Connect with us

ព័ត៌មានជាតិ

សាលាប៊ែលធី ប្រគល់​អាហារូបករណ៍​ពិសេស១០០% រយៈពេល១២ឆ្នាំ ដល់​កូនស្រី បង្កើត​លោកអនុសេនីយ៍ឯក ពោ វៃ ដែល​ពលី​ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី

បានផុស

នៅ

“ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត លោក​បណ្ឌិត លី ឆេង តំណាង​រាស្ដ្រ​មណ្ឌល​រាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក នៃប៊ែលធី គ្រុប បានជួបសំណេះសំណាល និងប្រគល់ប័ណ្ណអាហារូបករណ៍​ពិសេស ១០០% សិក្សារយៈពេល ១២ឆ្នាំ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនកូនស្រីបង្កើតរបស់វីរយុទ្ធជន លោកអនុសេនីយ៍ឯក ពោ វៃ ដែល​បាន​ពលី​ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹក​ដី​ពី​ការ​ឈ្លានពាន​របស់​កង​ទ័ព​ថៃ កាលពីថ្ងៃទី២៤ – ២៨ ខែកក្កដា ឆ្នាំ២០២៥”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី លោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, លោកបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក នៃប៊ែលធី គ្រុប បាន​ជួប​សំណេះសំណាល និងប្រគល់ប័ណ្ណអាហារូបករណ៍ពិសេស ១០០% សិក្សារយៈពេល ១២ឆ្នាំ របស់​សម្តេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត ជូនដល់ក្មួយស្រី វៃ ណារី ដែលត្រូវជាកូនស្រីបង្កើតរបស់វីរយុទ្ធជន លោកអនុសេនីយ៍ឯក ពោ វៃ ឱ្យមានឱកាសបានមកបន្តការសិក្សានៅសាលា ប៊ែលធី អន្តរជាតិ មួយចប់កម្មវិធីសិក្សា ទាំងថ្នាក់ចំណេះទូទៅ (ថ្នាក់ទី១ ដល់ ថ្នាក់ទី១២) និងភាសាអង់គ្លេសទូទៅ (Starter ដល់ Level 12)។

ចំពោះ អាហារូបករណ៍ពិសេស នេះ រួមមាន៖
១-អាហារូបករណ៍ ១០០% សិក្សាមួយចប់កម្មវិធីទាំងថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ
២-ឯកសណ្ឋានថ្នាក់ចំណេះទូទៅ ចំនួន ២កំប្លេ និងអាវយឺត ចំនួន ១ ជារៀងរាល់ឆ្នាំ
៣-អាវយឺតថ្នាក់ភាសាអង់គ្លេស ចំនួន ២ ជារៀងរាល់វគ្គ
៤-សៀវភៅពុម្ពសិក្សាថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ ១ឈុត ជារៀងរាល់វគ្គ/ឆ្នាំ
៥-កញ្ចប់កម្មវិធីសិក្សាបន្ថែមថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ ជារៀងរាល់វគ្គ/ឆ្នាំ។

ក្នុង​ឱកាស​ដ៏​ក្រៀមក្រំ​នេះ លោក​បណ្ឌិតអគ្គនាយក ក៏​បាន​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​សោកសៅ​បំផុត​ជា​មួយ​ក្រុម​គ្រួសារ​ចំពោះ​ការ​ពលី​របស់ លោកអនុសេនីយ៍ឯក ពោ វៃ ។ ការ​ពលី​របស់ លោក​អនុសេនីយ៍ឯក គឺ​ជា​ការ​បាត់បង់​នូវ​វីរកង​ទ័ព​ដ៏​ក្លាហាន​ដែល​ហ៊ាន​លះបង់​គ្រប់​បែប​យ៉ាង សូម្បី​អាយុ​ជីវិត ដើម្បី​បុព្វហេតុ​ការពារ​ជាតិ​មាតុភូមិ និង​ទឹក​ដី​របស់​យើង​ឱ្យ​បាន​គង់វង្ស​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​គ្រប់ៗ​ជំនាន់​តរៀងទៅ។ ជាពិសេស គឺ​ជា​ការ​បាត់បង់​នូវ​ឧត្តមស្វាមី និង​លោក​ឪពុក​ប្រកប​ដោយ​ព្រហ្មវិហារធម៌ ដែល​តែង​តែ​ចិញ្ចឹម​បី​បាច់ ថែរក្សា និង​ទំនុក​បម្រុង​ក្រុម​គ្រួសារ​គ្រប់ពេលវេលាដោយមិនគិតពីការនឿយហត់។

សូម​លើក​ទឹក​ចិត្ត​ក្មួយស្រី ត្រូវ​ខិត​ខំ​សិក្សា​រៀនសូត្រ ដើម្បីអនាគតរបស់ក្មួយស្រីផ្ទាល់ ជាពិសេស​បំពេញ​បំណង​ប្រាថ្នា​របស់​លោកឪពុក និង​តប​ស្នងសង​គុណ​អ្នកម្តាយ ដែល​កំពុង​បី​បាច់​ថែរក្សា​ក្មួយ​សព្វ​ថ្ងៃនេះ។ សូមក្មួយ កុំបារម្ភ បើទោះបី លោកឪពុកក្មួយបានពលីក៏ពិតមែន តែក្មួយនៅមាន ម្តាយ ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោក​ជំទាវ​បណ្ឌិត រួមជាមួយ ថ្នាក់ដឹកនាំ បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលា ប៊ែលធី អន្តរជាតិទាំងអស់ ចាំជួយ​ទំនុក​បម្រុង​រហូត​ដល់​រៀន​ចប់​ចុង​ចប់​ដើម ចាប់​ពី​ថ្នាក់​ចំណេះ​ទូទៅ (K12) នេះ រហូត​ដល់​ថ្នាក់​ឧត្តមសិក្សា។

សូម​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​សព​វីរយុទ្ធជន លោក​អនុសេនីយ៍ឯក ពោ វៃ សូម​បាន​ទៅ​កាន់​សុគតិភព​កុំ​បី​ឃ្លៀងឃ្លាតឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម