ព័ត៌មានជាតិ
អ្នកជំនាញនាយកដ្ឋានអភិរក្សប្រាសាទ ជួយសង្គ្រោះប្រាសាទខ្នារផ្ទោលឡើងវិញ
អ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងជួយសង្គ្រោះប្រាសាទខ្នារផ្ទោលឡើងវិញ ដើម្បីឲ្យគេចផុតពីការបាត់បង់ទៅថ្ងៃមុខ តាមរយៈមធ្យោបាយជួយសង្គ្រោះបន្ទាន់ដោយប្រើប្រាស់បច្ចេកទេសទល់ទ្ រនិងជួសជុលពង្រឹងរចនាសម្ពន្ធឥដ្ឋដោយផ្នែកនីមួយៗ។

លោក តាន់ សុផល អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា សំណង់ប្រាសាទខ្នារផ្ទោលគឺជាមរតកបេតិកភណ្ឌជាតិដែលមានតម្លៃខ្លាំង ត្រូវយកចិត្តទុកដាក់ថែរក្សានិងការពារកម្រិតខ្ពស់ ព្រោះវាកំពុងស្ថិតនៅរូបរាងច្បាស់លាស់ដែលអាចឲ្យភ្ញៀវទេសចរទស្សនា និងស្វែងយល់បានច្បាស់អំពីសំណង់ស្ថាបត្យកម្មខ្មែរ ព្រមទាំងប្រវត្តិនានាទាក់ទងទៅនឹងសិល្បៈនៃការសាងសង់ប្រសាទនេះឡើងនាសម័យអតីតកាល។

កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ មួយផ្នែកត្រង់រចនាសម្ពន្ធរបស់ខ្លោងទ្វារខាងកើតនៃប៉មខាងត្បូងរួមមាន ផ្ដែរ សសរពេជ្របានរលុះចេះពីទីតាំងដើម ដោយសារកត្តាធម្មជាតិ។ ចំណែកស្រទាប់ឥដ្ឋដែលសេសសល់ស្ថិតនៅខាងលើផ្ដែរ ក៏កំពុងប្រឈមនឹងការបន្តរលុះនាពេលបន្តខាងមុខ។ ហេតុដូចនេះហើយបានជាអាជ្ញាធរជាតិអប្សរាខិតខំប្រឹងប្រែងរកវិធីទប់ស្កាត់និងជួយសង្គ្រោះជាបន្ទាន់ ដោយប្រើប្រាស់បច្ចេកទេសទប់ទ្រជាបណ្ដោះអាសន្ននៅត្រង់ខ្លោងទ្វារ ខាងកើត ដើម្បីជួយកាត់បន្ថយរាលហានិភ័យទាំងនោះ និងអាចមានពេលវេលាគ្រប់គ្រាន់សម្រាប់សិក្សាសម្អិតអំពីកម្រិតខូចខាតទាំងមូល រួមទាំងរៀបចំកម្មវិធីអភិរក្ស ហើយជួសជុលសម្រាប់រយៈពេលវែងក្នុងឆ្នាំ២០២៣ ឬឆ្នាំ២០២៤ ខាងមុខនេះ។

លោក តាន់ សុផល បានបន្តទៀតថា បច្ចុប្បន្នក្រុមអ្នកបច្ចេកទេសខ្មែរនៃអាជ្ញាធរជាតិអប្សរា កំពុងប្រតិបត្តិផ្នែកអភិរក្សប្រាសាទនេះឡើងវិញ ក្នុងដំណាក់កាលទី២បន្ទាប់ពីធ្វើការទល់ទ្របឋមរួចរាល់កន្លងមក ក្នុងនោះកិច្ចការសង្គ្រោះបន្ទាន់ គឺនឹងរៀបចំជួសជុលសសរពេជ្រដែលបាក់បែកទាំងសងខាង ដើម្បីមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ដំឡើងថ្មផ្តែរដាក់នៅត្រង់ទីតាំងដើមវិញក្នុងស្ថានភាពមានសុវត្ថិភាពគ្រប់គ្រាន់ រួមទាំងជួសជុលជញ្ជាំងឥដ្ឋ និងសសរផ្អោបទាំងពីរនៅខ្លោងទ្វារខាងកើតនៃប៉មខាងត្បូង។ បែបនេះហើយបានជា អ្នកជំនាញត្រូវបន្តសិក្សាលម្អិតអំពីប្រវត្តិសាស្ត្រនៃសំណង់ប្រាសាទខ្នារ ផ្ទោល នឹងបន្តអនុវត្តដោយបង្កើតឱ្យមានកម្មវិធីកំណាយស្រាវជ្រាវ ផ្នែកបុរាណវិទ្យា ពិនិត្យរាល់ស្លាកស្នាមនានាទាំងចម្លាក់វត្ថុសិល្បៈ និងភស្តុតាងដទៃ ទៀតសម្រាប់ជាអំណះអំណាងបញ្ជាក់អំពី ប្រវត្តិនៃសំណង់ពិតប្រាកដ។ ម្យ៉ាងវិញទៀត ប្រាសាទនេះ បច្ចុប្បន្នស្ថិតនៅដាច់ស្រយាលចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ ភាគខាងជើងឈៀងខាងលិច ពីទីរួមខេត្តសៀមរាប និងឆ្ងាយពីទីប្រជុំ ជននៃស្រុកវ៉ារិន ហើយកន្លងមក ការថែទាំ និងអភិរក្សពុំទាន់បានអនុវត្តគ្រប់ជ្រុងជ្រោយនៅឡើយ ហើយ បច្ចុប្បន្នគេសង្កេតឃើញថា រចនាសម្ពន្ធរបស់ប៉មថ្ម និងប៉មឥដ្ឋទាំងមូលរងការខូចខាតធ្ងន់ធ្ងរ ដោយសាររុក្ខជាតិតូចធំជាច្រើនដុះលើប៉មប្រាសាទ និងមានបញ្ហា ទទួលនូវជម្រាបទឹកជាប្រចាំបណ្តាលឱ្យរចនាសម្ពន្ធប្រាសាទរងនូវការខូចទ្រង់ទ្រាយដោយផ្នែកៗ។

គួរបញ្ជាក់ផងថា ប្រាសាទខ្នារផ្ទោលជាប្រាសាទសង់អំពីឥដ្ឋ និងថ្មបាយក្រៀមមានចំនួន២ប៉ម ដោយប៉មនីមួយៗមានទំហំទទឹង ៤ម៉ែត្រ បណ្ដោយ ៦ម៉ែត្រ និងកម្ពស់ ៦ម៉ែត្រ ឈរទន្ទឹមគ្នា ជើង ត្បូងនៅលើរចនាសម្ព័ន្ធបុរាណ ថែមទាំងមានសិន្ធុទឹកព័ទ្ធជុំវិញ៕
ដោយ៖ ឌឿនចាន់ ថារី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


