ព័ត៌មានជាតិ
ចុះបញ្ជីម៉ាកការពារត្រឹមត្រូវ អាចឈានទៅលក់ហ្វ្រេនឆាយ (franchise) បន្ត បានលុយរាប់លានដុល្លារ
នៅក្នុងវេទិកាគយ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) មន្រ្តីជំនាញនៅនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្មបានពន្យល់ពីដំណើរការចុះបញ្ជីម៉ាក និងប្រយោជន៍ដែលទទួលបានពីការចុះបញ្ជីម៉ាក និងសិទ្ធិក្នុងការប្រើប្រាស់ផ្សេងៗ។

នៅក្នុងបទបង្ហាញរយៈពេលប្រមាណ ៣០ នាទី មន្រ្តីជំនាញបានលើកឡើងពីចំណុចគន្លឹះសំខាន់ៗចំនួន ៨ ពាក់ព័ន្ធការចុះបញ្ជីម៉ាក ដើម្បីអ្នកចូលរួមបានសិក្សាស្វែងយល់។
ក្នុងបទបង្ហាញដែលមានអ្នកចូលរួមប្រមាណ ៤០០ នាក់ ភាគច្រើនជាមន្រ្តីគយ និងម្ចាស់សហគ្រាសផ្សេងៗបានលើកពីចំណុចគន្លឹះសំខាន់នៃការចុះបញ្ជីម៉ាកមានដូចជា៖
១. ការប្រើប្រាស់ម៉ាកនៅក្នុងវិស័យពាណិជ្ជកម្ម
២. លក្ខណៈសម្បត្តិរបស់ម៉ាកដែលកកើតជាម៉ាកបាន
៣. និយមន័យនៃម៉ាក
៤. សិទ្ធិរបស់ម្ចាស់ម៉ាក
៥. ការការពារម៉ាក
៦. ការចុះបញ្ជីម៉ាកតាមប្រព័ន្ធអន្តរជាតិ (ប្រព័ន្ធម៉ាឌ្រីដ)
៧. ក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធ
៨. ស្ថាប័នអនុវត្តច្បាប់
លក្ខណៈសម្បត្តិ និងនិយមន័យនៃម៉ាក
មន្រ្តីជំនាញបានបញ្ជាក់ថា ដើម្បីអាចបង្កើត ឬដើរតួជាម៉ាកបាន ត្រូវតែបំពេញលក្ខខណ្ឌសំខាន់ៗដូចជា៖
-មើលឃើញនឹងភ្នែក៖ ច្បាប់នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន តម្រូវឱ្យម៉ាកនោះអាចមើលឃើញនឹងភ្នែកបាន (ចំណែកឯម៉ាកជាសំឡេង ឬម៉ាកជាក្លិន មិនទាន់មានចែងក្នុងច្បាប់បច្ចុប្បន្ននៅឡើយទេ ប៉ុន្តែអាចនឹងមាននៅពេលអនាគត)។
-ភាពញែកដាច់ពីគ្នា៖ ម៉ាកត្រូវតែមានលក្ខណៈខុសប្លែកពីគេ មិនជាន់គ្នា ឬស្រដៀងគ្នាខ្លាំង ដែលនាំឱ្យមានការភាន់ច្រឡំជាមួយម៉ាកដទៃ។
-មិនមានវិវាទនឹងគ្នា៖ មិនមានការឈ្លោះប្រកែក ឬជម្លោះរវាងក្រុមហ៊ុន និងក្រុមហ៊ុន ឬភាគីពាក់ព័ន្ធ។
ទម្រង់ផ្សេងៗនៃម៉ាក៖
ម៉ាកអាចមានទម្រង់ជា អក្សរ, ពាក្យ, លេខ, រូបភាព (Logo/Device), ពណ៌, ពាក្យស្លោក, ទម្រង់ 3D (ដូចជាទម្រង់ដប ឬប្រអប់), និងហត្ថលេខា។

នីតិវិធីនៃការចុះបញ្ជី និងការការពារម៉ាក
-រយៈពេលចុះបញ្ជី៖ ជាទូទៅ ការចុះបញ្ជីម៉ាកប្រើពេលប្រហែលពី ៥ ទៅ ៧ ខែ អាចទៅដាក់ពាក្យផ្ទាល់នៅក្រសួង ឬតាមប្រព័ន្ធអនឡាញ (Online)។
-រយៈពេលការពារ៖ ម៉ាកដែលបានចុះបញ្ជីរួច ទទួលបានការការពាររយៈពេល ១០ ឆ្នាំ គិតចាប់ពីថ្ងៃដាក់ពាក្យស្នើសុំ។
-ការបន្តសុពលភាព (Renewal)៖ ម្ចាស់ម៉ាកមានរយៈពេលអនុគ្រោះ ៦ ខែ ក្នុងការដាក់ពាក្យបន្តសុពលភាព ប្រសិនបើហួសកំណត់។
-កាតព្វកិច្ចរយៈពេល ៥ ឆ្នាំ៖ ក្នុងចន្លោះពេល ៥ ឆ្នាំក្រោយការចុះបញ្ជី ម្ចាស់ម៉ាកត្រូវមកបំពេញសេចក្តីប្រកាសប្រើប្រាស់ ឬមិនប្រើប្រាស់ម៉ាក (Affidavit of Use or Non-Use) ដើម្បីរក្សាម៉ាកនោះកុំឱ្យលុបចេញពីបញ្ជី។
-ការប្តឹងជំទាស់៖ ក្រោយការផ្សព្វផ្សាយក្នុងព្រឹត្តិបត្រផ្លូវការ (Official Gazette) ភាគីពាក់ព័ន្ធមានសិទ្ធិប្តឹងជំទាស់ក្នុងរយៈពេល ៩០ ថ្ងៃ។
មន្រ្តីក្រសួងពាណិជ្ជកម្មបានពន្យល់ថា ការចុះបញ្ជីម៉ាកបែងចែកជាពីរចំណុចធំៗ គឺម៉ាកក្នុងស្រុក និងម៉ាកក្រៅស្រុក។
សម្រាប់ការចុះបញ្ជីម៉ាកក្នុងស្រុក សម្រាប់រូបវន្តបុគ្គលត្រូវការតែអត្តសញ្ញាណប័ណ្ណ (ថតចម្លង) ប៉ុណ្ណោះ។ ដោយឡែកសម្រាប់នីតិបុគ្គល ត្រូវការឯកសារក្រុមហ៊ុននិងលិខិតបញ្ជាក់ពីនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម។
សម្រាប់ការដាក់ពាក្យ ម្ចាស់ម៉ាកអាចមកដាក់ពាក្យផ្ទាល់នៅនាយកដ្ឋានកម្មសិទ្ធិបញ្ញា ឬអាចជួលភ្នាក់ងារតំណាងឱ្យជួយរៀបចំដាក់ពាក្យជំនួសបាន ប្រសិនបើមិនចង់រវល់ ឬមិនច្បាស់លាស់ពីការងារនេះ។

ពាក់ព័ន្ធការចុះបញ្ជីម៉ាកក្រៅស្រុកវិញ ម្ចាស់ម៉ាកមានជម្រើស ២។ ជម្រើសទី១ អាច ដាក់ពាក្យមកនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្មផ្ទាល់ តាមរយៈភ្នាក់ងារតំណាងដែលទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម និងត្រូវមានលិខិតប្រគល់សិទ្ធិ (POA) ទើបអាចដាក់ពាក្យបាន។
ជម្រើសទី២ ដាក់ពាក្យតាមរយៈអង្គការ WIPO (World Intellectual Property Organization) ដែលមានមូលដ្ឋាននៅប្រទេសស្វីស តាមប្រព័ន្ធម៉ាឌ្រីត (Madrid System) ដែលជាប្រព័ន្ធចុះបញ្ជីអន្តរជាតិ។
លោកលើកឧទាហរណ៍ដំណើរការដូច្នេះថា ប្រសិនបើជាម៉ាកបារាំង ចង់ការពារនៅប្រទេសកម្ពុជាម្ចាស់ម៉ាកមិនបាច់មកដាក់ពាក្យផ្ទាល់នៅប្រទេសកម្ពុជានោះទេ គឺត្រូវឆ្លងកាត់ប្រទេសដើមកំណើតមុនគេ (Office of Origin) ដើម្បីចេញជាការចុះបញ្ជីមូលដ្ឋាន (Basic Registration) រួចទើបឆ្លងទៅ WIPO ហើយ WIPO នឹងបញ្ជូនឯកសារបន្តមកប្រទេសដែលម្ចាស់ម៉ាកចង់ការពារនោះ។
ស្ថាប័នពាក់ព័ន្ធក្នុងការដោះស្រាយវិវាទ
ប្រសិនបើមានវិវាទ ឬការរំលោភបំពានលើម៉ាកសញ្ញា ភាគីពាក់ព័ន្ធអាចស្វែងរកកិច្ចអន្តរាគមន៍ពី៖
-នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម (ជួយសម្រុះសម្រួល)
-អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.)
-អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (ពាក់ព័ន្ធនឹងការនាំចូល)
-នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច
-មជ្ឈមណ្ឌលជាតិផ្នែកសម្រុះសម្រួលដោះស្រាយវិវាទ (ក្រៅប្រព័ន្ធតុលាការ)
-ប្រព័ន្ធតុលាការ (ជាដំណោះស្រាយចុងក្រោយបង្អស់)
សិទ្ធិរបស់ម្ចាស់ម៉ាកក្រោយចុះបញ្ជីរួចរាល់ ម្ចាស់ម៉ាកទទួលបានសិទ្ធិដូចជា៖
-សិទ្ធិផ្តាច់មុខក្នុងការប្រើប្រាស់ម៉ាក
-សិទ្ធិក្នុងការផ្តល់អាជ្ញាប័ណ្ណ (Licensing) លក់ ឬផ្ទេរកម្មសិទ្ធិទៅឱ្យភាគីដទៃ (ដូចជាការធ្វើហ្វ្រេនឆាយ Franchise)។
-សិទ្ធិក្នុងការចាត់វិធានការប្រឆាំងនឹងអ្នករំលោភបំពានម៉ាក ឬអ្នកក្លែងបន្លំម៉ាកសញ្ញារបស់ខ្លួន
-សិទ្ធិក្នុងការរារាំងការនាំចូលទំនិញដែលពាក់ម៉ាកក្លែងបន្លំ (ដែលក្នុងនោះអគ្គនាយកដ្ឋានគយ និងរដ្ឋាករដើរតួនាទីយ៉ាងសំខាន់)
-សិទ្ធិប្រគល់សិទ្ធិដាច់មុខ (ពាក់ព័ន្ធនឹងការនាំចូលស្របគ្នា Parallel Import)
-ទទួលបានការចុះបញ្ជីមូលដ្ឋានដើម្បីយកវិញ្ញាបនបត្រ (Certificate) ទៅដាក់ពាក្យការពារម៉ាកសញ្ញារបស់ខ្លួននៅបរទេសបន្តទៀត តាមរយៈប្រព័ន្ធ WIPO

ដើម្បីអាចការពារម៉ាកបាន មន្រ្តីជំនាញក្រសួងពាណិជ្ជកម្មបានណែនាំ ជំហានដំបូងបំផុតគឺត្រូវតែចុះបញ្ជី ដើម្បីទទួលបានវិញ្ញាបនបត្រ (Certificate) ឬទុតិយតា (Certified Copy)។
បច្ចុប្បន្ន ការផ្តល់ឯកសារគឺធ្វើឡើងតាមប្រព័ន្ធអនឡាញដែលងាយស្រួលខ្លាំង។ បន្ទាប់ពីចុះបញ្ជីហើយ ម្ចាស់ម៉ាកត្រូវមានកាតព្វកិច្ចថែទាំ និងគាំពារម៉ាករបស់ខ្លួនតាមរយៈ៖
-ការប្រើប្រាស់ផ្ទាល់៖ ម្ចាស់ម៉ាកផលិត និងប្រើប្រាស់ដោយខ្លួនឯង
-ការប្រើប្រាស់មិនផ្ទាល់៖ ការធ្វើអាជ្ញាប័ណ្ណ (License) លក់សិទ្ធិ ឬការធ្វើហ្វ្រេនឆាយ (Franchise) ឱ្យអ្នកដទៃធ្វើបន្ត
-ការប្រើប្រាស់ជាសាធារណៈ៖ ដើម្បីឱ្យម៉ាកនៅតែមានតម្លៃ
-ត្រូវប្រើប្រាស់ឱ្យដូចការចុះបញ្ជី៖ ប្រសិនបើចុះបញ្ជីម៉ាកទម្រង់បែបណា (ឧទាហរណ៍៖ ABC) គឺត្រូវប្រើបែបនោះ។ ប្រសិនបើទៅបន្ថែមអក្សរ ឬរូបភាពផ្សេងខុសពីវិញ្ញាបនបត្រ វាអាចទៅជាន់នឹងម៉ាករបស់អ្នកដទៃបង្កជាវិវាទ និងមិនអាចជួយគាំពារម៉ាកដែលបានចុះបញ្ជីនោះឡើយ។
-ការប្រើប្រាស់ពិតប្រាកដ៖ ដូចជាការធ្វើតេស្តទីផ្សារ ឬការលក់ដូរពិតប្រាកដ។
-ការប្រើប្រាស់ឱ្យបានត្រឹមត្រូវ៖ ត្រូវផ្សព្វផ្សាយឱ្យអតិថិជនហៅម៉ាកសញ្ញានោះជា “គុណនាម” មិនមែនជា “នាម” ឡើយ។
ត្រង់ចំណុចនេះមន្រ្តីជំនាញពន្យល់ថា ប្រសិនបើបណ្តោយឱ្យហៅម៉ាកនោះជាឈ្មោះផលិតផលទូទៅ ម៉ាកនោះនឹងបាត់បង់ការការពារ (ឧទាហរណ៍៖ ការហៅសំដៅលើ កាហ្វេគីរី, ផ្សារឡាក់គី, កាហ្វេស្ដាបាក់ ជាដើម)។

បន្ថែមពីនេះ មន្រ្តីជំនាញក្រសួងពាណិជ្ជកម្មក៏បានពន្យល់ពីការអនុវត្តសិទ្ធិនៅពេលមានវិវាទប្រសិនបើមានការលួចចម្លង ឬធ្វើម៉ាកស្រដៀង ដែលនាំឱ្យមានការភាន់ច្រឡំ ម្ចាស់ម៉ាកត្រូវចាត់វិធានការដែលមាន៖
-ការឃ្លាំមើលជាប្រចាំ៖ ត្រូវតាមដានមើលលើទីផ្សារ។
-លិខិតព្រមាន៖ ក្នុងនាមជាម្ចាស់ម៉ាកស្របច្បាប់ អាចធ្វើលិខិតប្រាប់ទៅអ្នករំលោភបំពានឱ្យបញ្ឈប់សកម្មភាព។
-វិធានការរដ្ឋបាល៖ ដាក់ពាក្យបណ្តឹងទៅស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយក្រៅប្រព័ន្ធតុលាការ។
-ប្រព័ន្ធតុលាការ៖ ជាជម្រើសចុងក្រោយបង្អស់ ប្រសិនបើការដោះស្រាយតាមផ្លូវរដ្ឋបាល ឬការសម្របសម្រួលមិនទទួលបានលទ្ធផល។
នៅពេលមានវិវាទម៉ាកសញ្ញាកើតឡើង ម្ចាស់ម៉ាកអាចស្វែងរកជំនួយពីស្ថាប័នមានសមត្ថកិច្ចក្នុងនោះមាន៖
-នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម៖ ជួយដោះស្រាយតាមលក្ខណៈសម្រុះសម្រួល។
-គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា (គ.ប.ក.)៖ ស្ថិតក្រោមក្រសួងពាណិជ្ជកម្ម។
-អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៖ ដើរតួនាទីគន្លឹះក្នុងការឃាត់ទំនិញនាំចូលដែលរំលោភសិទ្ធិដាច់មុខ។
-នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច៖ ចាត់វិធានការបង្ក្រាបទំនិញក្លែងបន្លំ។
-មជ្ឈមណ្ឌលជាតិផ្នែកអាជ្ញាកណ្តាលពាណិជ្ជកម្ម (NCAC)៖ សម្រាប់ដោះស្រាយសម្រុះសម្រួលក្រៅប្រព័ន្ធតុលាការ។
-សាលាដំបូង/តុលាការ៖ ជាស្ថាប័នចុងក្រោយបង្អស់ ក្នុងករណីមិនអាចសម្រុះសម្រួលគ្នាបាន។
បន្ថែមពីនេះ មន្រ្តីជំនាញក៏លើកពន្យល់ពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការចុះបញ្ជី និងគាំពារម៉ាក ត្រូវអនុលោមតាម៖
-ច្បាប់ស្តីពីម៉ាក នាមករណ៍ និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់
-អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ម៉ាក
-ប្រកាសស្តីពីនីតិវិធីនៃការដាក់ពាក្យម៉ាកតាមប្រព័ន្ធអនឡាញ
-ប្រកាសអន្តរក្រសួង (រវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ពាក់ព័ន្ធនឹងកម្រៃសេវាសាធារណៈ
-ប្រកាសស្តីពីការដាក់ពាក្យតាមប្រព័ន្ធអន្តរជាតិ (ប្រព័ន្ធម៉ាឌ្រីត)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


