា៖ «យើង​ដឹង​ណាស់​ថា​មិន​ដល់​១០០%​ទេ ព្រោះ​ទោះ​ជា​យ៉ាងណា​យើង​មិន​អាច​ផលិត​បាន​នូវ​គ្រប់​ប្រភេទ​នូវ​ផលិត​ផល​ដែល​មាន​ជា​តម្រូវ​ការ​របស់​ទីផ្សារ​តម្រូវ​ការ​របស់​អ្នក​ប្រើប្រាស់​។ អ៊ីចឹង​អ្វី​ដែល​យើង​ព្យាយាម​គឺ​ការ​ជំនួស​​»


លោក​ស្រី​ជំរុញ​ដល់​ក្រសួង​ឧស្សាហកម្ម​នឹង​ជួយ​គាំទ្រ​​ជំរុញ​ដល់​គោលដៅ​នេះ​ឱ្យ​បាន​សម្រេច​ផង​ដែរ។

​​​​​តាម​ការឱ្យ​ដឹង​ពី​លោកស្រី ចម និម្មល បច្ចុប្បន្ន​ផ្សារ​ទំនើប​នានា​នៅ​កម្ពុជា​បាន​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​ដាក់​តាំង​បង្ហាញ​ផលិតផល​ជាតិ​នៅ​ទីតាំង​ដែល​ស្រួល​មើល ធ្វើ​ឱ្យ​ការ​លក់​ផលិតផល​ជាតិ​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់​ជាមួយ​ផលិត​ផល​នាំ​ចូល​ ខណៈ​នា​ពេល​ខាង​មុខ​ក្រសួង​ក៏​នឹង​ជំរុញ​ការ​លក់​ផលិត​ផល​ដែល​ផលិត​នៅ​កម្ពុជា​ទៅ​ក្នុង​​ប្រព័ន្ធ​អនឡាញ។

លោកស្រី​បញ្ជាក់​ថា​ឥទ្ធិពល​នៃ​ការ​ធ្វើ​ពហិការ​ទំនិញ​ថៃ​បាន​ធ្វើ​ឱ្យ​កម្ពុជា​កាត់​ផ្ដាច់​ការ​នាំ​ចូល​ពី​ថៃ បង្កើត​ឱកាស​ដល់​ផលិត​ផល​ក្នុង​ស្រុក ខណៈ​ទំនិញ​ដែល​ផលិត​ផល​ក្នុង​ស្រុក​មិន​ទាន់​អាច​ជំនួស​បាន​ត្រូវ​នាំ​ចូល​ពី​បរទេស​។ ផលិត​ផល​ប្រទេស​មួយ​ចំនួន​ដែល​ចូល​មក​ជំនួស​ផលិត​ផលថៃ​រួម​មាន ផលិត​ផល​មក​ពី ប្រទេស​ម៉ាឡេស៊ី សិង្ហបុរី វៀតណាម សហរដ្ឋអាមេរិក នូវែលហ្សេឡង់ និង​ឥណ្ឌា៕




អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍ ​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម