ព័ត៌មានជាតិ
ពលរដ្ឋជាង៩០% ស្នើរដ្ឋាភិបាលចាត់វិធានការបន្ថែមទៅលើការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង
ប្រជាពលរដ្ឋច្រើនជាង ៩០% បានគាំទ្រឱ្យរាជរដ្ឋាភិបាលកំហិតការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ទម្រង់ដើម្បីកាត់បន្ថយនូវហានិភ័យរួមមាន បញ្ហាសុខភាព ខាតបង់ថវិកា គ្រោះថ្នាក់ចរាចរណ៍ បាត់បង់ការងារ ឬធ្វើការងារមិនពេញលេញ បោះបង់ការសិក្សាឬការសិក្សាចុះខ្សោយ និងមានទំនាស់ក្នុងគ្រួសារជាដើម។ នេះយោងតាមការសិក្សារបស់រាជបណ្ឌិត្យសភាកម្ពុជាចេញផ្សាយនៅព្រឹកថ្ងៃទី២៤ខែមេសានេះ។

យោងតាមការសិក្សារបស់រាជបណ្ឌិត្យសភាកម្ពុជា ស្ដីពីទស្សនៈសាធារណជនទៅលើការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង បានលើកឡើងនូវការស្នើសុំមួយចំនួនរបស់ពលរដ្ឋរួមមាន៖
• ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគួរមានតែឈ្មោះ និងម៉ាកស្រាបៀរតែប៉ុណ្ណោះ កុំឱ្យមានសារ ឬរូបភាពអូសទាញពង្វក់
• មិនឱ្យតារា ឬអាយដុល (Idol) របស់កុមារនិងយុវជន ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង
• មិនឱ្យដាក់រង្វាន់ទាក់ទាញឱ្យប្រើប្រាស់គ្រឿងស្រវឹង
• មិនឱ្យផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែងប្រកួតកីឡា
• ដក/ទម្លាក់ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមដងផ្លូវសាធារណៈ ឬតាមមុខផ្ទះប្រជាពលរដ្ឋ ដូចដែលរដ្ឋបាលខេត្តភាគច្រើនបានធ្វើកន្លងមក។

ប្រជាជនកម្ពុជា ទាំងអ្នកសេព និងអ្នកមិនសេពគ្រឿងស្រវឹង ទទួលស្គាល់នូវឥទ្ធិពលនៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មកលើការសម្រេចចិត្តរបស់ពួកគាត់។ ក្នុងនោះ លើសពី ៩០% យល់ថា ការផ្សាយពាណិជ្ជកម្មជំរុញឱ្យមានការសេពគ្រឿងស្រវឹង បង្កើនចំនួនអ្នកសេពគ្រឿងស្រវឹង ឱ្យចង់សាកសេពគ្រឿងស្រវឹង និងធ្វើឱ្យមានអ្នកចាប់ផ្ដើមប្រើប្រាស់គ្រឿងស្រវឹងក្នុងវ័យកាន់តែក្មេង។

កន្លងមក បើទោះបីរាជរដ្ឋាភិបាលបានបានដាក់ចេញនូវវិធានការ ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងក៏ដោយ យើងសង្កេតឃើញថា វិធានការមួយចំនួនដូចជាមិនទាន់ចាក់ចំគន្លឹះ ដែលអាចការពារ ឬកាត់បន្ថយហានិភ័យនៃការប្រើប្រាស់គ្រឿងស្រវឹង។
ជាក់ស្តែង ភាគរយនៃអ្នកសេពគ្រឿងស្រវឹងជោគជាំ បានកើនពី១២%នៅឆ្នាំ២០១៦ ដល់៥២%នៅឆ្នាំ២០២៣ ក្នុងចំណោមបុរស និងកើនឡើង៣ដងក្នុងចំណោមស្រ្តី នេះបើយោងតាមរបាយការណ៍ការអង្កេតកត្តាហានិភ័យជំងឺមិនឆ្លង ២០២៣។

ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគឺជាកត្តាចម្បងដែលជំរុញឱ្យមានការកើនឡើងនៃការប្រើប្រាស់បែបនេះ តាមរយៈការផ្ដល់រង្វាន់ច្រើនលើសលប់ទៅដល់អតិថិជនដូចជា រង្វាន់ឡាន ម៉ូតូ លុយសុទ្ធ មាសសុទ្ធ និងរង្វាន់ជាច្រើនទៀត។ លើសពីនេះ ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងបានផ្សារភ្ជាប់ជាមួយតារាល្បីៗដែលមានអ្នកគ្រាំទ្ររាប់ពាន់នាក់ មកផ្សាយគ្រឿងស្រវឹង ដែលយុទ្ធសាស្រ្តទាំងនេះ សុទ្ធតែជំរុញអ្នកគាំទ្ររបស់ពួកគេ ដែលភាគច្រើនជាកុមារ និងក្មេងវ័យជំទង់ ឱ្យនាំគ្នាធ្វើត្រាប់តាមភ្លក់ទឹកភ្លក់ដី និងចាប់ផ្ដើមប្រើប្រាស់គ្រឿងស្រវឹងនៅវ័យក្មេង។

ការអង្កេតក៏បានរកឃើញថា ប្រជាជនទូទៅ សុទ្ធតែធ្លាប់ទទួលរងនូវបញ្ហាសុខភាព ខាតបង់ថវិកា គ្រោះថ្នាក់ចរាចរណ៍ បាត់បង់ការងារ ឬធ្វើការងារមិនពេញលេញ បោះបង់ការសិក្សាឬការសិក្សាចុះខ្សោយ មានទំនាស់ក្នុងគ្រួសារ ការរំខានស្រែកឡូឡាពីអ្នកសេពគ្រឿងស្រវឹង មានអារម្មណ៍ភ័យខ្លាច ឬគ្មានសុវត្ថិភាព អំពើហិង្សាលើរាងកាយនិងការសម្លុតគម្រាម ជាដើម។

សូមបញ្ជាក់ផងដែរថា ការផ្សព្វផ្សាយលទ្ធផលនៃការសិក្សានេះធ្វើឡើងនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៥ នៅរាជបណ្ឌិត្យសភាកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


