Connect with us

ព័ត៌មានជាតិ

ក្រុមអ្នកលក់ដូរលក់ហៀរលើចំណីផ្លូវកកស្ទះចរាចរណ៍រាល់ថ្ងៃ នៅសង្កាត់ចោមចៅទី ២

បានផុស

នៅ

កំណាត់​ផ្លូវ​ចោមចៅ ត្រង់​ចំណុច​មុខ​រោងចក្រ​អាម៉េរិកាំង ក្នុង​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​ទី ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវ​បាន​ក្រុម​អ្នក​លក់ដូរ​មួយ​ចំនួន​យក​ចំណី​ផ្លូវ​ដាក់​តាំង តុ របស់របរ​លក់ដូរ រាល់ថ្ងៃ ធ្វើ​ឱ្យ​កកស្ទះ​ចរាចរណ៍ ទោះ​ជា​អាជ្ញាធរ​ធ្លាប់​បាន​អប់រំ​ណែនាំ តែ​បាន​មួយ​ភ្លែត ពេញ​វិញ​ដដែល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ​សង្កាត់ បាន​ឱ្យ​ដឹង​ថា ចំណុច​ខាង​លើ​ធ្លាប់​បាន​ចុះ​ទៅ​ធ្វើការ​អប់រំ​ណែនាំ​ដល់​អ្នក​ប្រកប​របរ​លក់ដូរ ជៀសវាង​យក​ចំណី​ផ្លូវ ចិញ្ចើម​ផ្លូវ​សាធារណៈ ដាក់​តាំង ធ្វើជា​កន្លែង​លក់ដូរ ដែល​នាំ​ឱ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​ដង​ផ្លូវ ក៏ប៉ុន្តែ​នៅ​មាន​អ្នក​មួយ​ចំនួន​តូច​ឆ្លៀត​ឈប់​ចត​លក់​លើ​ចិញ្ចើម​ផ្លូវ​ដដែល។

បើ​តាម​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា រាល់ថ្ងៃ​ទៅ​ហើយ ពិសេស​នៅ​វេលា​ម៉ោង ៦ ព្រឹក ម៉ោង ៤ រសៀល មាន​អ្នក​លក់ដូរ​មួយ​ចំនួន​តូច​យក​ចំណី​ផ្លូវ​ចោមចៅ​ធ្វើជា​កន្លែង​លក់ដូរ បង្ក​ឱ្យ​បាត់បង់​សណ្ដាប់ធ្នាប់​ដង​ផ្លូវ កកស្ទះ​ចរាចរណ៍ ស្រប​ពេល​​កម្មករ​ចេញ ឬ ចូល​រោងចក្រ​ទៀត ធ្វើ​ឱ្យ​កាន់តែ​កកស្ទះ។

ប្រជាពលរដ្ឋ​ដដែល​បន្ត​ទៀត​ថា ចំណុច​ខាងលើ ខាង​អាជ្ញាធរ​សង្កាត់​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​ដូច​អូស​ទូក​កាត់​ចក បាន​តែមួយ​ភ្លែត​ទេ កម្លាំង​អាជ្ញាធរ​ទៅ​បាត់ អ្នក​លក់ដូរ​ដាក់​មក​លើ​ចំណី​ផ្លូវ​ដដែល។

ពាក់ព័ន្ធ​បញ្ហា​ប្រឈម​នេះ ពលរដ្ឋ​អ្នកដំណើរ បាន​សំណូមពរ​ដល់​អាជ្ញាធរ សង្កាត់ ខណ្ឌ សូម​មេត្តា​ជួយ​ពិនិត្យ​រៀបចំ​សណ្ដាប់ធ្នាប់​ចំណុច​ខាងលើ ដើម្បី​ឱ្យ​មាន​សណ្ដាប់ធ្នាប់ សោភណភាព ប្រសើរ ជាង​នេះ​ទៅ​ទៀត​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍។

ជុំវិញ​ករណី​នេះ​ដែរ កម្ពុជា​ថ្មី បាន​ទាក់ទង​ទៅ លោក សក់ កញ្ញា​រិទ្ធ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ តែ​មិន​មាន​ការ​ឆ្លើយតប៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម