Connect with us

ព័ត៌មានជាតិ

លោកជំទាវ ឡោក ខេង ជំរុញយុវជនបង្កើនចំណេះដឹង និងសមត្ថភាពក្នុងយុគសម័យឌីជីថល

បានផុស

នៅ

ភ្នំពេញ ៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ជូនថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតជិត ៣,០០០នាក់ ក្រោមប្រធានបទ «តួនាទីរបស់គណៈកម្មការទី៨ និងក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី» ក្រោមអធិបតីភាពលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ (ស្ពានអាកាសចោមចៅ) ដោយមានអ្នកចូលរួមផ្ទាល់ជាង ១,៤០០នាក់ និងចូលរួមតាមប្រព័ន្ធនិម្មិតពីទីតាំងទី១ (ទួលស្លែង) ប្រមាណ ១,៥០០នាក់។

លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា សាកលវិទ្យាល័យបច្ចុប្បន្នមាន៣ទីតាំង និងផ្តល់ការបណ្តុះបណ្តាលលើកម្មវិធីសិក្សាចាប់ពីថ្នាក់បំប៉ន រហូតដល់ថ្នាក់បណ្ឌិត ជាមួយជំនាញជាច្រើនតាមកម្មវិធីសិក្សាជាតិ និងអន្តរជាតិ។

លោកបន្តថា សាកលវិទ្យាល័យបានដាក់បញ្ចូលកម្មវិធីចែករំលែកបទពិសោធន៍ជាប្រចាំក្នុងកម្មវិធីសិក្សា ដើម្បីផ្តល់ឱកាសដល់និស្សិតក្នុងការបង្កើនចំណេះដឹង ជំនាញ សមត្ថភាព វិន័យ និងវិជ្ជាជីវៈ តាមបាវចនា «គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌»។

លោកបណ្ឌិត លី ឆេង ស្ថាបនិក និងអគ្គនាយក ប៊ែលធី គ្រុប បានថ្លែងអំណរគុណចំពោះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឱ្យលោកជំទាវ ឡោក ខេង អញ្ជើញចែករំលែកចំណេះដឹង និងបទពិសោធន៍ការងារជូនដល់និស្សិត និងសហគមន៍ប៊ែលធី។

ក្នុងឱកាសនោះ លោកជំទាវ ឡោក ខេង បានលើកឡើងពីតួនាទី និងភារកិច្ចរបស់គណៈកម្មការទី៨ នៃរដ្ឋសភា ដែលទទួលបន្ទុកលើវិស័យសុខាភិបាល សង្គមកិច្ច ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ព្រមទាំងបង្ហាញពីតួនាទីរបស់ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រីក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី។

លោកជំទាវបានផ្តល់សារលើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សា បង្កើនចំណេះដឹង ពង្រឹងជំនាញ ធ្វើបច្ចុប្បន្នភាពជាមួយបច្ចេកវិទ្យាឌីជីថល និង AI ព្រមទាំងរក្សាសីលធម៌ វិន័យ និងការទទួលខុសត្រូវក្នុងសង្គម។

លោកជំទាវក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសុខភាពសាធារណៈ ដោយលើកឡើងថា សុខភាពជាមូលដ្ឋានសំខាន់សម្រាប់ការកាត់បន្ថយភាពក្រីក្រ និងជំរុញឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើការរស់នៅប្រកបដោយសុខភាពល្អ។

ជាចុងក្រោយ លោកជំទាវបានប្រគល់សៀវភៅឯកសារពាក់ព័ន្ធនឹងការងាររបស់គណៈកម្មការទី៨ និងក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី ជូនសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដើម្បីទុកជាឯកសារសិក្សាស្រាវជ្រាវ៕

ដោយ ៖សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម