Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ​អំពាវនាវពលរដ្ឋរកការងារធ្វើនៅក្នុងស្រុកជាជាងទៅប្រទេសថៃវិញ

បានផុស

នៅ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវជាថ្មីដល់​ពលរដ្ឋ​ខ្មែរ​ដែល​បាន​វិលត្រលប់​មក​កម្ពុជាសូម​ស្វែងការងារ​ធ្វើ​ក្នុង​ប្រទេស​ជា​ជាង​ត្រលប់​ទៅចំណាកស្រុក​ខុស​ច្បាប់​ទៅ​ប្រទេស​ថៃវិញ ខណៈកម្ពុជា​កំពុង​ត្រូវ​ការ​កម្លាំង​ពលកម្ម​ជិត​១០ម៉ឺនកន្លែង​ទៀត​ដល់​ពលរដ្ឋ​ ដែលមាន​ប្រាក់ខែ​សមរម្យ និង​អត្ថប្រយោជន៍​ជា​ច្រើន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​នាំពាក្យ​ក្រសួងការងារ​លោក ស៊ុន មេសា បាន​ជំរុញ​ដល់​ពលរដ្ឋ​ដែល​រក​ការងា​រធ្វើ​ក្នុង​ស្រុក​ទាក់ទង​ទៅ​លេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារធ្វើនៅក្នុងប្រទេសកម្ពុជា។

លោកបញ្ជាក់ថា៖ «ឱកាសការងារនៅកម្ពុជាមានប្រមាណជិត ១០ម៉ឺនកន្លែង នេះជាពិសេសវិស័យឧស្សាហកម្មដែលកំពុងផ្តល់ឱកាសដល់ពលរដ្ឋយើងដែលពេញកម្លាំង បើទោះបីជាមានបទពិសោធន៍ ឬគ្មានបទពិសោធន៍ឱ្យចូលធ្វើការ។ ដូចនេះ បងប្អូនខ្មែរយើង ឬពលករដែលចង់បានការងារសូមទាក់ទងលេខទូរសព្ទ ១២៩៧ ដើម្បីទទួលបានការងារភ្លាមៗ»

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវឱ្យពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញជ្រើសរើសឱកាសការងារក្នុងស្រុក និងមិនត្រូវប្រថុយប្រថានត្រឡប់ទៅធ្វើការដោយខុសច្បាប់នៅប្រទេសថៃនោះឡើយក្នុងខណៈដែលប្រទេសទាំងពីរកំពុងបន្តមានអរិភាពតាមបន្ទាត់ព្រំដែន។ លោកបន្ថែមដោយបានលើកឡើងពីហានិភ័យនៃការធ្វើចំណាកស្រុកដោយខុសច្បាប់ដូចជាការរំលោភបំពានពីនិយោជក ការមិនផ្តល់អត្ថប្រយោជន៍ស្របតាមច្បាប់ ឬការចុះអធិការកិច្ចពីអាជ្ញាធរម្ចាស់ប្រទេសដែលនាំដល់ការចាប់ខ្លួនជាដើម។

សូមរំលឹកផងដែរថា ដើម្បីជួយផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការបានដាក់ចេញយុទ្ធនាការជាច្រើនដូចជា ការដាក់មណ្ឌលសំចត ឬកន្លែងទទួលពលករនៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជានិងថៃចំនួន ៦កន្លែង ការធ្វើវេទិកាការងារតាមភូមិស្រុកដោយនាំយករោងចក្រសហគ្រាសទៅជាមួយ ការធ្វើវេទិកាការងារជាប្រចាំនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងទីស្នាក់ការប.ស.ស.ទូទាំងប្រទេស និងការសម្របសម្រួលជាមួយរោងចក្រសហគ្រាសសម្រាប់ការចូលបំពេញការងាររបស់បងប្អូនប្រជាពលរដ្ឋខ្មែរ។ បន្ថែមពីនេះ ក្រសួងការងារបានរៀបចំប្រព័ន្ធ hotline ១២៩៧ សម្រាប់សម្រួលដល់ការស្វែងរកការងារធ្វើរបស់ពលរដ្ឋខ្មែរផងដែរ។ 

តាមរបាយការណ៍​របស់​ក្រសួងការ​ងារ​គិត​ត្រឹម​ថ្ងៃទី​១០ ខែ​កញ្ញា មាន​ពលករ​ខ្មែរ​ដែល​ត្រលប់​ពី​ថៃ​ជាង​២២ម៉ឺននាក់​ទទួល​បាន​ឱកាស​ងារ​ក្នុង​ស្រុក តាម​យន្ត​ការ​របស់​ក្រសួង​ការងារ និង​តាម​រយៈការ​ជួយ​សម្របសម្រួល​ពី​វិស័យ​ឯកជន៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម