Connect with us

ព័ត៌មានជាតិ

លោករដ្ឋទូតអូស្ត្រាលី ៖ ការអប់រំជាវិនិយោគដ៏មានឥទ្ធិពលបំផុតសម្រាប់យុវជន និងអនាគតកម្ពុជា

បានផុស

នៅ

ភ្នំពេញ ៖ លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ការអប់រំគឺជាវិនិយោគដ៏មានឥទ្ធិពលបំផុត ដែលអាចអភិវឌ្ឍចំណេះដឹង ជំនាញ និងសមត្ថភាពរបស់យុវជន ហើយជាគ្រឹះសំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងការពង្រឹងទំនាក់ទំនងកម្ពុជា–អូស្ត្រាលីឱ្យកាន់តែរឹងមាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការភាពជាដៃគូជាផ្លូវការ រវាង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង MONASH College (MONASH – BELTEI IU Cambodia) ដើម្បីសហការបើកកម្មវិធីសិក្សាថ្នាក់ឆ្នាំមូលដ្ឋាន (Foundation Year) នៅកម្ពុជា នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។

លោក Derek Yip បានបញ្ជាក់ថា តាមរយៈទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងអូស្ត្រាលី ជារៀងរាល់ឆ្នាំមាននិស្សិតកម្ពុជាជាច្រើនបានទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី ហើយអតីតនិស្សិតជាច្រើនបានត្រឡប់មកបម្រើការងារនៅក្នុងជួររាជរដ្ឋាភិបាល ក្រសួង–ស្ថាប័ន និងវិស័យឯកជននៅកម្ពុជា ដោយរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេសជាតិ។ លោកក៏បានកោតសរសើរចក្ខុវិស័យរបស់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងការពង្រីកភាពជាដៃគូអន្តរជាតិ ជាពិសេសជាមួយ MONASH University។

ពិធីចុះកិច្ចព្រមព្រៀងនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា ព្រមទាំងវត្តមាន លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក–អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង អ្នកស្រីសាស្ត្រាចារ្យ Allie Clemans អនុអធិការបតីផ្នែកអប់រំ និងសាកលវិទ្យាធិការរងជាន់ខ្ពស់នៃ MONASH University និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ MONASH College រួមជាមួយភ្ញៀវកិត្តិយសជាតិ–អន្តរជាតិ សរុបប្រមាណ ១,៥០០ នាក់។

ក្នុងឱកាសនេះ លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា ការចុះកិច្ចព្រមព្រៀងនេះ គឺជាកិត្តិយស និងមោទនភាពដ៏ធំធេងសម្រាប់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលបានក្លាយជាស្ថាប័នដំបូងគេនៅកម្ពុជា ក្នុងការសហការបើកកម្មវិធីសិក្សាថ្នាក់ឆ្នាំមូលដ្ឋានរបស់ MONASH University លើវិស័យពាណិជ្ជកម្ម បច្ចេកវិទ្យាព័ត៌មាន និងសុខភាព។ លោកបានបញ្ជាក់ថា MONASH College ជាផ្នែកមួយនៃ MONASH University ដែលជាសាកលវិទ្យាល័យលំដាប់កំពូលនៅប្រទេសអូស្ត្រាលី និងទទួលបានការទទួលស្គាល់ខ្ពស់លើគុណភាពបណ្តុះបណ្តាលកម្រិតឧត្តមសិក្សា។

បន្ទាប់មក លោក Fabian Marrone សាកលវិទ្យាធិការរងនៃ MONASH University និងជានាយកប្រតិបត្តិនៃ MONASH College បានបង្ហាញអំពីកម្មវិធីសិក្សា និងលក្ខណៈពិសេសនៃ MONASH University ខណៈដែល អ្នកស្រីសាស្ត្រាចារ្យ Allie Clemans បានបន្ថែមថា MONASH University មានមោទនភាពក្នុងការបង្កើតភាពជាដៃគូជាមួយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ហើយតាមរយៈកិច្ចសហប្រតិបត្តិការនេះ អាចចូលរួមគាំទ្រដល់វិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសវិស័យអប់រំ បច្ចេកវិទ្យា និងសុខភាព។ អ្នកស្រីសង្ឃឹមថា នឹងមានសិស្ស–និស្សិតកម្ពុជាកាន់តែច្រើន ទៅបន្តការសិក្សានៅ MONASH University បន្ទាប់ពីបញ្ចប់ថ្នាក់ (Foundation Year) នៅ MONASH – BELTEI IU Cambodia ដោយជោគជ័យ។

ជាមួយគ្នានេះ លោកបណ្ឌិត លី ឆេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី និង លោកឯកអគ្គរដ្ឋទូតអូស្ត្រាលី ដែលបានផ្តល់កិត្តិយសជាអធិបតីក្នុងពិធីដ៏មានសារៈសំខាន់នេះ និងបានសម្តែងជំនឿថា កិច្ចសហប្រតិបត្តិការនេះ នឹងបង្កើនទំនុកចិត្តដល់អាណាព្យាបាល និងសិស្ស–និស្សិតជាតិ–អន្តរជាតិ លើការបណ្តុះបណ្តាលស្តង់ដារអន្តរជាតិ ដោយនិស្សិតអាចសិក្សាថ្នាក់ (Foundation Year) នៅកម្ពុជា និងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី២ ទី៣ និងទី៤ នៅ MONASH University ប្រទេសអូស្ត្រាលី៕

ដោយ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម