ព័ត៌មានជាតិ
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការសម្រេចចិត្តរបស់ភាគីប្រទេសថៃ ដែលបានប្រគល់វត្ថុបុរាណខ្មែរចំនួន ២០ ជូនដល់កម្ពុជាវិញ។ សម្តេចបានថ្លែងបែបនេះ នាឱកាសអញ្ជើញធ្វើសន្និសីទសារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នៅវិមានសន្តិភាព នាថ្ងៃទី ២៣ ខែមេសានេះ។

ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតី មានប្រសាសន៍ថា ចំពោះវិស័យវប្បធម៌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការសម្រេចចិត្តរបស់ប្រទេសថៃ ក្នុងការប្រគល់ជូនកម្ពុជាវិញនូវវត្ថុបុរាណខ្មែរចំនួន ២០ ដែលបានរឹបអូសពីក្រុមទុច្ចរិត។ សម្តេចបញ្ជាក់ថា៖«ការប្រគល់នេះ មិនត្រឹមតែជាវត្ថុបុរាណប៉ុណ្ណោះទេ ប៉ុន្តែជាដួងព្រលឹងបុព្វបុរសរបស់ខ្មែរ ដែលបានព្រាត់ប្រាសពីមាតុភូមិដោយសារសង្គ្រាមកន្លងទៅ»។
បើតាមសម្តេចធិបតី ប្រទេសថៃ នឹងប្រគល់វត្ថុបុរាណជូនកម្ពុជាវិញក្នុងសប្តាហ៍នេះ។ វត្ថុបុរាណទាំងនោះត្រូវបានជនទុច្ចរិតលួចចេញពីកម្ពុជាអំឡុងឆ្នាំ ១៩៨០-១៩៩០ លក់ទៅឱ្យបរទេស គ្រាពេលដែលខ្មែរកំពុងមានជម្លោះ។

បើតាមការចុះផ្សាយរបស់គេហទំព័រ Thai PBS កាលពីខែឧសភា ឆ្នាំ ២០២៤ វត្ថុបុរាណទាំង ២០ ដែលថៃព្រមប្រគល់ជូនកម្ពុជាវិញ គឺស្ថិតក្នុងចំណោមវត្ថុបុរាណចំនួន៤៣ ដែលរត់ពន្ធពីសិង្ហបុរី ចូលប្រទេសថៃ កាលពីឆ្នាំ២០០០។
ពាក់ព័ន្ធបញ្ហានេះដែរ អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ លោកស្រី Radklao Inthawong Suwankiri លើកឡើងថា គណៈរដ្ឋមន្ត្រី បានឯកភាពសំណើរបស់នាយកដ្ឋានវិចិត្រសិល្បៈ ប្រគល់វត្ថុបុរាណមកឱ្យកម្ពុជាវិញ ស្របតាមកិច្ចព្រមព្រៀងទ្វេភាគី កម្ពុជា-ថៃ។
តាមការបញ្ជាក់ពីលោកស្រី តាមពិតទៅមានវត្ថុបុរាណកម្ពុជាដល់ទៅ ៤៣ឯណោះដែលអាជ្ញាធរថៃ រឹបអូសបានពីអ្នករត់ពន្ធ ហើយក្រោយពេលនាយកដ្ឋានវិចិត្រសិល្បៈ ពិនិត្យជាក់លាក់ពីប្រភពដើម ក្នុងឆ្នាំ២០០៨និង២០១៥ ថៃ ក៏បានប្រគល់ឲ្យកម្ពុជានូវវត្ថុបុរាណចំនួន២៣រួចទៅហើយដែរ ទើបមកដល់ឆ្នាំ២០២៤នេះ ថៃ បានឯកភាពប្រគល់ចំនួន ២០ទៀត។
រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា ធ្លាប់មានប្រសាសន៍ថា ជាអកុសល ទោះបីជាមានកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាសេនាធិការ ដើម្បីការពារបេតិកភណ្ឌវប្បធម៌របស់យើងក៏ដោយ ក៏ការលួច និងការបំផ្លិចបំផ្លាញទីតាំងបុរាណវិទ្យានៅតែបន្ត។ ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរដោយខុសច្បាប់នៃ វត្ថុបុរាណដែលជាសម្បត្តិវប្បធម៌របស់ជាតិឱ្យមានប្រសិទ្ធភាព យើងត្រូវសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង និងលើកកម្ពស់ការសហការគ្នារវាងស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ និងប្រទេសនៅក្នុងតំបន់ក៏ដូចជាលើឆាកអន្តរជាតិ។

លោកស្រីបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការអន្តរជាតិនៅតែជាកត្តាដ៏មានសារៈសំខាន់បំផុត ដើម្បីទប់ស្កាត់ការជួញដូរដោយខុសច្បាប់នូវសម្បត្តិវប្បធម៌។ លោកស្រីបន្តថា ដោយឡែកព្រះរាជាណាចក្រកម្ពុជាបានពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ខ្លួនតាមរយៈការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយព្រះរាជាណាចក្រថៃឡង់ដ៍ សហរដ្ឋអាមេរិច ក៏ដូចជាមួយបណ្តាប្រទេស ផ្សេងៗទៀតជាច្រើន ដើម្បីអន្តរាគមន៍លើបញ្ហានេះ។
លោកស្រីបញ្ជាក់ថា៖«ការធ្វើការរួមគ្នា គឺជាគន្លឹះក្នុងការថែរក្សាបេតិកភណ្ឌសហគមន៍ និងសម្រាប់មនុស្សជាតិទាំងមូល ហើយកិច្ចសហប្រតិបត្តិការអន្តរជាតិក៏មានន័យថាធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងអង្គការអន្តរជាតិដូចជា អង្គការយូណេស្កូ ដើម្បីជួយដល់ប្រទេសរបស់យើង ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរដោយខុសច្បាប់ដូចជាការលួច ការនាំចេញ-នាំចូលសម្បត្តិវប្បធម៌»៕
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសាលាតិចណូ បង្កើតក្រុមការងារសហការជាមួយសមត្ថកិច្ចចាត់វិធានការចំពោះបុគ្គលប្រើប្រាស់សញ្ញាបត្រក្លែងក្លាយ


