Connect with us

ព័ត៌មានជាតិ

ក្រសួងការបរទេសកម្ពុជា ហៅទង្វើទាហានថៃធ្វើមកលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ថាជា«សកម្មភាពគឃ្លីន និងបង្កហេតុ»

បានផុស

នៅ

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ«សកម្មភាពគឃ្លីន និងបង្កហេតុ» ដែលប្រព្រឹត្តដោយកងកម្លាំងប្រដាប់អាវុធថៃនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្រសួងការបរទេសកម្ពុជាថា មិនទទួលបានទេនូវសកម្មភាពរបស់ក្រុមទាហានថៃនេះ ព្រោះវាបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ក៏ដូចជា ទៅលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងបទដ្ឋានមនុស្សធម៌ ព្រមទាំងជារំលោភបទឈប់បាញ់ផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការបរទេសកម្ពុជា បានអះអាងថា ទាហានថៃដែលប្រដាប់ដោយខែលការពារ ដំបង និងអាវុធ បានចូលមកក្នុងទឹកដីកម្ពុជា ហើយបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ ប្រើឧបករណ៍បំពងសម្លេងហ្វ្រេកង់ខ្ពស់ ដែលធ្វើឱ្យប៉ះពាល់ដល់ត្រចៀករបស់ប្រជាពលរដ្ឋកម្ពុជា នៅភូមិព្រៃចាន់។ សកម្មភាពទាំងនេះ បានបណ្តាលឱ្យមានរបួសដល់ជនស៊ីវិលជាច្រើននាក់ រួមទាំងព្រះសង្ឃផងដែរ នៅក្នុងអំឡុងពេលប្រឈមមុខដាក់គ្នាដ៏តានតឹងជាមួយប្រជាពលរដ្ឋកម្ពុជា ដែលកំពុងការពារផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ខ្លួនដោយសន្តិវិធី។

កាលពីរសៀលថ្ងៃពុធម្សិលមិញ កងកម្លាំងចម្រុះរបស់ថៃបានបន្តចូលមកឈ្លានពាន​ដោយរាយបន្លាលួសលើទឹកដីកម្ពុជានៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប៉ុន្តែ ត្រូវបានប្រជាពលរដ្ឋខ្មែរដែលជាអ្នកភូមិនៅទីនោះ បាននាំគ្នាទៅរារាំងកងកម្លាំងចម្រុះរបស់ថៃ។ ពេលនោះ កងកម្លាំងចម្រុះរបស់ថៃ បានប្រើប្រាស់កាំភ្លើងបាញ់គ្រាប់ជ័យ គ្រាប់បែកផ្សែង ចម្ពាមកៅស៊ូបាញ់គ្រាប់ឃ្លីបានមកលើប្រជាពលរដ្ឋខ្មែរ បណ្តាលឱ្យពលរដ្ឋខ្មែរ ព្រះសង្ឃ ទាហាន និងប៉ូលិសកម្ពុជាដែលគ្មានអាវុធក្នុងដៃយ៉ាងហោចជិត២០អង្គ/នាក់ បានរងរបួសធ្ងន់ស្រាល។ ជាមួយគ្នានេះផងដែរ កងកម្លាំងចម្រុះរបស់ថៃ ក៏បានប្រើឧបករណ៍បំពងសំឡេងហ្វ្រេកង់ខ្ពស់ធ្វើឱ្យប៉ះពាល់ដល់ត្រចៀករបស់ប្រជាពលរដ្ឋកម្ពុជាថែមទៀតផង។

សម្រាប់ក្រសួងការបរទេសកម្ពុជា សកម្មភាពបំភិតបំភ័យដែលពុំអាចទទួលយកបាននេះ រួមជាមួយនឹងការភ្ជង់ដោយអាវុធពិតទៅលើជនស៊ីវិល គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យ និងបូរណៈភាពទឹកដីរបស់កម្ពុជា ក៏ដូចជា ទៅលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងបទដ្ឋានមនុស្សធម៌។ បើតាមក្រសួងការបរទេសកម្ពុជា ជនស៊ីវិលកម្ពុជាដែលគ្មានអាវុធ និងកំពុងរស់នៅដោយសន្តិភាពលើទឹកដីដូនតារបស់ខ្លួន មិនត្រូវទទួលរងនូវការគំរាមកំហែង ការរំខាន ឬអំពើហិង្សា ដូច្នេះឡើយ។ ការបង្កហេតុជាបន្តបន្ទាប់ពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ មិនត្រឹមតែប៉ះពាល់ដល់បទឈប់បាញ់ដ៏ផុយស្រួយតាមបណ្តោយព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងធ្វើឱ្យអន្តរាយយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលទាំងពីរ ក្នុងការដោះស្រាយវិវាទតាមរយៈកិច្ចសន្ទនាដោយសន្តិវិធី និងយន្តការចរចានានា ។

ហេតុដូច្នេះហើយ ក្រសួងការបរទេសកម្ពុជា ទទូចឱ្យកងកម្លាំងប្រដាប់អាវុធថៃ បញ្ឈប់ជាបន្ទាន់នូវសកម្មភាពអរិភាពបែបនេះ អនុវត្តការអត់ធ្មត់ជាទីបំផុត និងធានាថា ទាហានរបស់ខ្លួនគោរពយ៉ាងពេញលេញនូវអធិបតេយ្យ សេចក្តីថ្លៃថ្នូរ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជា។ មិនតែប៉ុណ្ណោះ កម្ពុជាអំពាវនាវបន្ថែមទៀតដល់សហគមន៍អន្តរជាតិ ជាពិសេស អាស៊ាន និងបណ្តាដៃគូពាក់ព័ន្ធឱ្យយកចិត្តទុកដាក់លើការវិវត្តដ៏គួរឱ្យព្រួយបារម្ភទាំងនេះ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនានា សំដៅទប់ស្កាត់ការកើនឡើងនៃភាពតានតឹងបន្ថែមទៀត។

ក្រសួងការបរទេសកម្ពុជា បានប្រកាសអះអាងថា កម្ពុជានៅតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី ដោយផ្អែកលើគោលការណ៍នៃភាពជាអ្នកជិតខាងល្អ ច្បាប់ អន្តរជាតិ និងស្មារតីសាមគ្គីភាពរបស់អាស៊ាន។ កម្ពុជា បានគូសបញ្ជាក់យ៉ាងខ្ជាប់ខ្ជួនថា កិច្ចសន្ទនា និងការចរចា គឺជាមាគ៌ាឆ្ពោះទៅមុខដែលអាចធ្វើបានតែមួយគត់តាមរយៈការប្រើប្រាស់យន្តការទ្វេភាគីឱ្យបានពេញលេញ ដូចជា គណៈកម្មាធិការព្រំដែនទូទៅ (GBC) គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) និងគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ ប្រកបដោយការស្ថាបនា។ កម្ពុជាក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃវិធានការកសាងទំនុកចិត្ត កិច្ចសហប្រតិបត្តិការផ្នែកមនុស្សធម៌ និងការការពារជនស៊ីវិលនៅតាមបណ្តោយព្រំដែន ខណៈបដិសេធនូវរាល់សកម្មភាពទាំងឡាយណាដែលអាចបង្កើនភាពតានតឹង។ តាមរយៈការផ្តល់អាទិភាពដល់មធ្យោបាយការទូត និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ កម្ពុជាប៉ងប្រាថ្នាឱ្យជម្លោះត្រូវបានដោះស្រាយតាមរយៈការយោគយល់គ្នាទៅវិញទៅមក ដោយលើកកម្ពស់ស្ថិរភាព និងភាពសុខដុមរមនា សម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម