ព័ត៌មានជាតិ
តើទស្សនៈ«អ្នកកំពូលប្រយុទ្ធ មិនដែលចេះខឹង» មានន័យដូចម្ដេច?
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចែករំលែកទស្សនៈរបស់អ្នកប្រាជ្ញចិន ឡៅ ជឺ ដែលនិយាយថា «អ្នកកំពូលប្រយុទ្ធ មិនដែលចេះខឹង» លើហ្វេសបុកផ្ទាល់ខ្លួនរបស់សម្ដេចនៅព្រឹកថ្ងៃទី១០ ខែមិថុនានេះជាមួយនឹងសំណេរបន្ថែមថា «រក្សាភាពស្ងៀមស្ងាត់។ ផ្ដោតជានិច្ចលើគោលដៅធំ។ ពេលមានឱកាស កុំរារែកក្នុងការវាយលុក»។

ការបង្ហោះរបស់សម្ដេចដូចនេះត្រូវបានគេជឿថាអាចជាប់ពាក់ព័ន្ធនឹងការយល់ឃើញរបស់សម្ដេចលើបញ្ហាព្រំដែនជាមួយថៃដែលកំពុងកើនឡើងកម្ដៅនៅប៉ុន្មានសប្ដាហ៍មកនេះផងដែរ។
អ្នកជំនាញទស្សនៈវិជ្ជាលោកបណ្ឌិត ឈត ប៊ុនថង យល់ថាការបង្ហោះរបស់ថ្នាក់ដឹកនាំប្រទេសមួយពិតជាមានបំណងអ្វីមួយបង្កប់ទាក់ទងនឹងបច្ចុប្បន្នភាពដែលលោកចង់ឱ្យប្រជាពលរដ្ឋពិចារណាដើម្បីកុំឱ្យពលរដ្ឋជ្រួលច្របល់តាមខ្សែញាក់របស់ភាគីម្ខាងទៀត។
លោកថា៖ «អ្នកនយោបាយមិនមែនមានពេលទំនេរមកនិយាយលេងទេ! បើសិនជាគាត់លើកប្រាកដណាស់ថាពិតជាទាក់ទងជាមួយបច្ចុប្បន្នភាពហើយបច្ចុប្បន្នភាពឥឡូវនេះកម្ពុជាកំពុងប្រឈមនឹងថៃរឿងបញ្ហាព្រំដែន។ ហើយទស្សនវិជ្ជា ឡៅ ជឺ ដែលលោកលើកតិចឬច្រើន លោកឱ្យពិចារណាភ្ជាប់ជាមួយនឹងទំនាស់ព្រំដែនកម្ពុជានិងថៃនេះហើយ»។

លោកបណ្ឌិត ឈត ប៊ុនថង មានប្រសាសន៍ថាតាមរយៈការបង្ហោះសុភាសិតនេះក៏បង្ហាញថានាយករដ្ឋមន្ត្រីកម្ពុជាក៏កំពុងអនុវត្តន៍ការងារតាមសុភាសិតមួយនេះផងដែរ។
សុភាសិតលោក ឡៅ ជឺ «កំពូលអ្នកប្រយុទ្ធ មិនដែលចេះខឹង» មានអត្ថន័យថា ការរក្សាចិត្តស្ងប់ និងផ្តោតអារម្មណ៍គឺមានប្រយោជន៍ក្នុងការប្រយុទ្ធ ដែលអនុញ្ញាតឱ្យមានការសម្រេចចិត្ត និងយុទ្ធសាស្ត្រកាន់តែប្រសើរឡើង។ វិធីសាស្រ្តនេះសង្កត់ធ្ងន់ទៅលើការគ្រប់គ្រង និងការស្ងប់ស្ងាត់លើប្រតិកម្មរំជើបរំជួល។ កំហឹងអាចធ្វើឲ្យមានការវិនិច្ឆ័យ និងនាំទៅរកការសម្រេចចិត្តមិនល្អ ខណៈពេលដែលចិត្តស្ងប់អនុញ្ញាតឱ្យមានយុទ្ធសាស្ត្រ និងការគ្រប់គ្រងកាន់តែប្រសើរ។
លោកបណ្ឌិត ឈត ប៊ុនថង ឱ្យដឹងថា៖ «មិនមែនថាមនុស្សមិនចេះខឹងទេ! តែការខឹងនោះត្រូវចេះគ្រប់គ្រង រកវិធីយ៉ាងណាដើម្បីប្រឈមនឹងដោះស្រាយ មិនមែនជាការច្រលោត និងឆេវឆាវនោះទេ»។

កាលពីថ្ងៃទី៨ ខែមិថុនា ពេលដែលកងទ័ពកម្ពុជា-ថៃ សម្រេចកែសម្រួលកងទ័ពនៅព្រំដែនដែលមានជម្លោះប្រតិកម្មជាច្រើនក្នុងប្រទេសបានផ្ដោតលើរដ្ឋាភិបាលកម្ពុជាជាខ្លាំង រហូតដល់នាយករដ្ឋមន្ត្រីបានបញ្ជាក់នាថ្ងៃបន្ទាប់ថាគ្មានការដកទ័ពកម្ពុជាពីតំបន់ជម្លោះ ហើយការពង្រាយកម្លាំងកែសម្រួលគឺក្នុងដីខ្លួនឯង និងត្រៀមខ្លួនការពារបូរណភាពទឹកដី។
ស្ថានភាពព្រំដែនកម្ពុជា-ថៃបានកើនឡើងកម្ដៅចាប់ពីថៃបានឆ្មក់ចូលមកបាញ់សម្លាប់ទាហានខ្មែរម្នាក់នៅព្រំដែនមុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់និយាយនៅក្នុងវេទិកាជួបពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុនកាលពីថ្ងៃទី៣១ ខែឧសភា ថាក្នុងនាមជានាយករដ្ឋមន្ត្រី សម្ដេចពាក់មួក២ ដែលមួកមួយគឺជាមួកនាយករដ្ឋមន្ត្រី ដែលត្រូវគិតគូរពីប្រយោជន៍ប្រជាជន និងសេដ្ឋកិច្ច ការពារកុំឱ្យមានការបាត់បង់ជីវិតពលរដ្ឋនិងទាហាន និងមួកមួយទៀតគឺមួកមេទ័ព ដែលសម្ដេចថាបើក្នុងស្ថានភាពដែលសម្ដេចប្រើមួកមេទ័ពហើយ គឺនិយាយតែពីការធ្វើសង្គ្រាមឱ្យឈ្នះមួយប៉ុណ្ណោះ៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


