ព័ត៌មានជាតិ
តើដឹងថា ខេត្តក្រុងទាំង ២៥ មានសេសសល់សំណង់ប្រាសាទបុរាណអីខ្លះ?
ប្រទេសកម្ពុជាមានបន្សល់ទុកសំណង់ប្រាសាទបុរាណជាច្រើននៅទូទាំងប្រទេស។ តាមមន្រ្តីមន្ទីរវប្បធម៌ខេត្តក្រុងទាំង ២៥ ដែលកម្ពុជាថ្មីបានសាកសួរកន្លងទៅឃើញថា មានប្រាសាទបុរាណជិត ១ ពាន់ កន្លែងដែលនៅសេសសល់រូបរាង ក្នុងនោះខេត្តដែលមានសំណង់ប្រាសាទនៅសល់រូបរាងច្រើនជាងគេគឺនៅខេត្តព្រះវិហារ កំពង់ធំ និងនៅខេត្តសៀមរាប។
ខេត្តសៀមរាប
អតីតអភិបាលខេត្តសៀមរាបបានបញ្ជាក់ថា នៅក្នុងខេត្តសៀមរាបមានប្រាសាទបុរាណជាង ៧០០ ដោយរាប់បញ្ចូលទាំងប្រាសាទជាង ១០០ នៅតំបន់រមណីយដ្ឋានអង្គរ។
ថ្លែងនៅក្នុងសន្និសីទជោគជ័យរបស់រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃ ២៩ មីនា ឆ្នាំ ២០២៣ លោក ទៀ សីហា អតីតអភិបាលខេត្តសៀមរាបបានបញ្ជាក់ថា ទូទាំងខេត្តសៀមរាបមានប្រាសាទជាង ៧០០ ប្រាសាទ ក្នុងនោះគ្រាន់តែនៅក្នុងតំបន់រមណីយដ្ឋានអង្គរមានជាង ១០០ ប្រាសាទ។

ប្រាសាទអង្គរវត្ត
បើលោក ទៀ សីហា តួលេខប្រាសាទនៅក្នុងខេត្តសៀមរាបអាចច្រើនបន្ថែមទៀត ខណៈនៅមានប្រាសាទមួយចំនួនទៀតដែលមិនទាន់បានស្រាវជ្រាវនិងកត់ត្រានៅឡើយ។
ចុចអាន៖ ឯកសារបង្ហាញថា ជុំវិញឧទ្យានអង្គរមានប្រាសាទជិត ១០០ សម្រាប់ភ្ញៀវទស្សនា
ខេត្តកំពង់ធំ
បើតាមមន្រ្តីមន្ទីរវប្បធម៌ខេត្តកំពង់ធំបានឲ្យកម្ពុជាថ្មីដឹងថា នៅទូទាំងខេត្តកំពង់ធំនៅសេសសល់សំណង់ប្រាសាទបុរាណចំនួន ៤២១ កន្លែងទាំងតូចទាំងធំ និងមានប្រាសាទថ្មីៗមួយចំនួនទៀត ទើបត្រូវបានក្រុមអ្នកស្រាវជ្រាវកកាយរកឃើញបន្តបន្ទាប់។
លោក ហ៊ឺន សោភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំបានឲ្យដឹងថា ប្រាសាទនៅក្នុងខេត្តកំពង់ធំ សាងសង់តាំងពីសតវត្សទី ៦ អំពីឥដ្ឋ ថ្មភក់ ថ្មបាយក្រៀម ដែលប្រាសាទខ្លះនៅសល់រូបរាង ខ្លះមានការខូចខាតសល់តែគ្រឹះប៉ុណ្ណោះ។

ប្រាសាទសំបូរព្រៃគុក
ប្រាសាទច្រើនរាប់រយនេះ បើតាមមន្រ្តីវប្បធម៌ខេត្តកំពង់ធំអះអាងថា មានប្រាសាទតិចតួចប៉ុណ្ណោះដែលពលរដ្ឋខ្មែរទូទៅបានស្គាល់។
ប្រាសាទសំបូរព្រៃគុក ជាក្រុមប្រាសាទដែលត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោក ដែលមានប្រាសាទសរុប ២៩៣ ប្រាសាទ ខណៈដែលក្រុមអ្នកជំនាញបុរាណបានរុករកឃើញគ្រឹះប្រាសាទថ្មីៗមួយចំនួនទៀត នៅតំបន់សំបូរព្រៃគុក។
លោក ហ៊ឺន សោភ័ណ បានបញ្ជាក់ថា ក្នុងចំណោមប្រាសាទជាង ៤០០ នៅទូទាំងខេត្តកំពង់ធំ ប្រាសាទដែលនៅសល់រូបរាងពី ៤០ ភាគរយ ទៅ ៨០ ភាគរយ មានជាង ៦០ ប្រាសាទ។ ក្រៅពីនោះមានការខូចខាតច្រើន ហើយខ្លះនៅសល់តែគ្រឹះប៉ុណ្ណោះ។
ខេត្ត ព្រះវិហារ
ខេត្តព្រះវិហារ ជាខេត្តមួយដែលស្តុកស្តម្ភដោយសំណង់ប្រាសាទបុរាណ។ ប្រធានមន្ទីរវប្បធម៌ខេត្តព្រះវិហារ លោក នៅ ចាន់គង់ បានប្រាប់កម្ពុជាថ្មីថា ខេត្តព្រះវិហារមានសំណង់ប្រាសាទបុរាណចំនួន ២៤៨ ទីតាំងរាយប៉ាយគ្រប់ស្រុក។ ក្នុងចំណោមប្រាសាទទាំង ២៤៨ នៅសល់រូបរាងមានជាង ៧០ ភាគរយ។

ប្រាសាទព្រះវិហារ
ខេត្តឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យស្ថិតនៅទិសឧត្តរ មានភូមិសាស្រ្តជាប់ខេត្តសុរិនរបស់ថៃ មានប្រាសាទបុរាណដែលនៅសល់រូបរាងចំនួន ១៣ កន្លែង។ នេះបើតាមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ។

ប្រាសាទតាមាន់

ប្រាសាទតាមាន់ តាក្របី ជាប្រាសាទបុរាណខ្មែរដែលនៅកៀកខ្សែបន្ទាត់ព្រំដែនថៃបំផុត ដែលកន្លងទៅធ្លាប់មានការប៉ះទង្គិចគ្នាដោយអាវុធ ខណៈប្រាសាទទាំងពីរនេះស្ថិតក្នុងដែនអធិបតីភាពរបស់ប្រទេសកម្ពុជា។
ក្រៅពីប្រាសាទបុរាណដែលនៅមានរូបរាងចំនួន ១៣ កន្លែង ខេត្តឧត្តរមានជ័យនៅមានសំណង់ស្ពានបុរាណរាប់សិបកន្លែងទៀត។
ប្រាសាទទាំំង ១៣ កន្លែង ដែលនៅសេសសល់នៅទឹកដីខេត្តឧត្តរមានជ័យមាន៖
១/ ក្រុងសំរោង
-ប្រាសាទល្បើក (ស្មោច)
២/ស្រុកចុងកាល់
-ប្រាសាទព្រហ្មកិល
-ប្រាសាទព្រៃនគរ
-ប្រាសាទចេកក្បូរ
-ប្រាសាទត្រពាំងអំពិល
៣/ ស្រុកត្រពាំងប្រាសាទ
-ប្រាសាទត្រពាំងប្រាសាទ (ត្បូង)
-ប្រាសាទត្រពាំងប្រាសាទ (ជើង)
-ប្រាសាទតាតុញ
-ប្រាសាទអូរស្វាយ
៤/ ស្រុកបន្ទាយអំពិល
-ប្រាសាទចាន
-ប្រាសាទតាមាន់ធំ
-ប្រាសាទតាក្របី
-ប្រាសាទគុក
ខេត្តបន្ទាយមានជ័យ

ប្រាសាទបន្ទាយឆ្មារ
មន្ទីរវប្បធម៌ខេត្តបន្ទាយមានជ័យ បានស្រាវជ្រាវរកឃើញមានស្ថានីយបុរាណចំនួន ៩១១ កន្លែង រួមទាំងប្រាសាទដែលនៅមានរូបរាងចំនួន ៣២ កន្លែង។ ប្រាសាទទាំង ៣២ កន្លែងមាននៅតាមស្រុកមួយចំនួនដូចជា៖
១/ ក្រុងសិរីសោភ័ណ្ឌមាន ០១ កន្លែង
-ប្រាសាទភ្នំកងវ៉ា
២/ ស្រុកថ្មពួកមាន ២០ កន្លែង៖
-ប្រាសាទបន្ទាយឆ្មារ
-ប្រាសាទតាស៊ឹម
-ប្រាសាទយាជូន
-ប្រាសាទយាយតុំ
-ប្រាសាទចិញ្ចឹមត្រី
-ប្រាសាទតាណែម
-ប្រាសាទសំណាងតាសុខ
-ប្រាសាទតាប្លាំង
-ប្រាសាទតាព្រហ្ម
-ប្រាសាទមេបុណ្យ (កើត)
-ប្រាសាទបន្ទាយទ័ព
-ប្រាសាទតុប
-ប្រាសាទប្រុស
-ប្រាសាទត្រពាំងមម៉ាំង
-ប្រាសាទល្បើកល្វា
-ប្រាសាទក្រហម
-ប្រាសាទពន្លាក់
-ប្រាសាទកូនដំរី
-ប្រាសាទដំបូក
-ប្រាសាទមេបុណ្យ (ជើង)
៣/ ស្រុកស្វាយចេក មាន ០៦ កន្លែង
-ប្រាសាទភាស
-ប្រាសាទបន្ទាយព្រាវ
-ប្រាសាទគុក
-ប្រាសាទល្បើកស្វាយ
-ប្រាសាទល្បើកអំពិល
-ប្រាសាទសំរោង
៤/ ស្រុកព្រះនេត្រព្រះ មាន ០៣ កន្លែង៖
-ប្រាសាទប្រាំ
-ប្រាសាទចាអើ
-ប្រាសាទចេតិយ៍
៥/ ស្រុកភ្នំស្រុក មាន ០២ កន្លែង
-ប្រាសាទភ្នំកូនខ្លែង
-ប្រាសាទសំរោង
ខេត្តបាត់ដំបង
ជាខេត្តផលិតស្រូវដ៏ធំមួយ ខេត្តបាត់ដំបងក៏នៅសេសសល់សំណង់ប្រាសាទបុរាណមួយចំនួន រួមទាំងផ្ទះខ្មែរបុរាណ វត្តចំណាស់ៗ ក៏ដូចជាសំណង់អគារសាងសង់សម័យអាណានិគម។

ប្រាសាទឯកភ្នំ
លោក គឹម សោភ័ណ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបាត់ដំបងបានប្រាប់កម្ពុជាថ្មីថា ខេត្តបាត់ដំបងក៏ជាទីតាំងភូមិសាស្ត្រដែលសម្បូរទៅសំណង់បេតិកភណ្ឌជាតិមានប្រាសាទបុរាណ ផ្ទះខ្មែរអាយុរាប់រយឆ្នាំ ក៏ដូចជាសំណង់អាគារចាស់ៗបន្សល់ពីសម័យអាណានិគមបារាំង។
ពាក់ព័ន្ធសំណង់ប្រាសាទបុរាណក្នុងខេត្តដែលនៅសេសសល់រូបរាងល្អមានចំនួន ៤ មានប្រាសាទស្នឹង ប្រាសាទបាណន់ ប្រាសាទបាសែត និងប្រាសាទឯកភ្នំ។
ក្រៅពីប្រាសាទបុរាណ ខេត្តមានសំណង់បេតិកភណ្ឌជាច្រើន មានវត្តបុរាណចំនួន ១៣៩ កន្លែង ទួលបុរាណជាង ៥០០ កន្លែង សំណង់អាគារសម័យបារាំង ៨២៦ កន្លែង រួមទាំងផ្ទះខ្មែរបុរាណជាង ១០០ កន្លែង និងរាប់រយទៀតដែលមិនទាន់ស្រាវជ្រាវអស់។
ខេត្តព្រៃវែង
ខេត្តព្រៃវែងនៅសេសសល់សំណង់ប្រាសាទបុរាណចំនួនពីរ កសាងឡើងតាំងពីមុនសម័យអង្គរ។

ប្រាសាទព្រះវិហារច័ន្ទ
ប្រាសាទព្រះវិហារច័ន្ទ និងប្រាសាទចៅស្រុក គឺជាប្រាសាទបុរាណដែលនៅសេសសល់រូបរាង ដែលប្រាសាទទាំងពីរនេះកសាងឡើងមុនសម័យអង្គរ។
បើតាមលោកប្រធានមន្ទីរ សំណង់ប្រាសាទទាំងពីរនៅសល់រូបរាង ៧០ ទៅ ៨០ ភាគរយ ហើយតែងតែមានភ្ញៀវមកទស្សនាជាហូរហែ។
ខេត្តកណ្តាល
ខេត្តកណ្តាលដែលនៅជាប់រាជធានីភ្នំពេញ មិនសូវសម្បូរសំណង់ប្រាសាទបុរាណដូចបណ្តាខេត្តនៅតំបន់ភាគខាងជើងនោះទេ។ យ៉ាងណាមិញ មានសំណង់ប្រាសាទបុរាណចំនួនពីរគួរឲ្យចាប់អារម្មណ៍ដែលនៅសេសសល់ក្នុងខេត្តកណ្តាលគឺប្រាសាទស្រីគ្រប់ល័ក្ស ដែលនៅភ្នំប្រសិទ្ធក្នុងស្រុកពញាឮ និងប្រាសាទរកាជន្លឹង ស្ថិតនៅស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល។

ប្រាសាទស្រីគ្រប់ល័ក្ស
ប្រាសាទស្រីគ្រប់ល័ក្ស តែងមានភ្ញៀវទេសចរទៅលេងជាហូរហែ។ ចំណែកប្រាសាទរកាជន្លឹងនៅស្រុកខ្សាច់កណ្តាល ភ្ញៀវទេសចរមិនសូវស្គាល់ច្រើនតែជិះហួសទៅហួស។
ប្រាសាទស្រីគ្រប់ល័ក្ស កសាងឡើងតាមរចនាបថសំបូរព្រៃគុហ៍តាំងពីសតវត្សទី ៧ ដែលប្រាសាទនេះធ្វើពីឥដ្ឋ មានការខូចខាតខ្លះៗតែនៅតែរក្សារូបរាងអាចភ្ញៀវទស្សនាបាន។
ដោយឡែកប្រាសាទរកាជន្លឹងនៅស្រុកខ្សាច់កណ្ដាលវិញ មានទីតាំងនៅក្នុងវត្តភ្ញៀវមិនសូវចាប់អារម្មណ៍។ ប្រាសាទនេះមានប្រាង្គចំនួន៣ ធ្វើពីថ្មបាយក្រៀម ដែលប្រាង្គខាងត្បូង និងកណ្ដាលនៅសល់រូបរាង និងប្រាង្គខាងជើងបានបាក់រលំ។
ខេត្តក្រចេះ
បើតាមលោក ទេព វាសនា ប្រធានមន្ទីរវប្បធម៌ខេត្តក្រចេះបានប្រាប់កម្ពុជាថ្មីឲ្យដឹងថា អតីតរាជធានីចេនឡាដីគោកនេះ នៅសេសសល់ប្រាសាទបុរាណតែពីរប៉ុណ្ណោះដែលនៅរូបរាង ក្រៅពីនេះបាក់បែកអស់ហើយ។

ប្រាសាទព្រះធាតុក្វាន់ពីរ ឬក្វាន់ពីរ
ប្រាសាទព្រះធាតុក្វាន់ពីរ ឬក្វាន់ពីរ ជាប្រាសាទមួយដែលនៅសល់រូបរាងល្អច្រើន បើធៀបនឹងប្រាសាទដែលនៅសេសសល់តិចតួច។ ប្រាសាទសង់ពីឥដ្ឋនេះ មានក្បូរក្បាច់រចនាល្អ មានសិលាចារឹកដែលបន្សល់ទុកនៅប្រាសាទផងដែរ។
ដោយឡែកប្រាសាទបន្ទាយសៀម ដែលរកឃើញនៅតំបន់ព្រៃឡង់ តួប្រាសាទខូចខាតស្ទើរទាំងស្រុងនៅតែប្រាង្គតិចតួច ហើយស្ថានភាពផ្លូវពិបាកធ្វើដំណើរទៅដល់។
ក្រៅពីប្រាសាទព្រះធាតុក្វាន់ពីរ ឬក្វាន់ពីរ និងប្រាសាទបន្ទាយសៀម ចំណែកប្រាសាទល្បើកស្រុត គឺមានតែគ្រឹះមិនអាចហៅជាប្រាសាទទៀតនោះទេ។
ខេត្តកំពង់ចាម

ប្រាសាទនគរបាយជ័យ
ខេត្តកំពង់ចាមសល់ប្រាសាទ ១៧ ទីតាំង ខ្លះសង់តាំងពីសម័យនគរភ្នំនិងចេនឡា។ បើតាមប្រធានការិយាល័យបេតិកភណ្ឌនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាមបានឲ្យដឹងថា ប្រាសាទសេសសល់ទាំង ១៧ នៅខេត្តកំពង់ចាមមានឈ្មោះដូចជា៖
១/ស្រុកព្រៃឈរ
-ប្រាសាទព្រះធាតុទឹកឆា (ប្រាសាទស្រី ប្រាសាទប្រុស ប្រាសាទស្រីគ្រប់លក្ខណ៍) កសាងក្នុងសតវត្សន៍ទី ១១ ពីថ្មភក់និងថ្មបាយក្រៀម មានសភាពទ្រុឌទ្រោម។
-ប្រាសាទគុកយាយហម កសាងក្នុងសតវត្សន៍ទី ១២ ពីថ្មភក់និងថ្មបាយក្រៀម នៅសល់រូបរាង ៥០ភាគរយ។
-ប្រាសាទគុកតាព្រហ្ម កសាងក្នុងសតវត្សន៍ទី ១២ និង ១៣ ពីថ្មបាយក្រៀម នៅសល់តែខឿន។
២/ស្រុកបាធាយ
-ប្រាសាទភ្នំត្រប់ ឬភ្នំទ្រព្យ កសាងក្នុងសតវត្សន៍ទី ១០ ពីឥដ្ឋ នៅសល់រូបរាង ៧៥ភាគរយ។
-ប្រាសាទគោកខ្វិត កសាងក្នុងសតវត្សន៍ទី ១១ ពីថ្មបាយក្រៀម នៅសល់រូបរាង ៥០ភាគរយ។
៣/ស្រុកស្រីសន្ធរ
-ប្រាសាទព្រះធាតុបារាយណ៍ កសាងក្នុងសតវត្សន៍ទី ១១ ពីថ្មបាយក្រៀម នៅសល់រូបរាង ៥០ភាគរយ
៤/ស្រុកជើងព្រៃ
-ប្រាសាទភ្នំធំ កសាងក្នុងសតវត្សន៍ទី ១១ ដោយព្រះបាទសូរ្យវរ្ម័នទី ១
-ប្រាសាទគុកអំពិលទ្វារ កសាងក្នុងសតវត្សន៍ទី ១០
-ប្រាសាទគុកព្រីងជ្រុំ កសាងក្នុងសតវត្សន៍ទី ១១
៥/ស្រុកកំពង់សៀម
-ប្រាសាទនគរបាយជ័យ កសាងក្នុងសតវត្សន៍នៅចុងសតវត្សន៍ទី ១២ និងដើមសតវត្សន៍ទី ១៣ រជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧ ពីថ្មភក់និងថ្មបាយក្រៀម នៅសល់រូបរាង ៥០ភាគរយ។
-ប្រាសាទភ្នំហាន់ជ័យ (ក្រុមប្រាសាទហាន់ជ័យ) កសាងក្នុងសតវត្សន៍ទី ៧ ពីឥដ្ឋដុត និងថ្មភក់ មានសភាពទ្រុឌទ្រោម។
-ប្រាសាទគុកព្រះធាតុ (ក្រុមប្រាសាទហាន់ជ័យ) កសាងក្នុងសម័យអន្តរកាលរវាងនគរភ្នំនិងចេនឡាពោលគឺសតវត្សន៍ទី ៦ ពីថ្មបាសាល់ (ថ្មពពុះពណ៌ប្រផេះ) បច្ចុប្បន្នមានសភាពទ្រុធទ្រោម។
-ប្រាសាទគុកខាងត្បូង (ក្រុមប្រាសាទហាន់ជ័យ) កសាងក្នុងរជ្ជកាលព្រះបាទឥសានវរ្ម័នទី ១ នៅចុងសតវត្សន៍ទី ៦ និងដើមសតវត្សន៍ទី ៧ ពីឥដ្ឋតាន់និងថ្មភក់ បច្ចុប្បន្នមានសភាពទ្រុឌទ្រោម។
-ប្រាសាទគុកល្វាទេ កសាងឡើងនៅក្នុងសតវត្សន៍ទី ៦ អំពីថ្មថ្លើមអណ្តើក និងថ្មបាយក្រៀម មានសភាពទ្រុឌទ្រោម។
-ប្រាសាទគុកឥសាន (ក្រុមប្រាសាទហាន់ជ័យ) កសាងក្នុងសម័យអន្តរកាលរវាងនគរភ្នំនិងចេនឡាពោលគឺសតវត្សន៍ទី ៦ ពីថ្មបាសាល់ បច្ចុប្បន្នសល់តែខឿន។
ខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំងមានប្រាសាទ ៦ នៅសល់រូបរាង រួមទាំងស្ថានីយបុរាណចំនួន ៣ កន្លែង។
លោក ផាត សុធារិទ្ធ ប្រធានការិយាល័យបេតិកភណ្ឌរបស់មន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំងបានប្រាប់កម្ពុជាថ្មីថា នៅទូទាំងខេត្តកំពង់ឆ្នាំងមិនសូវមានប្រាសាទសេសសល់ច្រើននោះទេ។ ប្រាសាទដែលសល់រូបរាងមានចំនួន ៦ ហើយប្រាសាទមួយនៅសល់តែគ្រឹះប៉ុណ្ណោះ។

ប្រាសាទពណ្ណរាយ
ប្រាសាទទាំង ៦ នៅសេសសល់ក្នុងខេត្តកំពង់ឆ្នាំងមានឈ្មោះដូចជា៖
១/ ប្រាសាទកំពង់ព្រះ (ស្រុកបរិបូរណ៍)
២/ ប្រាសាទពណ្ណរាយ (ស្រុកកំពង់លែង)
៣/ ប្រាសាទប្រុស (ស្រុកកំពង់លែង)
៤/ ប្រាសាទស្រី (ស្រុកកំពង់លែង)
៥/ ប្រាសាទថ្នមប្តី (ស្រុកកំពង់លែង)
៦/ ប្រាសាទព្រះធាតុ (ស្រុកសាមគ្គីមានជ័យ)
៧/ ប្រាសាទតូច (នៅសល់តែគ្រឹះប៉ុណ្ណោះ)
ខេត្តកំពង់ស្ពឺ
ប្រាសាទភ្នំក្អែកពង ជាសំណង់ប្រាសាទបុរាណសេសសល់តែមួយគត់ មាននៅក្នុងទឹកដីខេត្តកំពង់ស្ពឺ។ លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺបានឲ្យកម្ពុជាថ្មីដឹងថា ប្រាសាទនេះមានការខូចខាត ៦០ ភាគរយ នៅសល់តែជញ្ជាំង ៣ ផ្ទាំង ហើយដំបូលខូចខាតបាក់រលំអស់ហើយ។

ប្រាសាទភ្នំក្អែកពង
លោកប្រធានមន្ទីរបន្តថា ប្រាសាទភ្នំក្អែកពង មានទីតាំងស្ថិតក្នុងមូលដ្ឋានបញ្ជាការដ្ឋានហ្វឹកហ្វឺនកងរថក្រោះ (ACO) នៅស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ដូច្នេះហើយទើបមានការពិបាកសម្រាប់ភ្ញៀវទេសចរចេញចូលទៅទស្សនា។
ខេត្តកំពត
មានភ្នំ មានសមុទ្រ និងធម្មជាតិស្រស់បំព្រង នេះជាសក្តានុពលខេត្តកំពត។ ក្រៅពីសម្បត្តិធម្មជាតិច្រើនអនេក ខេត្តកំពតនៅសេសសល់សំណង់ប្រាសាទបុរាណមួយចំនួនទៀត បើទោះបីមិនច្រើនដូចបណ្តាខេត្តមួយចំនួនទៀតក្តី។ បើតាមលោក មាឃ វុទ្ធី ប្រធានការិយាល័យបេតិកភណ្ឌខេត្តកំពត បានប្រាប់គេហទំព័រកម្ពុជាថ្មីថា ខេត្តកំពតនៅសេសសល់ប្រាសាទបុរាណតិចតួចណាស់ ហើយប្រាសាទនៅសល់រូបរាងមានចំនួន ៤ សុទ្ធតែមានអាយុកាលរាប់ពាន់ឆ្នាំ។

ប្រាសាទភ្នំឈ្ងោក
បើតាមមន្រ្តីវប្បធម៌រូបនេះ លក្ខណៈសម្បត្តិពិសេសរបស់ប្រាសាទបុរាណក្នុងខេត្តកំពត ក្នុងចំណោមប្រាសាទចំនួន ៤ មានប្រាសាទ ៣ ត្រូវបានសាងសង់ក្នុងល្អាងភ្នំ ខុសពីប្រាសាទនៅតាមខេត្តនិងតំបន់ដទៃទៀត។
ប្រាសាទភ្នំឈ្ងោកលក្ខណ:ពិសេសត្រង់ថា ប្រាសាទនេះកសាងឡើងដោយឥដ្ឋនៅក្នុងរូងភ្នំ ស្ថិតនៅខ្ពស់ពីដីយ៉ាងហោចណាស់ក៏ ៤០ ម៉ែត្រដែរ។ ប្រាសាទភ្នំឈ្ងោកស្ថិតនៅចម្ងាយប្រហែល ៨ គីឡូម៉ែត្រពីទីរួមខេត្តកំពត ដោយធ្វើដំណើតាមផ្លូវជាតិលេខ៣៣ ទៅខេត្តកែប និងមានចម្ងាយ ២៧ គីឡូម៉ែត្រតាមផ្លូវជាតិលេខ ៣។
ប្រាសាទមួយទៀតសាងសង់នៅរូងភ្នំដែរគឺប្រាសាទភ្នំខ្យង។ ប្រាសាទភ្នំខ្យងជាប្រាសាទតូចមួយ សាងសង់ឡើងតាំងពីចុងសតវត្សរ៍ទី ៦ និងដើមសតវត្សរ៍ទី៧ មកម៉្លេះ គឺមុនសម័យអង្គរទៅទៀត។ ប្រាសាទភ្នំខ្យងកម្រមានគេដឹង ហើយក៏គ្មានភ្ញៀវហ៊ានចូលមើល លុះត្រាមានអ្នកស្រុកភូមិនាំចូលទៅ។ ចំណែកប្រាសាទគុហាព្រះ ឬប្រាសាទភ្នំទទុង ក៏សាងសង់នៅក្នុងរូងភ្នំ សង់បែរមុខទៅទិសខាងលិច ដែលមានប្រាង្គធ្វើអំពីឥដ្ឋ និងថ្មបាយក្រៀម ហើយស៊ុមទ្វារធ្វើពីថ្មថ្លើម អណ្តើក។ នៅខាងមុខប្រាសាទនេះមានលិង្គធម្មជាតិដូចប្រាសាទ ភ្នំឈ្ងោក និងភ្នំខ្យងដែរ និងមានទរបង្ហូរទឹកនៅជ្រុងខាងជើង។
ប្រាសាទនៅសល់រូបរាងចុងក្រោយគឺប្រាសាទវត្តប្រាសាទ។ ប្រាសាទវត្តប្រាសាទ ជាសំណង់ព្រហ្មញ្ញសាសនា។ ប្រាសាទវត្តប្រាសាទកសាងឡើងក្នុងសតវត្សន៍ទី ១១ ដោយព្រះបាទសូរ្យវរ្ម័នទី ១ ដែលមានអាយុកាលប្រហែល ១០០ ឆ្នាំមកហើយ។
តាកែវ
ជាទឹកដីចំណាស់ ជាអតីតអាណាចក្រភ្នំ ខេត្តតាកែវជាខេត្តចំណាស់ជាងគេ មានបន្សល់ទុកដាននិងសំណង់ប្រវត្តិសាស្រ្តជាច្រើន។ ស្ថិតនៅខាងត្បូងរាជធានីភ្នំពេញចម្ងាយជាង ៧០ គីឡូម៉ែត្រ ខេត្តតាកែវមានបន្សល់ទុកប្រាសាទបុរាណចំនួន ២៨ នៅតាមបណ្តាស្រុកចំនួន ៦។

ប្រាសាទភ្នំដា
លោកស្រី វ៉ែន វណ្ណា ប្រធានការិយាល័យបេតិកភណ្ឌ នៃមន្ទីរវប្បធម៌ខេត្តតាកែវបានប្រាប់កម្ពុជាថ្មីថា ប្រាសាទបុរាណចំនួន ២៨ ប្រាសាទ នៅខេត្តតាកែវ នៅសល់រូបរាងមានចំនួន ១៤ ក្រៅពីនោះបានបាក់បែក ខ្លះនៅសល់តែគ្រឹះនិងឈ្មោះតែប៉ុណ្ណោះ។
បើតាមន្រ្តីគ្រប់គ្រងផ្នែកបេតិកភណ្ឌជាតិនៅខេត្តតាកែវ ក្នុងចំណោមប្រាសាទទាំងអស់ក្នុងខេត្ត មានប្រាសាទចំនួន ៤ ដែលបុព្វបុរសខ្មែរសាងសង់នៅលើភ្នំ មានប្រាសាទភ្នំដា ប្រាសាទភ្នំជីសូរ ប្រាសាទបាយ៉ង់ និងប្រាសាទភ្នំតាម៉ៅ។
១/ ស្រុកទ្រាំង
-ប្រាសាទព្រះធាតុ
-ប្រាសាទធ្នាយ
-ប្រាសាទភ្នំសន្លុង
-ប្រាសាទទូលព្រះធាតុ
-ប្រាសាទវត្តចាស់
-ប្រាសាទដូនទ្រី
-ប្រាសាទនាងខ្មៅ
២/ ស្រុកសំរោង
-ប្រាសាទនាងខ្មៅត្បូង
-ប្រាសាទនាងខ្មៅជើង
-ប្រាសាទភ្នំជីសូរ
-ប្រាសាទសែនធ្មល់
-ប្រាសាទសែនភូវាំង
-ប្រាសាទជំទាវខៀវ
៣/ ស្រុកគីរីវង់
-ប្រាសាទបាយ៉ង់
-ប្រាសាទព្រះគោ
-ប្រាសាទកំពូលតានន់
-ប្រាសាទតាញាណកើត
-ប្រាសាទតាញាណលិច
-ប្រាសាទព្រះធាតុ
-ប្រាសាទវត្តកំពែង
៤/ ស្រុកអង្គរបុរី
-ប្រាសាទភ្នំដា
-ប្រាសាទអាស្រមមហាឫស្សី
៥/ ស្រុកបាទី
-ប្រាសាទតាព្រហ្ម
-ប្រាសាទយាយពៅ
-ប្រាសាទភ្នំថ្មដុះ
-ប្រាសាទភ្នំតាម៉ៅ
-ប្រាសាទស្រះកែវ
៦/ ក្រុងដូនកែវ
-ប្រាសាទជប់ពល់
ខេត្តត្បូងឃ្មុំ
ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំបានឲ្យកម្ពុជាថ្មីដឹងថា ខេត្តត្បូងឃ្មុំមានប្រាសាទបុរាណចំនួន ០៩ នៅសល់រូបរាង រួមទាំងទួលបុរាណជាង ៣០ ទៀត។

ប្រាសាទព្រះធាតុធំ នៅក្នុងបរិវេណវត្តហ្លួងព្រះស្តេចកន
លោក កួ ហុក ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំបានឲ្យដឹងថា ដោយសារកត្តាធម្មជាតិ និងពេលវេលាប្រាសាទខ្លះរងការទ្រុឌទ្រោមប្រឈមការដួលរលំ។
ប្រាសាទនៅសេសសល់ មិនសូវមានពលរដ្ឋទូទៅបានស្គាល់នោះទេ មានតែប្រាសាទនៅក្នុងវត្តព្រៃនគរក្នុង ដែលមានភ្ញៀវមួយចំនួនបានទៅលេងម្តងម្តាលនៅថ្ងៃចុងសប្តាហ៍ ឬនៅពេលមានបុណ្យទានធំៗម្តង។
ប្រាសាទទាំង ៩ ដែលនៅសេសសល់ក្នុងខេត្តត្បូងឃ្មុំមានដូចជា៖
១/ប្រាសាទព្រះធាតុធំ
ប្រាសាទព្រះធាតុធំ ស្ថិតនៅក្នុងបរិវេណវត្តហ្លួងព្រះស្តេចកន ភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
២/ប្រាសាទព្រះធាតុតូច
ប្រាសាទព្រះធាតុតូច កសាងឡើងក្នុងសតវត្សន៍ទី ៧ ពីឥដ្ឋនិងថ្មភក់។ ប្រាសាទនេះស្ថិតក្នុងកំពែងតែមួយនៃបន្ទាយព្រៃនគរក្នុងភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
៣/ប្រាសាទចេតិយព្រះធាតុតូច
ប្រាសាទចេតិយព្រះធាតុតូចនេះស្ថិតនៅភូមិខ្សាក ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សាងសង់ពីថ្មបាយក្រៀមនៅលើទីទួលនិងមានស្រះស្រង់នៅពីមុខប្រាសាទផងដែរ។
៤/ ប្រាសាទព្រៃគី
ប្រាសាទព្រៃគី ស្ថិតនៅភូមិអណ្តោត ឃុំកណ្តោលជ្រុំ ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ សាងសង់អំពីដីដុត (ឥដ្ឋ) មានទំហំ ៤ម៉ែត្របួនជ្រុង និងមានកម្ពស់ ៧.៥ម៉ែត្រ ក្នុងរាជ្យ កាលព្រះបាទជ័យវរ្ម័នទី៤ សតវត្សរ៍ទី ១០ សម្រាប់ឧទ្ទិសដល់ ព្រាហ្មណ៍សាសនា។
៥/ ប្រាសាទជើងអង្គ
កសាងឡើងនៅសតវត្សន៍ទី ១០ ពីឥដ្ឋនិងថ្មភក់។ ប្រាសាទជើងអង្គ ស្ថិតនៅក្នុងភូមិជើងអង ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ប្រាសាទនេះសាងក្នុងរាជ្យកាល ព្រះបាទជ័យវរ្ម័នទី៤ ស.វ ទី១០ ចន្លោះឆ្នាំ៩២១-៩៤២ មានលក្ខណៈសិល្បៈក្នុងរចនាបថកោះកេរ សម្រាប់ឧទ្ទិសដល់ព្រាហ្មណ៍សាសនា។
៦/ ប្រាសាទព្រះធាតុសម្តី
ប្រាសាទព្រះធាតុសម្តី ស្ថិតនៅខាងត្បូងសាលាខេត្តត្បូងឃ្មុំ ភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ប្រាសាទព្រះធាតុសម្តីបានបាក់បែកនៅសល់តែជញ្ជាំងផ្នែកខាងលិច និងទិសខាងត្បូងប៉ុណ្ណោះ ជាហេតុធ្វើឲ្យប្រាសាទរងហានិភ័យខ្ពស់បំផុត។
៧/ ប្រាសាទព្រះធាតុខ្ទុំ
សាងសង់ឡើងនៅសតវត្សន៍ទី ១០ ពីឥដ្ឋនិងថ្មបាយក្រៀម ប្រាសាទព្រះធាតុខ្ញុំ ស្ថិតនៅខាងលិចភូមិស្វាយទិព្វចម្ងាយ១ គីឡូម៉ែត្រ ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ប្រាសាទនេះសង់ពីឥដ្ឋនៅលើទីទួលខ្ពស់មួយ និងមានកំពែងខាងក្រោមមានថ្មបាយក្រៀម នឹងបំណែកឥដ្ឋនៅរាយប៉ាយពាស់ពេញផ្ទៃដី។
៨/ ប្រាសាទព្រះធាតុបាស្រី
ប្រាសាទព្រះធាតុបាស្រី ឬប្រាសាទព្រះធាតុព្រះស្រីមានទីតាំងស្ថិតនៅភូមិព្រះធាតុថ្មដា ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។
ភ្នំពេញ

ប្រាសាទពោធិលាម នៅក្នុងវត្តឧណ្ណាលោម
យោងតាមសាលបត្រនៃបញ្ជីសារពើភណ្ឌស្ថានីយបុរាណវិទ្យារបស់នាយកដ្ឋានបុរាណវិទ្យា និងបុរាណវិទ្យារបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបង្ហាញថា នៅរាជធានីភ្នំពេញមានប្រាសាទ ៨ ដែលក្នុងនោះមានប្រាសាទចំនួន ២ ដែលនៅសល់រូបរាង (ប្រាសាទវត្តប្រាសាទ និងប្រាសាទពោធិលាម នៅក្នុងវត្តឧណ្ណាលោម) និង ៦ ប្រាសាទបានបាត់រូបរាង។
ខេត្តរតនគីរី
នៅស្រុកអូរយ៉ាវដាវខេត្តរតនគិរី អាជ្ញាធរបានរកឃើញប្រាសាទបុរាណចំណាស់មួយ បន្ទាប់ពីមានការរាយការណ៍ពីអ្នកភូមិ ដែលមានទីតាំងនៅឆ្ងាយកណ្តាលព្រៃជាប់ព្រំដែនវៀតណាម។

ប្រាសាទយ៉ាក់ណាំង
លោក ឆាយ សាវុធ ប្រធានមន្ទីរវប្បធម៌ខេត្តរតនគិរីបានឲ្យកម្ពុជាថ្មីដឹងថា ប្រាសាទយ៉ាក់ណាំងជាប្រាសាទបុរាណមួយ ដែលអាជ្ញាធរបានរកឃើញតាមការប្រាប់ពីអ្នកភូមិស្ថិតក្នុងភូមិដ៍តូច ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវជាប់ព្រំដែនវៀតណាម។
ប្រាសាទយ៉ាក់ណាំង ត្រូវបានអាជ្ញាធរចុះស្រាវជ្រាវរកឃើញនៅឆ្នាំ២០០៦ ក្រោយមានការប្រាប់ពីអ្នកភូមិ។
ប្រាសាទកម្រដែលរកឃើញនៅខេត្តភាគឦសាននេះបានបាក់បែកអស់នៅសល់ជញ្ជាំងពីរផ្ទាំងជាតឹកតាង។
បើតាមប្រធានមន្ទីរវប្បធម៌ខេត្ត ក្រៅពីប្រាសាទយ៉ាក់ណាំង នៅខេត្តរតនគិរីបានមានប្រាសាទ ៣ ទៀត មានប្រាសាទព្រះពុទ្ធ ស្ថិតក្នុងភូមិប៉ុង ឃុំប៉ុង ស្រុកវ៉ឺនសៃ ប្រាសាទបាក់យាង ក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ និងប្រាសាទអូរព្រះ មានទីតាំងស្ថិតក្នុងភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ នៃខេត្តរតនគិរី តែប្រាសាទទាំង ៣ នេះ បាក់បែកសល់តែគ្រឹះតែប៉ុណ្ណោះ។
ខេត្តស្ទឹងត្រែង
ប្រាសាទជិត ១០០ នៅខេត្តស្ទឹងត្រែង បានបាក់បែកស្ទើររាបដល់ដី សល់ប្រាសាទតែមួយទុកឲ្យភ្ញៀវទស្សនា។
លោក សោម ផុន ប្រធានការិយាល័យបេតិកភណ្ឌខេត្តស្ទឹងត្រែងបានឲ្យកម្ពុជាថ្មីដឹងថា ខេត្តស្ទឹងត្រែងនៅសល់តែប្រាសាទព្រះគោ ឬប្រាសាទស្រី ដែលនៅសល់រូបរាង ក្រៅពីនោះបាក់បែកស្ទើរអស់ទៅហើយ។

ប្រាសាទព្រះគោ
ប្រាសាទព្រះគោដែលនៅសេសសល់ក៏មានការខូចខាតច្រើន នៅសល់រូបរាងប្រហែល ៤០ ភាគរយ។
ប្រាសាទព្រះគោ មានទីតាំងចម្ងាយពីទីរួមខេត្តស្ទឹងត្រែងប្រហែល ១២ គីឡូម៉ែត្រ ស្ថិតនៅភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់។
ខេត្តស្វាយរៀង
នៅក្នុងខេត្តស្វាយរៀង មានប្រាសាទបុរាណតែពីរកន្លែងប៉ុណ្ណោះ ដែលនៅសេសសល់។ ប្រាសាទទាំងពីរនេះក៏ចាស់ទ្រុឌទ្រោមបាក់បែកស្ទើរអស់ដែរ។ នេះបើតាមការបញ្ជាក់ពីប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្វាយរៀង។

ប្រាសាទព្រៃបាសាក់
លោកស្រី ឥន្ទ ណាគ្រី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀងបានថ្លែងប្រាប់កម្ពុជាថ្មីថា ប្រាសាទដែលបាក់បែកសេសសល់ទាំងពីរនេះគឺប្រាសាទព្រៃបាសាក់ ឬប្រាសាទបាសាក់ ស្ថិតនៅក្នុងឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងប្រាសាទជាហោ នៅស្រុករមាសហែកជាប់ព្រំដែនវៀតណាម។
ប្រាសាទព្រៃបាសាក់ ជាដីទួលដ៏ចំណាស់មួយមានព្រៃឈើជាច្រើនហ៊ុំព័ទ្ធ។ ប៉ុន្តែគួរឲ្យសោកស្ដាយ ប្រាសាទនេះបានបាក់បែកខ្ទេចខ្ទីតួធ្លាក់រាយប៉ាយនៅសល់តែគ្រឹះឥដ្ឋ និងគ្រោងជញ្ជាំងនៅសល់បន្តិចបន្តួចប៉ុណ្ណោះ។
ខេត្តពោធិ៍សាត់
ជាខេត្តមួយមានប្រវត្តិសាស្ត្រពាក់ព័ន្ធជាច្រើន ហើយក៏នៅមិនឆ្ងាយពីអតីតរាជធានីអង្គរ បច្ចុប្បន្នខេត្តពោធិ៍សាត់មិនមានសេសសល់សំណង់ប្រាសាទបុរាណដែលនៅរូបរាងសម្រាប់ភ្ញៀវទស្សនា ក្រៅពីសំណល់គ្រឹះខ្លះៗបង្ហាញពីទីតាំងប្រាសាទពីមុន។
លោក ជា សុភា ប្រធានការិយាល័យនៃមន្ទីរវប្បធម៌ខេត្តពោធិ៍សាត់បានឲ្យកម្ពុជាថ្មីដឹងថា ទូទាំងខេត្តមានប្រាសាទចំនួន ៨ កន្លែងត្រូវបានចុះបញ្ជី ប៉ុន្តែប្រាសាទទាំងនោះបាក់បែកអស់ទៅហើយ។
តាមរយៈភស្តុតាងគ្រឹះប្រាសាទបន្សល់ទុក អាចបង្ហាញបានថាទឹកដីខេត្តពោធិ៍សាត់ពីមុន ក៏ធ្លាប់មានការសាងសង់សំណង់ប្រាសាទបុរាណមួយចំនួនផងដែរ។ នេះបើតាមលោក ជា សុភា។

ប្រាសាទដូនអន នៅស្រុកបាកានខេត្តពោធិ៍សាត់
បើតាមមន្រ្តីមន្ទីរវប្បធម៌ខេត្តពោធិ៍សាត់ ប្រាសាទចំនួន ៨ នៅក្នុងខេត្តពោធិ៍សាត់ដែលសល់តែគ្រឹះខ្លះៗស្ទើរតែបាត់រូបរាងមានឈ្មោះដូចជា៖
-ប្រាសាទ ព្រះធាតុ មានទីតាំងនៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់
-ប្រាសាទ សុវណ្ណស្លាកែត មានទីតាំងនៅស្រុកក្រគរ ខេត្តពោធិ៍សាត់
-ប្រាសាទ ដូនអែប មានទីតាំង នៅស្រុកបាកាន ខេត្តពោធិ៍សាត់
-ប្រាសាទ ព្រះខាន់ មានទីតាំងនៅស្រុកបាកាន ខេត្តពោធិ៍សាត់
-ប្រាសាទ ដូនអន មានទីតាំងនៅស្រុកបាកាន ខេត្តពោធិ៍សាត់
-ប្រាសាទ ឥដ្ធស្រះរុន មានទីតាំងនៅស្រុកបាកាន ខេត្តពោធិ៍សាត់
-ប្រាសាទ ច្រប មានទីតាំងនៅស្រុកបាកាន ខេត្តពោធិ៍សាត់
-ប្រាសាទ បបុស្ស មានទីតាំងនៅស្រុកបាកាន ខេត្តពោធិ៍សាត់
ដោយឡែកខេត្តចំនួន ៥ ទៀត មាន ប៉ៃលិន និងមណ្ឌលគិរី កោះកុង កែប និងព្រះសីហនុ បើតាមការសាកសួរមន្រ្តីមន្ទីរវប្បធម៌របស់ខេត្ត មិនមានសេសសស់សំណង់ប្រាសាទបុរាណទៀតនោះទេ៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក