Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ជាង​៦​ម៉ឺន​នាក់ បាន​ប្រារព្ធ​ពិធី​ចាប់​ត្រី​បឹង​ត្រពាំង​ក្រម ដើម្បី​រក្សា​ប្រពៃណី​ដូនតា​ខ្មែរ បន្ទាប់ពី​អាក់ខាន​២​ឆ្នាំ ដោយសារ​ជំងឺ​កូ​វីដ

បានផុស

នៅ

ត្បូងឃ្មុំ ៖ ជា​រៀងរាល់​ឆ្នាំ​នៅក្នុង​ខែ​កុ​ម្ភះ​នេះ បន្ទាប់ពី​បងប្អូន​ប្រជាកសិករ​យើង​បាន​ប្រមូល​ផល​កសិកម្ម​រួចរាល់​អស់ហើយ​នោះ បន្ទាប់មក​បងប្អូន​ប្រជាពលរដ្ឋ​តែងតែ​ធ្វើ​ប្រារព្ធ​ពិធី ចាប់​ត្រី នៅ​រមណីយ៍ដ្ឋាន​បឹង​ត្រពាំង​ក្រម ស្ថិតក្នុង​ភូមិ​សា​ទុំ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។ ដើម្បី​រំលឹក​រក្សា​អភិរក្ស​កេរ្តិ៍តំណែល​ពី​បុរាណ​តរៀងមក ក្នុង​តំបន់​នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៦​ម៉ឺន​នាក់ មកពី ឃុំ​ជាំ​ក្រវៀន ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។ ហើយ ក៏​បងប្អូន​ប្រជាពលរដ្ឋ​មានមក​ពី​ខេត្តក្រចេះ កំពង់ចាម ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង ផងដែរ ។ ក្នុង​ស្មារតី​ភាតរភាព​សាមគ្គីភាព ស្រលាញ់​រាក់ទាក់​គ្នា ប្រកបដោយ សីលធម៌ សុជីវធម៌ យ៉ាង​ល្អ​ផូរផង់ និង​មាន​លក្ខណៈ​ជាតិនិយម​គួរ​ជាទី​មោទនៈ ។

លោក រិ​ន សំអឿន អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​សា​ទុំ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ បានបញ្ជាក់​ឱ្យដឹងថា គាត់​មាន​ឧបករណ៍​អង្រុត​យកមក​ចុះ​រុត​ចាប់​ត្រី រាល់​ឆ្នាំ ឆ្នាំនេះ​ត្រី​សម្បូ​ណ៍​ជាង​ឆ្នាំ​២០២០ ដោយ​ទឹក​បឹង​ត្រពាំង​នៅ​ច្រើន​ឆ្នាំនេះ​មាន​ភ្លៀង​ច្រើន ហើយ​យើង ចាប់បាន​ត្រី​ច្រើន យកទៅ​ធ្វើ​ម្ហូប​ជា​លក្ខណៈ​គ្រួសារ​យ៉ាង​សប្បាយ ។

លោកយាយ ស្បោង អ៊ូច ក្នុង​វ័យ​ជាង​៧៣​ឆ្នាំ បាន​បញ្ជាក់​ឱ្យដឹង​ដែរ​ថា ពី​ដើម​មុននឹង​ចុះ​ចាប់​គេ​ធ្វើ​ពិធី​សែន​សុំ​ម្ចាស់​ទឹក ម្ចាស់​ដី សុំឱ្យ​ត្រី​ដែល​មាន​ធ្មុង​ទាំង​ឡាយ ដូចជា​ត្រី​ឆ្លាំង ត្រី​អណ្តែង ត្រី​កញ្ចុះ ជាដើម សូមឱ្យ​ស្លូត​ដូច​ត្រី​កំភ្លាញ ធ្វើ​ដូចនេះ ពេល​បងប្អូន​ប្រជាពលរដ្ឋ​ចុះ​ចាប់​ត្រី​មិនមាន​បញ្ហា​មុត​ត្រី​អ្វី​នោះទេ នេះ​ជា​ទំនៀម​បុរាណ​យើង។

លោក អ៊ូច យឿន មេឃុំ​ជាំ​ក្រវៀន និង​ជា​ប្រធាន​គណៈកម្មកា​រៀបចំ​កម្មវិធី​ចាប់​ត្រី​បឹង​ត្រពាំង​ក្រម បានបញ្ជាក់​ឱ្យដឹងថា ថ្ងៃនេះ​ជា​ថ្ងៃ​នក្ខត្តឫក្ស​ដ៏​ល្អ​ត្រចះត្រចង់ ដែល​បងប្អូន​ប្រជាពលរដ្ឋ​បាននាំគ្នា​ជា​ឯកច្ឆ័ន្ទ​ប្រារព្ធ​ពិធី​ចាប់​ត្រី​បឹង​ត្រពាំង​ក្រម​របស់​យើង ជា​រៀងរាល់ឆ្នាំ​នៅក្នុង​ខែ​កុ​ម្ភៈ​នេះ រយៈពេល​៤​ថ្ងៃ និង​៣​យប់ គឺ​ចាប់ពី​ថ្ងៃទី ១៥.១៦.១៧ និង​ថ្ងៃទី​១៨ ខែ​កុ​ម្ភៈ នេះ​តែម្តង ។ នៅ​ពីរ​ថ្ងៃ​ដំបូង​គឺ​ថ្ងៃទី​១៥.១៦ និង​ថ្ងៃទី​១៧ គឺ​បងប្អូន​បានមក​ជួបជុំគ្នា ដើរ​លែង​កំសាន្ត ទស្សនា​ទេសភាព​ស្ថិតនៅ​ជុំវិញ​តំបន់​បឹង​ត្រពាំង​ក្រម ដែលមាន​កេរ្តិ៍ ដំណែល​ពី​ដូនតា​យើង រួមមានៈ ថ្ម​តា​ជ្រូក ដី​ពណ៌​ឈាម ក្បាល​តា​ជក តា​ព្រាម កន្លែង​ឡ​ស្រា និង​ស្រះ​ទឹក​នាង​លើ​ម​ជាដើម ។ ក្រៅពី​ដើរ​ទស្សនា​កម្សាន្ត​ពី​ប្រវត្តិ និង​កេរ្តិ៍ដំណែល យ៉ាង​ជក់ចិត្ត សប្បាយ​អឺងកង នាពេល​ថ្ងៃ និង​ពេល​រាត្រី មានកម្ម​វិធី រាំច្រៀង​តាម​លក្ខណៈ​ប្រពៃណី​ខ្មែរ​ផងដែរ ។ ហើយ​បន្ទាប់​គឺ នៅ​ថ្ងៃទី​១៨ ខែ​កុ​ម្ភៈ នេះ​គឺជា​ថ្ងៃ​បងប្អូន​ប្រជាពលរដ្ឋ​យើង ប្រមាណ​ជាង​៦​ម៉ឺន​នាក់ មកពី​ឃុំ​ជាំ​ក្រវៀន ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តក្រចេះ ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង បានមក​ប្រារព្ធ​ពិធី​ចាប់​ត្រី នេះដែរ ។

លោក​មេឃុំ​បានបញ្ជាក់​ទៀតថា បឹង​ត្រពាំង​ក្រំ​មាន​ទំហំ​១០០​បួន​ជ្រុង ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​មក​ចាប់​ត្រី​នេះ​គឺ មាន​ឧបករណ៍​របៀប​បុរាណ​រួមមាន អង្រុត ឈ្នាង ឆ្នុក ត្រក ទ្រូ លប ។​ល​។ នៅ​ម៉ោងជាង​៩​ព្រឹក​ថ្ងៃទី​១៨ នេះដែរ គឺ​បងប្អូន​និង​នាំគ្នា​ចុះ​ចាប់​ត្រី​រួមគ្នា​តែម្តង ។ ឆ្នាំនេះ​ត្រី​មានដូចជា ត្រី​រស់ ត្រី​ឌៀប ត្រី​ក្រាញ់ ត្រី​ឆ្លូញ ត្រី​ទួ​ក ត្រី​អណ្តែង ត្រី​កញ្ចុះ ត្រី​កន្ត្រប់ ត្រី​តា​អោន និង​ត្រី​កំភ្លាញ ។​ល​។ ហើយ ត្រី​មិន​សម្បូ​ណ៍​ជាង​ឆ្នាំ​២០២០​ឆ្ងាយ​ណាស់ ។ ក្នុង​១​ឆ្នាំ​យើង​អនុញ្ញាត បើក​ឱ្យ​បងប្អូន​ចាប់បាន​តែម្តង​ទេ ។ ផុតពី​ថ្ងៃ​យើង​ប្រារព្ធ​ពិធី​ចាប់​ត្រី គឺ​យើង​មាន​កម្លាំង​ប្រជា​ការពារ​ភូមិ និង​កម្លាំង​ប៉ុស្តិ៍​ការពារ មិនឱ្យ​មានការ​នេសាទ​ដោយ​យក​ឧបករណ៍​ហាមឃាត់​ល្មើសច្បាប់​មករក​នោះទេ ធ្វើបែបនេះ គឺ​ដើម្បី​ការពារ​ត្រី​បឹង​ធម្មជាតិ​របស់​យើង៕

ដោយ ៖ សាន វិ​ឡែ​ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម