ព័ត៌មានជាតិ
លោក សួស យ៉ារ៉ា ៖ ការទូតសន្តិភាពសភាកម្ពុជាមានបទពិសោធន៍កសាងសន្តិភាពជាក់ស្តែង និងផ្អែកលើគោលការណ៍ទាំង៥
លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង បានថ្លែងថា ការទូតសន្តិភាពសភា កម្ពុជាមានបទពិសោធន៍ក្នុងការកសាងសន្តិភាពជាក់ស្តែងរបស់ខ្លួន និងផ្លាស់ ប្តូរបទពិសោធន៍ជាមួយនឹងបណ្តាសភានៅលើសកលលោក ដោយផ្អែកលើគោលការណ៍ទាំង៥។

ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសបានអញ្ជើញចែករំលែក បទពិសោធន៍ លើប្រធានបទ “កិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋសភា” ជូនដល់ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត សរុបចំនួន២,២៦៥នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ (ស្ពានអាកាស ចោមចៅ) ដែលមានអ្នកចូលរួមផ្ទាល់ចំនួន ១,១៣១នាក់ និងចូលរួមតាមប្រព័ន្ធនិម្មិត (Zoom) នៅទីតាំងទី១ (ទួលស្លែង) ចំនួន ១,១៣៤នាក់ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ។

លោកបានបន្ថែមថា គោលការណ៍ទាំង៥នោះរួមមាន ១-សាមគ្គីភាពគ្នាក្នុងភាព ចម្រុះ, ២-ការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នាទៅវិញទៅមក ការទុកចិត្តគ្នាទៅវិញទៅមក និងការផ្តល់ផលប្រយោជន៍ ទៅវិញទៅមក ដើម្បីសន្តិភាពនិងវិបុលភាព (M4P2), ៣-ភាពអត់ឱន យុត្តិធម៌ និងសមភាព, ៤-ការរួមរស់ជាមួយគ្នាដោយ សន្តិភាព និងការទប់ស្កាត់ជម្លោះ, និង ៥-វប្បធម៌នៃសន្តិភាព។

លោក ក៏បានលើកឡើងអំពីជោគជ័យដែលរដ្ឋសភាកម្ពុជាបានធ្វើជាម្ចាស់ផ្ទះសភាអន្តរជាតិសំខាន់ៗ ជាអាទិ៍ ១-កិច្ច ប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11-2021), ២-មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (AIPA43-2022), និង ៣-សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (IPTP11)-ដើម្បីឈានទៅសម្រេចនូវ «ធម្មនុញ្ញសន្តិភាពសកល៖ ដើម្បីមនុស្សជាតិ និងភពផែនដី» ដែលកើតចេញពីស្នាដៃនិងគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន។

លោកបានបន្តថា ដើម្បីធ្វើការទូតសភាឱ្យបានសង្គតភាពគឺត្រូវឈរលើគោលការណ៍ឯកភាព មិនដើម្បីប្រណាំង ប្រជែងឬប្រឈមមុខ ប៉ុន្តែឯកភាពដើម្បីសហប្រតិបត្តិការ។ បង្កើនភាពធន់ ក្នុងការជម្នះនូវឧបសគ្គព្យុះភូមិសាស្ត្រនយោបាយ ដើម្បីការពារផលប្រយោជន៍ជាតិស្នូលរបស់កម្ពុជា រក្សាសន្តិភាព ស្ថិរភាព ការរស់រាន និងការរីកចម្រើន ដោយប្រកាន់ខ្ជាប់ យ៉ាងម៉ឺងម៉ាត់នូវអព្យាក្រឹតភាព ការគោរពច្បាប់អន្តរជាតិ និងគោលនយោបាយការបរទេសឯករាជ្យបញ្ចៀសការធ្វើសកម្មភាព ជាមួយភាគីម្ខាងហើយធ្វើឱ្យខូចប្រយោជន៍ដល់ភាគីម្ខាងទៀត។

លោកគូសបញ្ជាក់ថា កន្លងមកគោលនយោបាយការទូតសភា ជាទូទៅកិច្ចការងារការទូតត្រូវគេយល់ឃើញថា ជាការងាររបស់ស្ថាប័ននីតិប្រតិបត្តិដែលអនុវត្តដោយក្រសួងការបរទេស ប៉ុន្តែនៅក្នុងទសវត្សន៍ចុងក្រោយនេះ ស្ថាប័ននីតិប្បញ្ញត្តិ មានតួនាទីយ៉ាងសំខាន់តំណាងប្រជាជន ដើម្បីពង្រីកចំណងមិត្តភាពជាមួយសភានៃបណ្តាប្រទេសជាមិត្តទាំងក្នុងក្របខ័ណ្ឌ ទ្វេភាគី និងពហុភាគី។

ហើយ វិស័យការទូតសភា (រដ្ឋសភា និងព្រឹទ្ធសភា) គឺជាការងារការទូតច្រកទី២ (Track ២)ដែល ត្រូវបានអនុវត្តយ៉ាងទៀតទាត់តាមនីតិកាលនីមួយៗ ស្របតាមគោលនយោបាយរបស់គណបក្សដឹកនាំ និងកម្មវិធីនយោបាយ ការទូតរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងការពារផលប្រយោជន៍ជាតិ ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងការអភិវឌ្ឍ សេដ្ឋកិច្ច។

ក្នុងឱកាសនោះ លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ដែលបានអនុញ្ញាតជូន ឯកឧត្តម សួស យ៉ារ៉ា ផ្តល់កិត្តិយសដ៏ឧត្តុង្គឧត្តមអញ្ជើញមកចែករំលែកបទពិសោធន៍ការងារ ការដឹកនាំ និងចំណេះដឹងពាក់ព័ន្ធនឹងកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់រដ្ឋសភា ជូនដល់ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតប៊ែលធី។

លោកបណ្ឌិត ក៏បានគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស ទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹកផ្តល់កិត្តិយសអញ្ជើញចូលរួមជាគណៈអធិបតី ព្រមទាំងផ្តាំផ្ញើអង្គ សិក្ខាសាលាទាំងអស់ ត្រូវត្រងត្រាប់ស្តាប់ដោយយកចិត្តទុកដាក់ និងកត់ត្រានូវបទពិសោធន៍ និងចំណេះដឹងល្អៗ សម្រាប់ទុក ប្រើប្រាស់ជាទុន ដើម្បីអភិវឌ្ឍសមត្ថភាពតទៅអនាគត៕












-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


