Connect with us

ព័ត៌មានជាតិ

អ្នកជំនាញភាសាបាលី ពន្យល់ពីអក្សរបាលីដែលមាន ក/ន នៅខាងចុង “មគ្គុទ្ទេសក៍” និង “មគ្គុទ្ទេសន៍” តើខុសគ្នាបែបណាខ្លះ?

បានផុស

នៅ

លោក អែម ឧត្តម ជាគ្រូបង្រៀនភាសាបាលី នៅពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ បានពន្យល់បកស្រាយពីការប្រើប្រាស់អក្សរបាលីដែលនៅខាងចុង គឺ ក/ន ដូចជាពាក្យ មគ្គុទ្ទេសក៍ និងមគ្គុទ្ទេសន៍ ឬ ពាក្យ មោទក និងមោទន ជាដើម ដែលធ្វើឱ្យបុគ្គលមួយចំនួនមានការភាន់ច្រឡំ និងយល់មិនទាន់ច្បាស់ពីការប្រើប្រាស់ ក/ន នៅខាងចុងនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំនាញភាសាបាលី លោក អែម ឧត្តម យល់ឃើញថា សំណេរពាក្យបាលី ឬ អក្ខរាវិរុទ្ធបាលី ដែលមាន ក/ន នៅខាងចុង នៅតែជាបញ្ហាចោទសម្រាប់អ្នកសិក្សាភាសាខ្មែរ។ ប៉ុន្តែ បើនិយាយចំពោះអ្នកសិក្សាភាសាបាលីវិញ មិនចោទជាបញ្ហាឡើយ ព្រោះគេបានយល់ច្បាស់ពីរបៀបប្រើ ក/ន ដែលបានប្រែរូបមកពីបច្ច័យ(ណ្វុ, យុ)នោះ ដូចមានជាឧទាហរណ៍ ពាក្យ មគ្គុទ្ទេសក៍ និងមគ្គុទ្ទេសន៍ មោទក និងមោទន ជាដើម។ លោកក៏បានលើកឡើងថា បញ្ហានៅត្រង់ថា ពាក្យមួយចំនួននោះ មិនត្រូវបានចារទុកក្នុងវចនានុក្រមខ្មែរ តែផ្ទុយទៅវិញ ទោះបីជាពាក្យខ្លះមិនត្រូវបានចារទុកក្នុង វចនាក្រមខ្មែរក៏ពិតមែន តែពាក្យទាំងនោះត្រូវបានគេប្រើក្នុងគម្ពីរដីកាបាលីរាប់រយ រាប់ពាន់ឆ្នាំមកហើយ ឬថា បើទោះបីជាពាក្យខ្លះមិនមានមកក្នុងគម្ពីរដីកាបាលីមែន ក៏ក្បួនឬវិធីនៃការបង្កើតពាក្យ ទាំងនោះ គេបានអនុវត្តស្របទៅតាមការកំណត់នៃក្បួនឬវិធីនៃភាសានោះដែរ ដូចពាក្យ ឃាតករ ជាដើម។

ដើម្បីយល់ឱ្យកាន់តែច្បាស់ពីលក្ខណៈខុសគ្នានៃការប្រើប្រាស់ទាំងនេះ លោក អែម ឧត្តម បានធ្វើការពន្យល់ដូចខាងក្រោមនេះ៖

ពិនិត្យតាមវេយ្យាករណ៍បាលី

ណ្វុ>ក ស្ថិតនៅក្នុងកិតប្បច្ច័យជាបច្ច័យសម្រាប់ប្រើ ដើម្បីបង្កើតពាក្យជាកត្តុរូប ហើយប្រើ បានតែកត្តុសាធនៈម្យ៉ាងក្នុងចំណោមសាធនៈចំនួន៧ ដូចពាក្យ ឧទ្ទេសក(<ឧ+ទិស៑+ណ្វុ=អ្នកប្រាប់ ឬអ្នកបង្ហាញ) ក្នុងពាក្យ មគ្គុទ្ទេសក ហើយពាក្យ មគ្គុទ្ទេសក នេះគេអាចញែកបំបែកជា មគ្គ+ ឧទ្ទេសកមគ្គ+ឧ+ ទិស៑+ណ្វុ = អ្នកប្រាប់ឬបង្ហាញផ្លូវ ឬអ្នកនាំផ្លូវ។

យុ>ន ស្ថិតនៅក្នុងកិតកិច្ចប្បច្ច័យជាបច្ច័យសម្រាប់ប្រើ ដើម្បីបង្កើតពាក្យជាកត្តុរូបក៏បានដូច ពាក្យ “សមណ, ជាកម្មរូបក៏បានដូចពាក្យ “ទាន, ជាភាវរូបក៏បាន ដូចពាក្យ ឧទ្ទេសន(<ឧ+ទិស៑ +យុ=ការប្រាប់ឬការបង្ហាញ) ក្នុងពាក្យ “មគ្គុទ្ទេសន ហើយពាក្យ មគ្គុទ្ទេសន នេះ គេញែកបំបែកជា មគ្គ+ឧទ្ទេសន មគ្គ+ឧ+ទិស៑+យុ = ការបង្ហាញផ្លូវ ឬការនាំផ្លូវ។

ប្រភពពាក្យ

វចនានុក្រមខ្មែរទូទៅមានប្រើតែ មគ្គទេសក៍ និងមគ្គុទ្ទេសក៍  មិនឃើញមានប្រើ មគ្គទេសន៍ និងមគ្គុទ្ទេសន៍ ទេ ហើយបានកំណត់និយមន័យថា៖

មគ្គទេសក៍៖ អ្នកសម្ដែងផ្លូវគឺអ្នកនាំផ្លូវ, ឯ មគ្គុទ្ទេសក៍ វិញ ចង្អុលឱ្យមើល មគ្គទេសក៍។

គម្ពីរធម្មបទភាសាបាលី ដែលមានអាយុកាលប្រមាណជាងមួយពាន់ឆ្នាំមកហើយ មានប្រើ ពាក្យ មគ្គទេសន និង មគ្គទេសក ហើយតាមអត្ថន័យនៅក្នុងសំណេរ ពាក្យទាំងពីរនោះមានរបៀប ប្រើផ្សេងគ្នាគឺ មគ្គទេសន សំដៅដល់ការប្រាប់ឬការបង្ហាញប្រាប់ផ្លូវ  ឯ មគ្គទេសក សំដៅដល់មនុស្ស ឬបុគ្គលអ្នកប្រាប់ ឬអ្នកបង្ហាញផ្លូវ។

បទានុក្រមធម្មបទបាលីបោះពុម្ពគ្រាទី២នៅឆ្នាំ១៩៦៨ រៀបរៀងដោយព្រះសាសនមុនីកិម តូរ នៅឆ្នាំ១៩៦២ ឃើញមានពាក្យ មគ្គុទ្ទេសន តែមិនឃើញពាក្យ មគ្គុទ្ទេសក ទេ ហើយអ្នក និពន្ធបានបំបែកពាក្យនោះជាពីរ (មគ្គ+ឧទ្ទេសន) ដែលប្រែជាភាសាខ្មែរថា កិរិយាសម្ដែង ឡើងនូវផ្លូវ។

សទ្ទានុក្រមបាលីខ្មែរ រៀបរៀងដោយគណៈកម្មការស្រាវជ្រាវ និងរៀបរៀងសទ្ទានុក្រមបាលី-ខ្មែរឆ្នាំ២០១០ បានសរសេរស្រាយពាក្យ មគ្គុទ្ទេសន នេះជាបទរាយ និងជាបទរួមបែបបាលីថា មគ្គស្ស ឧទ្ទេសនំ > មគ្គុទ្ទេសនំ “ការបង្ហាញនូវផ្លូវ” (ទុតិយាតប្បុរិសសមាស)។

វចនានុក្រមអង់គ្លេស-បាលី បោះពុម្ពនៅឆ្នាំ១៩៥៥ និពន្ធដោយអគ្គមហាបណ្ឌិតពុទ្ធទត្ត មហាថេរ  ត្រង់មេពាក្យ Guide  អ្នកនិពន្ធបានប្រែទៅជាបាលីថា  មគ្គុទ្ទេសក ឯពាក្យ  guidance​វិញ អ្នកនិពន្ធបានប្រែទៅជាបាលីថា មគ្គុទ្ទិសន ហើយដែលពាក្យ មគ្គុទ្ទិសន នេះដូចគ្នានឹង មគ្គុទ្ទេសន  ដែរ គ្រាន់តែមួយប្រើវិធីព្រឹទ្ធិ នៃទិស៑>, ឯមួយទៀតមិនព្រឹទ្ធិតែប៉ុណ្ណោះ។

ពាក្យបាលីដែលចុះ “យុបច្ច័យ ស្ដែងពីអំពើឬសកម្មភាព និងដែលចុះ “ណ្វុបច្ច័យ ស្ដែងពី មនុស្ស មានចំនួនច្រើនដែលយើងបានយកមកប្រើរួចហើយក្នុងភាសាខ្មែរដូចជា៖

  • ឥណទាន និង ឥណទាយក គឺ ការឱ្យខ្ចី និង អ្នកឱ្យខ្ចី
  • គិលានុបដ្ឋាន និង គិលានុបដ្ឋាក គឺ ការបម្រើអ្នកជំងឺ និង អ្នកបម្រើអ្នកជំងឺ
  • ចរាចរណ៍ និង ចរាចរក គឺ ការដើរត្រឡប់ចុះត្រឡប់ឡើង និង អ្នកដើរត្រឡប់ចុះត្រឡប់ឡើង
  • បរិភាសន និង បរិភាសក គឺ ការជេរប្រទេច និង អ្នកជេរប្រទេច
  • សវន និង សាវក គឺ ការស្ដាប់ និង អ្នកស្ដាប់។ល។

ចំពោះពាក្យមួយចំនួនដែលមានលក្ខណៈដូចពាក្យខាងលើដែរ តែបែរជាមានតែមួយទៅវិញ
តើយើងធ្លាប់សួរខ្លួនយើងថា ហេតុអ្វីបានជាដូច្នោះដែរឬទេ? តើយើងគួរតែបញ្ចូលឱ្យមានតាមរបៀប ខាងលើដែរឬទេ? ខ្ញុំសូមលើកយកពាក្យ ជីវិតទាន មកជាឧទាហរណ៍ ហេតុអ្វីបានជា មានតែ “ការឱ្យជីវិត=ជីវិតទាន” ចុះ “អ្នកឱ្យជីវិត=ជីវិតទាយក” ម្ដេចក៏មិនមាន? ដូចគ្នានេះដែរ ហេតុអ្វី បានជាមានតែ “អ្នកបង្ហាញផ្លូវ=មគ្គុទ្ទេសក” ចុះ “ការបង្ហាញផ្លូវ=មគ្គុទ្ទេសន” ម្ដេចក៍មិនមាន?  តើ កំហុសមកពីអ្នកធ្វើមុន ឬ មកពីយើងខ្ជិលស្រាវជ្រាវបន្ត ឬ ក៏មកពីយើងមិនចេះ ទើបមិនព្រមធ្វើឱ្យមាន? ពាក្យ ឃាតករ មិនមានទាល់តែសោះនៅក្នុងគម្ពីរដីកាបាលី ហេតុអ្វីបានជាយើងបង្កើតប្រើ បាន ហើយថែមទាំងនិយាយពេញមាត់ថាពាក្យនឹងជាពាក្យ បាលី ទៀតនោះ?

លោក អែម ឧត្តម សង្កេតឃើញថា ថ្មីៗនេះ បញ្ញវន្តខ្មែរបានប្រើពាក្យ មោទន បន្ថែមលើពាក្យ មោទក ដែលមានស្រាប់ នៅក្នុងពាក្យ មោទកភាព ជា មោទនភាព។ ពាក្យទាំងពីរនេះ សម្រាប់អ្នកដែលបានសិក្សាភាសាបាលីច្បាស់លាស់មិនមានអ្វីចម្លែក និងថ្មីនោះទេ ព្រោះពាក្យទាំងពីរនេះមានប្រើក្នុងភាសាបាលីរួចមកហើយដែរ មិនតែប៉ុណ្ណោះ ពាក្យដែលកើតចេញពីឫស មុទ៑ នេះ នៅមានច្រើនទៀតក្រៅពី មោទក មោទន គឺ មោទន្ត មោទមាន  មោទិត មោជ្ជ មោទ មោទតិ។

តាមរយៈការបកស្រាយខាងលើចំពោះមន្ទិលលើការប្រើពាក្យ ឬ អក្សរបាលី ក/ន នៅខាងចុង លោក អែម ឧត្តម សង្ឃឹមថា នឹងអាចរួមចំណែកមួយផ្នែកឱ្យមហាជនបានយល់ដឹងបន្ថែមពីការប្រើប្រាស់អក្សរខ្មែរបានទូលំទូលាយ ប្រកបដោយហេតុផល។ ជាពិសេស ធ្វើឱ្យមានការយល់ដឹងច្រើនពីវិសាលភាពភាសាបាលី និងវេយ្យាករណ៍បាលី ដែលមនុស្សគ្រប់រូប គួរតែសិក្សា ស្វែងយល់ទាំងអស់គ្នា ដើម្បីប្រយោជន៍អក្សរសាស្ត្រជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លូវ​ក្រវាត់​ព្រំដែន​ខេត្តមណ្ឌលគិរី លេចរូប​រាង​បណ្ដើរៗ ដើម្បី​ត្រៀម​ទទួល​ពលរដ្ឋ​ដែល​ចង់មកលេង​កម្សាន្ត

ព័ត៌មានជាតិ៩ ម៉ោង មុន

កាកបាទក្រហម​កម្ពុជា ឧបត្ថម្ភ​ថវិកា​៣សែនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ ជួប​ពិភាក្សា​ជាមួយភារធារីស្តីទីនៃស្ថានទូតលុចសំបួប្រចាំ​ប្រទេស​ឡាវ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តកណ្តាល ថ្លែងអំណរគុណពលរដ្ឋ ដែល​ចូលរួម​គាំទ្រ​រាជរដ្ឋាភិបាល​កសាង​គម្រោង​ព្រែកជីកហ្វូណនតេជោ

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

មោទនភាព! ផលិតផលកម្ពុជារីកមុខរីកមាត់ នៅលើកម្មវិធីតាំងពិព័រណ៌អាហារនិងភេសជ្ជៈលំដាប់ពិភពលោក

Sokha Hotels

ព័ត៌មានពេញនិយម