Connect with us

សេដ្ឋកិច្ច

គម្រោង SAAMBAT ​កំពុងផ្ដល់លទ្ធផលជាក់ស្ដែងដល់កសិករ និងស្ថាបនាផ្លូវ​ប្រវែងសរុប ៥៣៧ គីឡូម៉ែត្រ

បានផុស

នៅ

គ​ម្រោ​ង SAAMBAT ​កំពុង​ស្តែងឱ្យឃើញ​ពីកិច្ចសហការ​ដ៏ល្អប្រសើរ​ដែលផ្តល់​អត្ថប្រយោជន៍ជាក់​ស្តែង​សម្រាប់កសិករខ្នាតតូច យុវជន និងស្ត្រីនៅជនបទ និង បានស្ថាបនាផ្លូវសរុបចំនួន ៦៦ ខ្សែ ដែលមានប្រវែងសរុប ៥៣៧ គីឡូម៉ែត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គម្រោង SAAMBAT ដែលត្រូវបានអនុវត្តរួមគ្នាដោយក្រសួងអភិវឌ្ឍន៍ជនបទ (MRD) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF)​ ទទួលបានហិរញ្ញប្បទាន​សហប្រតិបត្តិការ​ពីរាជ​រដ្ឋាភិបាល, មូលនិធិ IFAD, ធនាគារវិនិយោគអឺរ៉ុប (EIB), និងសហភាពអឺរ៉ុប (EU)​ មានគោលបំណង​ផ្តល់អត្ថប្រយោជន៍ដល់គ្រួសារជនបទប្រមាណ ២០០,០០០ គ្រួសារ ឬស្មើនឹង ៨០០,០០០ នាក់ នៅក្នុងតំបន់ប៉ូលសេដ្ឋកិច្ចដែលមានសក្តានុពលចំនួន ៣២ (EPs) នៅទូទាំងខេត្តគោល​ដៅ​​ចំនួន ១២ តាមរយៈការកែលម្អការតភ្ជាប់ផ្លូវនៅក្នុងតំបន់ជនបទ ពង្រីកលទ្ធភាពទទួលបានទីផ្សារ ពង្រឹងជំនាញសម្រាប់យុវជននៅជនបទ លើកកម្ពស់ការប្រើប្រាស់នវានុវត្តន៍ឌីជីថល និងអាជីវកម្មនៅតំបន់ជនបទ។

​អំឡុងពេលអនុវត្តបេសកកម្មគាំទ្រការអនុវត្តគម្រោង SAAMBAT (ISM) ដែលបានធ្វើឡើងចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី​១៣ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ, គម្រោង SAAMBAT បានបង្ហាញឱ្យឃើញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ជាច្រើននៃការងារស្ថាបនាផ្លូវសរុបចំនួន ៦៦ ខ្សែ ដែលមានប្រវែងសរុប ៥៣៧ គីឡូម៉ែត្រ ក្នុងនោះផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៤៥៦ គីឡូម៉ែត្រ និងផ្លូវក្រាលបេតុង (RC) ប្រវែង ៨១ គីឡូម៉ែត្រ រួមទាំងផ្សារសហគមន៍ កំពង់ដ​សហគមន៍ និងកន្លែងប្រមូលផ្តុំកសិផល។

ជាក់ស្តែង ការងារស្ថាបនាផ្លូវជនបទសម្រេចបានសរុបប្រវែង ២៨៥ គីឡូម៉ែត្រ នៃគោលដៅរួមចំនួន ៥៣៧ គីឡូម៉ែត្រ ដែលកំពុងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានទីផ្សារ និងសេវាកម្មសំខាន់ៗសម្រាប់សហគមន៍នៅជនបទ។

ជាមួយគ្នានេះ ការសាងសង់កន្លែងប្រមូលផ្តុំកសិផលចំនួនប្រាំមួយ ផ្សារសហគមន៍ចំនួនបី និងកំពង់ដរសហគមន៍ចំនួនបី ត្រូវបានបញ្ចប់ជាស្ថាពរនៅក្នុងខេត្តបន្ទាយមានជ័យ កំពង់ធំ កំពត ស្វាយរៀង និងតាកែវ។ ការអភិវឌ្ឍទាំងនេះ កំពុងជួយសម្រួលដល់កសិករខ្នាតតូចនៅជនបទ អាចដឹកជញ្ជូនកសិផលរបស់ពួកគេកាន់តែមានប្រសិទ្ធភាព និងធ្វើឱ្យអតិថិជនមានភាពងាយស្រួលទិញដូរកសិផល ដោយជួយកាត់បន្ថយថ្លៃដើមនៃការធ្វើអាជីវកម្ម និងកាត់បន្ថយបញ្ហាប្រឈមលើការដឹកជញ្ជូនបានយ៉ាងច្រើន។

លោក អ៊ុក ពញ្ញា រដ្ឋលេខាធិការ និងជានាយកគម្រោង SAAMBAT នៃក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសា​សន៍​ថា៖ «យើងទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំងចំពោះវឌ្ឍនភាពការងារដែលសម្រេចបានដ៏ល្អប្រសើរ និងជាទីពេញចិត្តនាពេលបច្ចុប្បន្ននេះ។

គម្រោងនេះ បានប្រែក្លាយពីគម្រោងដែលធ្លាប់តែជួបនឹងបញ្ហាប្រឈមច្រើនពីដំបូង ទៅជាគម្រោងមួយដ៏រឹងមាំជាមួយនឹងវឌ្ឍនភាពនៃការអនុវត្តយ៉ាងល្អប្រសើរ ការបំពេញតួនាទីការងារប្រកបដោយប្រសិទ្ធភាពរបស់អង្គភាពគ្រប់គ្រងគម្រោង (PMU) និងវឌ្ឍនភាពជារូបវន្ត។ ជាមួយកិច្ចគាំទ្ររួមគ្នាដ៏រឹងមាំនូវគ្រប់ដំណាក់កាលពីគ្រប់ភាគីទាំងអស់ យើងត្រូវតែរក្សាកម្លាំងចលករនេះឱ្យបាន ដើម្បីដោះស្រាយជាបន្ទាន់នូវបញ្ហាប្រឈម និងបិទបញ្ចប់ការងារដែលនៅសេសសល់ឱ្យបានទាន់ពេលវេលា»។

ភាពជាដៃគូនៃការអនុវត្តគម្រោងនេះ ក៏កំពុងផ្តល់នូវលទ្ធផលគួរឱ្យកត់សម្គាល់ផងដែរ ក្នុងការអភិវឌ្ឍជំនាញ និងធនធានមនុស្ស។ គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ សិក្ខាកាមសរុបចំនួន ៨.១១៣ នាក់ បានបញ្ចប់ការបណ្តុះបណ្តាល ដែលមានចំនួន​លើសពីគោលដៅរួមនៃគម្រោង។ ការបណ្តុះបណ្តាលទាំងនោះរួមមាន ជំនាញបច្ចេកទេស, និងវិជ្ជាជីវៈ, ការអភិវឌ្ឍសហគ្រាស, ភាពជាអ្នកដឹកនាំស្ត្រី, អក្ខរកម្មឌីជីថល, ការគ្រប់គ្រងអាជីវកម្មតាមអនឡាញ, ការបង្វឹក, និងការរៀនសូត្រនៅកន្លែងធ្វើការ។

លោក ទូច ស៊ីផាត ប្រធានគ្រប់គ្រងគម្រោង SAAMBAT បានសង្កត់ធ្ងន់ថា “ក្រោមការចង្អុល​បង្ហាញ​ពីរាជរដ្ឋាភិបាល និងតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ គម្រោងនេះសម្រេច​បានវឌ្ឍនភាព​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ និងបានផ្តល់លទ្ធផលជាក់ស្តែងសម្រាប់ប្រជាជននៅតាមតំបន់គោលដៅ។”

ផ្លូវជនបទដ៏ស្រស់ស្អាត សំណង់សិល្បការដែលបានស្ថាបនារួច ការបណ្តុះបណ្តាលជំនាញ និង​នវានុវត្តន៍ឌីជីថល កំពុងជួយសហគមន៍ជនបទឱ្យទទួលបានសេវាកម្មនានា ទីផ្សារ និងឱកាស​សេដ្ឋកិច្ច​កាន់តែមានប្រសិទ្ធភាព។ អង្គភាពគ្រប់គ្រងគម្រោង (PMU) បន្តប្តេជ្ញាចិត្តយ៉ាងពេញ​ទំហឹង​ក្នុង​ការអនុវត្ត និងពន្លឿនសកម្មភាពដែលនៅសេសសល់ និងធានាការបិទបញ្ចប់​គម្រោងឱ្យបាន​ទាន់ពេលវេលា។​

ជារួម លទ្ធផលទាំងនេះបង្ហាញពីភាពជាដៃគូជោគជ័យមួយ ដែលកំពុងបង្កើតផលចំណេញ​ជាច្រើនដល់ប្រជាជននៅតាមតំបន់ជនបទ។ តាមរយៈគម្រោង SAAMBAT, ក្រសួង​អភិវឌ្ឍន៍​ជនបទ, IFAD, EIB, និង EU កំពុងលើកកម្ពស់កិច្ចសហប្រតិបត្តិការល្អ ដើម្បីអភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធឱ្យកាន់តែប្រសើរ បណ្តុះបណ្តាលជំនាញកាន់តែរឹងមាំ ឱកាសការងារ​កាន់​តែ​ទូលំទូ​លាយ ​និងធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទឱ្យមានភាពប្រទាក់ក្រឡាគ្នា និងមានទំនាក់ទំនងគ្នា​ទៅវិញ​ទៅ​មក​កាន់​តែច្រើនឡើង ជាពិសេសសម្រាប់កសិករខ្នាតតូច ស្ត្រី និងយុវជននៅជនបទ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម