ព័ត៌មានជាតិ
ស្ថាប័នជាតិកំពូលចំនួន៣ ប្រកាសជ្រើសសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមអាណត្តិថ្មី ៣រូប
ដើម្បីបំពេញជំនួសឱ្យសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលត្រូវចប់អាណត្តិ, ស្ថាប័នកំពូលរបស់ជាតិចំនួន៣ មានព្រឹទ្ធសភា រដ្ឋសភា និងក្រុមប្រឹក្សាធម្មនុញ្ញ បានប្រកាសជ្រើសតាំងសមាជិកសម្រាប់អាណត្តិថ្មី រយៈពេល ៥ឆ្នាំ ចំនួន៣រូប ខណៈស្ថាប័នទាំង៣ បានចាប់ទទួលពាក្យសុំឈរឈ្មោះរបស់បេក្ខជនហើយ។

តាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា គឺស្ថាប័នព្រឹទ្ធសភា នឹងជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម១រូប ជំនួសលោក លាង សួគ៌ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលត្រូវចប់អាណត្តិ។ តាមការបញ្ជាប់របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បេក្ខជនដែលមានបំណងដាក់ពាក្យសុំឈរឈ្មោះ អាចសាកសួរព័ត៌មានអំពីការបំពេញបែបបទចាំបាច់ផ្សេងៗ នៅអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅរៀងរាល់ម៉ោងធ្វើការ ដែលនឹងផុតកាលបរិច្ឆេទឈប់ទទួលពាក្យ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។
ចំណែក អគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏បានប្រកាសជ្រើសសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់អាណត្តិទី៣ ចំនួន១រូប ដូចគ្នាដែរ ដោយជំនួសសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលត្រូវបញ្ចប់អាណត្តិ គឺលោក អ៊ិត រ៉ាឌី។ អគ្គលេខាធិការដ្ឋានរដ្ឋសភាបានចាប់ទទួលពាក្យសុំឈរឈ្មោះជាបេក្ខជនហើយ ខណៈកាលបរិច្ឆេទឈប់ទទួលពាក្យសុំ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។

មិនខុសពីស្ថាប័នសភាខាងលើ ក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានប្រកាស និងចាប់ទទួលពាក្យសុំឈរឈ្មោះជាបេក្ខជនក្នុងតំណែងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន ១រូបផងដែរ ជំនួសលោក ប្លង់ ឆ្លាម ដែលត្រូវចប់អាណត្តិ។ បេក្ខជនដែលមានបំណងឈរឈ្មោះ អាចមកដាក់ពាក្យនៅនាយកដ្ឋានសេវាច្បាប់ និងវិវាទកម្ម នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ រហូតដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ដែលជាថ្ងៃឈប់ទទួលពាក្យ។
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជាស្ថាប័នកំពូលរបស់ជាតិក្នុងគោលបំណងជួយព្រះមហាក្សត្រ ដើម្បីធានាឯករាជ្យនៃអំណាចតុលាការ ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានវិសាលភាពអនុវត្តទៅលើចៅក្រម និងព្រះរាជអាជ្ញានៅទូទាំងប្រទេសកម្ពុជា លើកលែងតែមានច្បាប់ដោយឡែកកំណត់ផ្សេងពីនេះ។

ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានអង្គព្រះមហាក្សត្រគង់ជាព្រះប្រធាន អមដោយសមាជិកចំនួន១១រូប។ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមទាំង ១១រូបនេះ រួមមាន៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រធានតុលាការកំពូល អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ឥស្សរជនដែលជ្រើសតាំងដោយព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ និងការជ្រើសតាំងដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ សមាជិកមួយចំនួនទៀត ជ្រើសតាមការបោះឆ្នោតក្នុងចំណោមចៅក្រម និងព្រះរាជអាជ្ញានៃសាលាជម្រះក្តីជាន់ខ្ពស់ រួមទាំងចៅក្រមពេញសិទ្ធិ និងព្រះរាជអាជ្ញាពេញសិទ្ធិនៃសាលាដំបូង។
សមាជិកជ្រើសតាំងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមត្រូវបានជ្រើសក្នុងចំណោមឥស្សរជនជាចៅក្រម ឬព្រះរាជអាជ្ញាពេញសិទ្ធិ ឬជាអតីតចៅក្រម ឬអតីតព្រះរាជអាជ្ញា ឬឥស្សរជនដែលមានបទពិសោធការងារយ៉ាងតិច ១៥ឆ្នាំឡើងក្នុងវិស័យច្បាប់ ឬតុលាការ។ សមាជិកជ្រើសតាំងទាំងនេះមានអាណត្តិ៥ឆ្នាំ ហើយអាចឈរឈ្មោះជាថ្មីសម្រាប់អាណត្តិបន្តបន្ទាប់ទៀតបាន៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង