Connect with us

ព័ត៌មានជាតិ

ចំណូលដែលបានពីដាក់លក់ដេញថ្លៃវត្ថុតាងនឹងយកទៅទុកក្នុងគណនីក្រសួងយុត្តិធម៌

បានផុស

នៅ

អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក សេង ឌីណា បានបញ្ជាក់ថាការដាក់ដេញថ្លៃវត្ថុតាង/វត្ថុចាប់យកតាមការសម្រេចរបស់តុលាការគឺធ្វើឡើងតាមគោលការណ៍ដែលបានអនុញ្ញាតដោយក្រសួងសេដ្ឋកិច្ច ហើយលុយដែលបានពីការដេញថ្លៃ និងត្រូវ​តម្កល់ទុកក្នុងគណនីរបស់ក្រសួងយុត្តិធម៌។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី២១ ខែកុម្ភៈ គណៈកម្មការគ្រប់គ្រងនិងចាត់ចែងវត្ថុតាងបានសម្រេចប្រកាសដាក់ដេញថ្លៃវត្ថុតាងចាប់យកជាសំណល់អេតចាយរួមមានតូចចក្រក្រយានយន្ត ៤ ៥៤៤គ្រឿង របស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាដំបូងខេត្តព្រះសីហនុ។

តម្លៃមូលដ្ឋានដែលត្រូវបានដាក់ដេញថ្លៃមានតម្លៃសរុបប្រមាណ ១៣ម៉ឺន៦ពាន់ដុល្លារអាមេរិក។

អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក សេង ឌីណា បានប្រាប់កម្ពុជាថ្មីថា វត្ថុតាង និងវត្ថុចាប់យកទាំងនោះធ្វើឡើងតាមសេចក្ដីសម្រេចរបស់តុលាការ ហើយការលក់ដេញថ្លៃម៉ូតូចាស់ៗនេះ ត្រូវធ្វើឡើង ដោយមានគោលការណ៍អនុញ្ញាតពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងក្របខ័ណ្ឌនៃគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង ស្របតាមប្រកាសរួម ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងយុត្តិធម៌។

លោកថា៖ «ចំណូលដែលបានពីការលក់ដេញថ្លៃនេះ នឹងត្រូវដាក់តម្កល់ទុកក្នុងគណនី ក្រសួងយុត្តិធម៍ ដែលអនុញ្ញាតដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ»។

ប្រកាសរួមស្ដីពីការបង្កើតគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាងបានសម្រចគណៈកម្មការគ្រប់គ្រងចាត់ចែងលើវត្ថុតាង​ទាំងអស់ដែលត្រូវបានរឹបអូសជាទ្រព្យសម្បត្តិរដ្ឋដោយស្ថាប័នតុលាការ។ វត្ថុតាងទាំងនោះមានទាំងចលនទ្រព្យ និងអចលនទ្រព្យ នឹងត្រូវធ្វើតាមនីតិវធីដេញថ្លៃដែលបានចែងក្នុងប្រកាសរួមនេះ ដោយចំណូលពីការចាត់ចែងវត្ថុតាងត្រូវបានកត់ត្រាទាំងស្រុងជាចំណូលថវិការដ្ឋ និងត្រូវបែងចែក ៨៩%ដល់គណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង ១០%ចូលរដ្ឋ និង១%ទៅកាន់ក្រសួងសេដ្ឋកិច្ច៕

អត្ថបទដោយ ហ៊ុន សិរីឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម