Connect with us

ព័ត៌មានជាតិ

តាមច្បាប់៖ ​ប្រតិបត្តិករ​អាជីវកម្ម​លក់​ក្លែង​បន្លំ​ ឬ​ធ្វើ​ឲ្យ​យល់​ខុស​លើ​ផលិតផល​ម្ហូប​អាហារ ​មាន​ទោស​បែប​ណា?

បានផុស

នៅ

ច្បាប់​ស្តី​ពី «សុវត្ថិភាព​ម្ហូប​អាហារ» ដែល​រដ្ឋសភា​បាន​អនុម័ត​កាល​ពី​ថ្ងៃ​ទី ១១ ខែ​ឧសភា ឆ្នាំ ២០២២ បាន​​ចែង​អំពី​ទោស​ទណ្ឌ​ និង​ការដាក់ពិន័យ​ សម្រាប់​ប្រតិបត្តិករ​អាជីវកម្ម​ម្ហូបអាហារ ដែល​ដំណើរការ​គ្មាន​លិខិត​អនុញ្ញាត លក់​អាហារ​គ្មាន​អនាម័យ ​​លក់​ផលិតផល​ម្ហូប​អាហារ​ផុត​ថ្ងៃ​កំណត់ លក់​ក្លែង​បន្លំ​​ និង​ការ​លក់​ផលិតផល​ដែល​បង្កផលប៉ះពាល់ដល់​សុខភាពជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាត្រា ៣៥ ច្បាប់​ស្តី​ពី «សុវត្ថិភាព​ម្ហូប​អាហារ» បាន​ចែង​ថា ចំពោះ​ប្រតិបត្តិករ​អាជីវកម្ម​ម្ហូប​អាហារ​នៃ​រោងចក្រ និងសហគ្រាសធុនតូចនិងមធ្យម ដែលផ្គត់ផ្គង់ លក់ដុំ ចែកចាយ ឬដាក់​លក់​ម្ហូប​អាហារ​ក្រោយកាលបរិច្ឆេទផុតកំណត់ ត្រូវផ្តន្ទាទោសដាក់ពន្ធធនាគារពី ៦ (ប្រាំមួយ) ខែ​ទៅ ២ (ពីរ)ឆ្នាំ និង​ពិន័យជាប្រាក់ពី ១ ០០០ ០០០ (មួយលាន) រៀល ទៅ ៤ ០០០ ០០០ (បួនលាន) រៀល។

​បើសិន​ការ​លក់​ផលិតផលនោះ​ ដោយ​ផ្សាយ​ពាណិជ្ជកម្ម​ធ្វើ​ឲ្យ​មានការ​យល់​ច្រឡំ​ ធ្វើឱ្យយល់ខុសអំពី​លក្ខណៈ​ពិត​នៃ​ម្ហូបអាហារ ​តាម​មាត្រា ៣៧ នៃ​ច្បាប់​ស្តី​ពី «សុវត្ថិភាព​ម្ហូប​អាហារ» ត្រូវពិន័យអន្តរការណ៍ពី ៥ ០០០ ០០០ (ប្រាំ​លាន) រៀល​ទៅ ១០ ០០០ ០០០ (ដប់​លាន) រៀល។

ក្នុងករណីទទួលនូវការពិន័យអន្តរការណ៍ម្តងរួចហើយ នៅតែ​បន្តប្រព្រឹត្តត្រូវទទួលការ​ពិន័យ​អន្តរការណ៍​ទ្វេដង​នៃ​ប្រាក់ពិន័យ​អន្តរការណ៍​លើក​ទី ១​។

ដោយ​ឡែក​ក្នុង​មាត្រា ៣៨ ចំពោះ​ប្រតិបត្តិករ​អាជីវកម្ម​ម្ហូប​អាហារ ​ដែល​ដាក់​ស្លាក​ម្ហូប​អាហារ មាន​លក្ខណៈ​មិន​​ពិត ធ្វើឱ្យ​យល់​ខុស ឬ​ក្លែងបន្លំអំពី​លក្ខណៈពិត​នៃម្ហូបអាហារ ត្រូវពិន័យអន្តរការណ៍ ១០ ០០០ ០០០ (ដប់​លាន) រៀល​ទៅ ២០ ០០០ ០០០ (ម្ភៃលាន) រៀល។

ការ​ពិន័យ​នេះ មិនទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេង​ទៀត​នោះទេ។ ក្នុង​ករណី​ទទួលនូវការពិន័យ​អន្តរការណ៍​ម្តងរួច​ហើយ នៅតែបន្តប្រព្រឹត្ត​ល្មើស​ដូច​មាន​ចែង​ក្នុង​មាត្រា ៣៨ ដែលក្រៅពីត្រូវ​ទទួលការពិន័យ​អន្តរការណ៍​ទ្វេដងនៃប្រាក់ពិន័យអន្តរការណ៍លើកទី១ មន្ត្រីអធិការកិច្ចម្ហូបអាហារ​ត្រូវធ្វើ​របាយការណ៍​ជូន​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ ដើម្បីសម្រេច ក្នុង​ការ​ចេញ​លិខិតព្រមាន​ជាលាយលក្ខណ៍អក្សរ ឬព្យួរ ឬដកហូតលិខិតអនុញ្ញាត ឬវិញ្ញាបនបត្រ ឬ​អាជ្ញាបណ្ណ​។

​​ចំពោះ អំពើ​ផលិត កែច្នៃ វេច​ខ្ចប់ ចែកចាយ ឬលក់ម្ហូប​អាហារ​ដោយ​ដឹងថា ​ម្ហូបអាហារ​នោះ​មាន​ផ្ទុកនូវ​សារធាតុពុល ឬ​សារធាតុបង្ក​គ្រោះថ្នាក់​ដែល​លើស​កម្រិត​អនុញ្ញាត​ នាំ​ឱ្យ​ខូច​សុខភាព​ដល់​មនុស្ស ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់ពី ២០០ ០០០ ០០០ (ពីរ​រយ​លាន) រៀល ទៅ ៤០០ ០០០ ០០០ ០០ (បួន​រយ​លាន) រៀល (បួន​រយ​លាន)។ នេះបើយោង​តាមមាត្រា ៣៩ ក្នុង​ច្បាប់​ស្តីពី «សុវត្ថិភាព​ម្ហូបអាហារ»។

​អំពើ​នោះបើ​បង្ក​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ និង​សុវត្ថិភាព​អ្នកប្រើប្រាស់ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥ (ប្រាំ) ឆ្នាំទៅ ១០ (ដប់) ឆ្នាំ។ តែ​​បើ​បង្ក​ឱ្យមាន​ពិការភាព​អចិន្ត្រៃយ៍ ឬ​បាត់​បង់​​អាយុជីវិត​របស់​អ្នកប្រើប្រាស់ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៧ (ប្រាំពីរ) ឆ្នាំ ទៅ ១៥ (ដប់ប្រាំ) ឆ្នាំ។

កាលពី​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ មន្ត្រីអធិការកិច្ចម្ហូបអាហារនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានចុះត្រួតពិនិត្យទំនិញនៅហាងយីហោ «ចរណៃ» ដែលជាទីតាំងលក់និងចែកចាយត្រីក្លាសេ និងទំនិញម្ហូបអាហារ ពិសេសត្រីសាម៉ុន និង​ត្រីត្រោត។

ជាលទ្ធផល មន្ត្រីអធិការកិច្ចម្ហូបអាហារនៃអគ្គនាយកដ្ឋាន ក.ប.ប. បានរកឃើញថា ហាងយីហោ «ចរណៃ» ពិតជាបានធ្វើធុរកិច្ចដែលបង្កឱ្យអ្នកប្រើប្រាស់ មានភាពភាន់ច្រលំរវាងផលិតផលត្រីសាម៉ុន និងត្រីត្រោត ដែលអំពើនេះគឺល្មើសនឹងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារជាធរមាន។

ក្រុមការងារនៃអគ្គនាយកដ្ឋាន ក.ប.ប. បានពន្យល់តំណាងម្ចាស់ហាងចរណៃអំពីច្បាប់ស្តីពីសុវត្ថិភាព​ម្ហូបអាហារ មាត្រាទី៣៨ ពាក់ព័ន្ធនឹងការអះអាងដោយបន្លំ ឬធ្វើឱ្យអ្នកប្រើប្រាស់យល់ច្រឡំ និងបានធ្វើការពិន័យអន្តរការណ៍ហាងចរណៃស្របតាមមាត្រាច្បាប់ខាងលើក្នុងចន្លោះពី ១០ លានទៅ ២០​លានរៀល

មន្ត្រីអធិការកិច្ចម្ហូបអាហារនៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានណែនាំឱ្យតំណាងម្ចាស់ហាងចរណៃ កែ​តម្រូវ​បន្ទាន់ទៅគ្រប់ទីតាំងលក់តាមរាជធានី ខេត្ត ដោយត្រូវលើកស្លាកសញ្ញាបញ្ជាក់ពីតម្លៃ ប្រភេទត្រី និង​ដាក់តាំងដោយឡែកពីគ្នានៃផលិតផលទាំងនោះ ដើម្បី​ឲ្យ​អ្នកប្រើប្រាស់ទទួលបានព័ត៌មានពិតពីផលិតផល និងជ្រើសរើសដោយគ្មានភាពភាន់ច្រលំ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្មនឹងបន្តអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនដើម្បីការពារអ្នកប្រើប្រាស់ ក៏ដូចជាធានាឱ្យមានការប្រកួតប្រជែងលើទីផ្សារដោយសុចរិត និងសូមធ្វើការអំពាវនាវដល់សាធារណៈជនទាំងអស់ មេត្តាបន្តចូលរួមសហការក្នុងការផ្តល់ព័ត៌មានអំពីអំពើដែលប៉ះពាល់ដល់សិទ្ធិ និងអត្ថប្រយោជន៍អ្នកប្រើប្រាស់ ឬប៉ះពាល់ដល់សុវត្ថិភាពម្ហូបអាហារ តាមរ​យៈលេខទូរស័ព្ទសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ១២៦៦ ដោយអនុគ្រោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម