ព័ត៌មានជាតិ
កម្ពុជាដាក់អនុវត្តសាកល្បង ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិក នៅតាមកំពង់ផែ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសដាក់ឱ្យប្រើប្រាស់សាកល្បងនូវប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ ហៅកាត់ Port EDI មានលក្ខណៈងាយស្រួលលឿនជាងការបំពេញបែបបទនាវាចូល-ចេញ តាមនីតិវិធីរដ្ឋបាលដោយដៃដែលមានភាពយឺតយ៉ាវ និងជួបប្រទះបញ្ហាប្រឈមផ្សេងៗ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាកល្បងនូវកំពង់ផែ Port EDI នៅព្រឹកថ្ងៃទី១៧ ខែសីហានេះថា ប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យនេះ មានភាពងាយស្រួល ក្នុងការគ្រប់គ្រងទាំងសកម្មភាពដឹកជញ្ជូន សកម្មភាពផ្ទេរទំនិញ និងការស្តុកទំនិញ។

លោកទេសរដ្ឋមន្ត្រី បានបន្តថា ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ Port EDI គឺជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចូលចេញនៅកម្ពុជា ដោយប្តូរពីការធ្វើការដោយដៃ មកធ្វើការលើប្រព័ន្ធស្វ័យប្រវត្តិកម្មវិញ សំដៅដល់ការគ្រប់គ្រងសេវាដឹកជញ្ជូនតាមផ្លូវទឹក ប្រកបដោយប្រសិទ្ធភាព តម្លាភាព ចំណេញពេលវេលា និងកាត់បន្ថយការចំណាយផ្សេងៗ ពោលគឺ លុបបំបាត់ការចំណាយក្រៅផ្លូវការកុំឱ្យមានការជួបគ្នារវាងអ្នកផ្តល់សេវា និងអ្នកទទួលសេវា ជាពិសេសបង្កើនការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ព្រមទាំងបង្កើនការធ្វើទំនើបកម្មកំពង់ផែកម្ពុជា ឱ្យស្របតាមកំពង់ផែទាំងឡាយនៅក្នុងតំបន់ និងសាកលលោក ដែលអាចទាក់ទាញឱ្យនាវានានាចូលចេញបានច្រើន និងជួយជំរុញដល់ការលូតលាស់សេដ្ឋកិច្ចជាតិឱ្យកាន់តែល្អប្រសើរថែមទៀត។

លោក ម៉ក់ ស៊ីដេត អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានឱ្យដឹងថា រហូតមកដល់បច្ចុប្បន្ន ប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យកំពង់ផែអេឡិចត្រូនិក Port EDI បានធ្វើការតភ្ជាប់ផ្លាស់ប្តូរទិន្នន័យជាមួយប្រព័ន្ធបញ្ជរតែមួយជាតិ ក្រុមហ៊ុននាវា និងភ្នាក់ងារនាវាបានរួចរាល់ នៅកំពង់ផែស្វយ័តភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនៅថ្ងៃអនាគត ក្រសួងអាចនឹងពង្រីកវិសាលភាពរបស់ប្រព័ន្ធនេះ ដោយដាក់បញ្ចូលកំពង់ផែផ្សេងទៀតរបស់កម្ពុជា។
យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ជារៀងរាល់ឆ្នាំនាវាបរទេសដែលចេញ-ចូលតាមកំពង់កំពង់ផែអន្តរជាតិធំៗពីរគឺ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានប្រមាណ ៦ ពាន់គ្រឿង ដោយកំពង់ផែទាំងពីរបានដំណើរការបែបបទនាវាចូលចេញតាមនីតិវិធីរដ្ឋបាលដោយដៃ ដែលងាយនឹងជួបប្រទះបញ្ហាប្រឈម នៅពេលដែលចំនួននាវា និងទំនិញមានការកើនឡើងនាពេលខាងមុខ ខណៈបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំពង្រីកសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុបន្ថែមទៀត ដែលនឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ ៦ ម៉ឺនតោន ឬស្មើនឹង ៩៣ ភាគរយ នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


