Connect with us

ព័ត៌មានជាតិ

កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម

បានផុស

នៅ

ទីក្រុងហ្សឺណែវ ៖ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ឆ្លៀត​ឱកាស​ជួប​ពិភាក្សា​ការងារជាមួយ លោក បណ្ឌិត តាន់ ស៊ីឡេង (Tan See Leng) រដ្ឋមន្ត្រីក្រសួងហត្ថពលកម្មនៃសា​ធារណរដ្ឋសិង្ហបុរី នៅក្នុងអំឡុងពេលសន្និសីទអន្តរជាតិខាងការងារលើកទី ១១៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ជាពិសេសលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ លោក ហេង សួរ បាន​វាយតម្លៃខ្ពស់​ចំពោះ​ភាព​ជា​ដៃ​គូ​រវាង​ប្រទេស​កម្ពុជា និង សិង្ហបុរី ដោយ​លោក​បាន​បង្ហាញការ​ចំណាប់​អារម្មណ៍​លើ​ការ​បង្កើនកិច្ចសហប្រតិបត្តិការ​លើការងារសមរម្យ ការអនុវត្តធុរកិច្ចប្រកបដោយការទទួលខុសត្រូវ និងការអភិវឌ្ឍកម្លាំងពលកម្មជំនាញ។

ទន្ទឹម​នឹង​នេះ លោក​ក៏​បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការលើជំនាញបៃតង និងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET), ចំណេះដឹងផ្នែកបញ្ញាសិប្បនិម្មិត (AI) និងការត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល ព្រមទាំងការសិក្សាពេញមួយជីវិត ក្រោមគំនិតផ្តួចផ្តើមនៃកម្មវិធីអភិវឌ្ឍជំនាញសម្រាប់អនាគត (Skills Future) ព្រមទាំងក្របខ័ណ្ឌទទួលស្គាល់គុណវុឌ្ឍ។

នា​ឱកាស​នោះ លោក​បណ្ឌិត តាន់ ស៊ីឡេង បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់កម្ពុជា ក្នុងការរៀនសូត្រពីបទពិសោធសិង្ហបុរីលើកម្មវិធីអភិវឌ្ឍជំនាញសម្រាប់អនាគត ការសិក្សាពេញមួយជីវិត ជំនាញឌីជីថល និងជំនាញបៃតង។ ភាគី​សិង្ហបុរីបានបង្ហាញការបើកចំហក្នុងការពិភាក្សាបន្ថែមលើកិច្ចសហប្រតិបត្តិការដែលអាចជួយ​ឱ្យ​កម្ពុជា​ពង្រឹង​ភាព​ប្រកួត​ប្រជែង​នៃ​កម្លាំង​ពលកម្ម។

ភាគី​ទាំងពីរ​បាន​សម្តែង​នូវការជឿជាក់យ៉ាងមុតមាំថា កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ​រវាងកម្ពុជា និងសិង្ហបុរី នឹងបន្តវិវត្តទៅជាភាពជាដៃគូយុទ្ធសាស្ត្របន្ថែមទៀត ដើម្បី​គាំទ្រ​ដល់​កំណើនប្រកបដោយចីរភាព ភាពធន់នៃកម្លាំងពលកម្ម និងសមាហរណកម្មអាស៊ាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម