Connect with us

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុងស្នើចិន ជួយទិញកសិផលកម្ពុជាបន្ថែម ដូចជាផ្លែមៀន ម្រេច ទុរេន

បានផុស

នៅ


ក្នុងជំនួបពិភាក្សាជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ស្នើឱ្យចិនជួយទិញកសិ​ផលកម្ពុជាបន្ថែមទៀតជាពិសេស ផ្លែមៀនប៉ៃលិន ម្រេច ទុរេន និងស្ករជាដើម។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបសន្ទនា និងរៀបចំអាហារការងារពេលព្រឹកជូនលោក វ៉ាង យី លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងអំណរគុណផងដែរចំពោះ រដ្ឋាភិបាលចិន ដែលបាននាំចូលកសិផលកម្ពុជាយ៉ាងច្រើន ជាពិសេស ៨ ខែដើមឆ្នាំនេះ នាំអង្ករបានចំនួន៦១៥.៦១២ តោន ចេកបានចំនួន២៧២.០២៣ តោន និងស្វាយបានចំនួន២១១តោន។

លោកថា នេះជាការរួមចំណែកដ៏ធំធេងដល់ប្រជាកសិករកម្ពុជា ជាពិសេសបានរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជា ក្នុងពេលជំងឺកូវីដ-១៩ នឹងជួយដល់ពលករ ដែលត្រលប់មកពីប្រទេសថៃ បានប្រកបការងារកសិកម្ម។ 

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានលើកឡើង ពីការរកពេលវេលាសមស្រប ដើម្បីរៀបចំការតាំងពិពណ៌អំពីពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសយើងទាំងពីរផងដែរ។ 

ក្នុងឱកាសនោះដែរ លោក វ៉ាង យី បានឆ្លើយតប ដោយលើកឡើងពីចំណុចមួយចំនួនរួមមាន: 
ទី១- ជម្រុញការសាងសង់ផ្លូវជាតិលេខ 71C។ 

ទី២- បញ្ជូនអ្នកបច្ចេកទេសមកសិក្សាផ្លូវជាតិលេខ៣ ដែលមានការខូចខាតប្រវែង២០ គីឡូម៉ែត្រ។ 

ទី៣- យកចិត្តទុកដាក់ និងជម្រុញបន្ថែមទៀតលើគម្រោងខ្សែកាបិ៍អុបទិកក្រោមបាតសមុទ្ររវាងទីក្រុងព្រះសីហនុ-ទីក្រុងហុងកុង។ 

ទី៤- ស្នើឱ្យសមត្ថកិច្ចកម្ពុជាជួយគ្រប់គ្រង Casino online ដើម្បីកុំប៉ះពាល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ខណៈលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អះអាងថា សម្តេចអគ្គមហាសេនាបតីតេជោសម្រេចលុបបំបាត់ Casino online នេះរួចហើយ តាំងពីឆ្នាំមុន៕

អត្ថបទៈ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម