Connect with us

ព័ត៌មានជាតិ

ខេត្ត​ព្រះវិហារ​មាន​ម៉ាស៊ីនផលិត​ខ្យល់​អុកស៊ី​សែន ​មិន​ចាំបាច់ទិញពីគេដូចមុនទៀត

បានផុស

នៅ

អគារនិងម៉ាស៊ីនផលិតខ្យល់អ៊ុកស៊ីសែន នៅក្នុងមន្ទីរពេទ្យបង្អែក ១៦ មករា ខេត្តព្រះវិហារ ដែលជាជំនួយរបស់សហរដ្ឋអាមេរិក អាចផលិតអុកស៊ីសែនបានចំនួន ៣០០លីត្រក្នុងមួយនាទី ដែលនឹងជួយផ្គត់ផ្គង់នៅមន្ទីរពេទ្យប្រើប្រាស់បានគ្រប់គ្រាន់មិនចាំបាច់ទិញពីគេដូចមុនទៀត។

អគារនិងម៉ាស៊ីនផលិត ខ្យល់អ៊ុកស៊ីសែនដែលជាអំណោយរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៏អន្តរជាតិ(US AID) តាមរយៈអង្គរការ UNICEF ត្រូវបានសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការ​កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ដោយ​លោកស្រីវេជ្ជបណ្ឌិតឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេសនិងលោក John Eyres តំណាងឯកអគ្គរដ្ឋទូតសហរដ្ឋ អាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គីម រិទ្ធី អភិបាលខេត្ឯព្រះវិហារបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលសហរដ្ឋអាមេរិក និងសប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភម៉ាស៊ីនផលិតអ៊ុកស៊ីសែន និងអគារសម្រាប់ម៉ាស៊ីនផលិតខ្យល់អ៊ុកស៊ីសែនដល់ខេត្តព្រះវិហារបានប្រើប្រាស់ក្នុងការជួយសង្គ្រោះដល់អ្នកជំងឺ។

លោកអភិបាលខេត្តបានសំណូមពរឲ្យថ្នាក់ដឹកនាំមន្ទីរសុខាភិបាលត្រូវយកចិត្តទុកដាក់ថែរក្សា នូវសមិទ្ធផលដែលទទួលបាននេះ ធ្វើយ៉ាងណាប្រើប្រាស់ឱ្យមានប្រសិទ្ធភាព បានយូរអង្វែង និងសូមឱ្យលោកគ្រូ អ្នកគ្រូពេទ្យ បន្តប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ឱ្យស័ក្តិសមនឹងគោរមងារ ជាវីរៈកងទ័ព​អាវ ស ដែលមានន័យថា ត្រូវមានចិត្តស្មោះត្រង់ សប្បុរស និងគុណធម៌ជាប់ជានិច្ច។

បើតាមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ឯកឧត្តម W. Patrick Murphy មានប្រសាសន៍ថា «ម៉ាស៊ីននេះនឹងបំពេញតម្រូវការផលិតអុកស៊ីសែនសម្រាប់សេវាសំខាន់ៗ ដូចជា ការព្យាបាលអ្នកជំងឺកូវីដ-១៩ ការតាមដាន និងការព្យាបាលជំងឺសង្គ្រោះបន្ទាន់។ វាជាផ្នែកមួយក្នុងទឹកប្រាក់ជាង ១៦ លានដុល្លារ នៅក្នុងការគាំទ្ររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះការឆ្លើយតបរបស់កម្ពុជាលើជំងឺ រាតត្បាត និងជាឧទាហរណ៍ ដែលបង្ហាញនៃចំណងទាក់ទងដ៏រឹងមាំនៃប្រទេសទាំងពីររបស់យើង»។

មន្ទីរពេទ្យបង្អែកខេត្ត ១៦ មករា បានបម្រើដល់ស្រុកចំនួន ៧ ដែលមានប្រជាជនប្រមាណជាង ២៨ ម៉ឺននាក់។ បន្ថែមពីលើការផ្តល់ការគាំទ្រ យ៉ាងសំខាន់សម្រាប់ការថែទាំអ្នកជំងឺកូវីដ-១៩ ការផ្គត់ផ្គង់អុកស៊ីសែន ដែលអាចជឿទុកចិត្តនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សហគមន៍ដែលពឹងផ្អែក លើសេវាព្យាបាលរបស់មន្ទីរពេទ្យ។

លោកស្រី Foroogh Foyouzat តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា បានថ្លែងថា  «អុកស៊ីសែន អាចធ្វើឱ្យមានភាពខុសគ្នារវាងជីវិត និងសេចក្តីស្លាប់។  នេះជាមូលហេតុ ដែលអង្គការ យូនីសេហ្វ កំពុងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកែលម្អការផ្គត់ផ្គង់អុកស៊ីសែន និងហេដ្ឋា រចនាសម្ព័ន្ធ ទន្ទឹមនឹងការកសាងសមត្ថភាពបុគ្គលិកសុខាភិបាលក្នុងការប្រើប្រាស់វា»។

ម៉ាស៊ីនផលិតអុកស៊ីសែន ជាម៉ាស៊ីនដែលអាចផលិតអុកស៊ីសែនចំនួន៣០០លីត្រក្នុងមួយនាទី(LPM) ជាមួយនឹងស្ថានីយ៍ផ្ទុកដែលមានបំពង់ស៊ីឡាំង និងតភ្ជាប់ទៅបំពង់អុកស៊ីសែនរបស់មន្ទីរពេទ្យ។ ជាលទ្ធផលគម្រោងនេះ នឹងជួយមន្ទីរពេទ្យឈប់ទិញបំពង់អុកស៊ីសែនពីអ្នកផ្គត់ផ្គង់ឯកជនបញ្ជូនបំពង់អុកស៊ីសែន របស់ខ្លួនទៅកាន់ទីតាំងឆ្ងាយៗ សម្រាប់បំពេញឡើងវិញទ្បើយ។ វានឹងជួយសន្សំសំចៃពេលវេលា ថវិកា និងកាត់បន្ថយការប្រឈមនឹងកង្វះអុកស៊ីសែន ដែលបង្កគ្រោះថ្នាក់ដល់ការព្យាបាលអ្នកជំងឺ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

Sokha Hotels

ព័ត៌មានពេញនិយម