Connect with us

ព័ត៌មានជាតិ

តើឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានសមត្ថកិច្ចលើការងារអ្វីខ្លះក្នុងវិស័យតុលាការ?

បានផុស

នៅ

ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជាស្ថាប័នកំពូលរបស់ជាតិក្នុងគោលបំណងជួយព្រះមហាក្សត្រ ដើម្បីធានា​ឯករាជ្យនៃអំណាចតុលាការ ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានវិសាល​ភាពអនុវត្តទៅលើចៅក្រម និងព្រះរាជអាជ្ញានៅទូទាំងប្រទេសកម្ពុជា លើកលែងតែមានច្បាប់​ដោយឡែក​កំណត់ផ្សេងពីនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានអង្គព្រះមហាក្សត្រគង់ជាព្រះប្រធាន អមដោយសមាជិកចំនួន១១រូប។ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមទាំង ១១រូបនេះ រួមមាន៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រធានតុលាការកំពូល អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ឥស្សរជនដែលជ្រើសតាំងដោយព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ និងការជ្រើសតាំងដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ សមាជិកមួយចំនួនទៀត គឺជ្រើសតាំងតាមការបោះ​ឆ្នោតក្នុងចំណោមចៅក្រម និងព្រះរាជអាជ្ញានៃសាលាជម្រះក្តីជាន់ខ្ពស់ រួមទាំងចៅក្រមពេញសិទ្ធិ និងព្រះរាជអាជ្ញាពេញសិទ្ធិនៃសាលាដំបូង។

សមាជិកជ្រើសតាំងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមត្រូវបានជ្រើសក្នុងចំណោមឥស្សរជនជាចៅក្រម ឬព្រះរាជ​អាជ្ញាពេញសិទ្ធិ ឬជាអតីតចៅក្រម ឬអតីតព្រះរាជអាជ្ញា ឬឥស្សរជនដែលមានបទពិសោធការងារយ៉ាងតិច ១៥ឆ្នាំឡើងក្នុងវិស័យច្បាប់ ឬតុលាការ។ សមាជិកជ្រើសតាំងទាំងនេះមានអាណត្តិ៥ឆ្នាំ ហើយអាចឈរ​ឈ្មោះជាថ្មីសម្រាប់អាណត្តិបន្តបន្ទាប់ទៀតបាន។

ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានសមត្ថកិច្ចសម្រេច និងលើកសេចក្តីស្នើថ្វាយព្រះមហាក្សត្រអំពីការតែងតាំង ការផ្លាស់ប្ដូរ ការផ្ដាច់ពីមុខងារ ការដាក់ឲ្យនៅក្រៅក្របខណ្ឌ ការដាក់ឲ្យនៅទំនេរ និងការលុបឈ្មោះចៅក្រម និងព្រះរាជអាជ្ញាទាំងអស់។ ជាមួយគ្នានេះ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមមានសិទ្ធិពិនិត្យ និងសម្រេចចំពោះ​ការដាក់វិន័យ និងការកំណត់ក្រមសីលធម៌ដល់ចៅក្រម និងព្រះរាជអាជ្ញា។

បន្ថែមពីនេះ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមបានពិគ្រោះមតិជាចាំបាច់ ដើម្បីផ្តល់យោបល់លើសេចក្តីស្នើច្បាប់ ឬសេចក្តីព្រាងច្បាប់ ដែលទាក់ទងដល់ការរៀបចំ និងការប្រព្រឹត្តទៅនៃវិស័យតុលាការ។

ឥស្សរជនដែលកំពុងកាន់តួនាទីជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម រួមមាន៖ លោក ឌិត មន្ទី ប្រធានតុលាការកំពូល លោក កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល លោក លាង សួគ៌ លោក អ៊ិត រ៉ាឌី លោក ប្លង់ ឆ្លាម លោកស្រី ប៊ុន្នីញ ប៊ុណ្ណារី លោក ចាយ ច័ន្ទតារាវណ្ណ លោក សេង ប៊ុនឃាង លោក អ៊ីវ បូរិន្ទ និង លោក ស្រ៊ា រតនៈ៕ ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម