Connect with us

ព័ត៌មានជាតិ

អ្នក​តាមដានថា ការពិតមានតែមួយ ហើយបើថៃស្អាតស្អំមែនគួរតែហ៊ានទៅ ICJ

បានផុស

នៅ

អ្នក​វិភាគ​​បាន​បង្ហាញ​ការ​ហួស​ចិត្ត​នឹង​សំដី​របស់​រដ្ឋមន្ត្រី​ការបរទេស​ថៃ​លោក Sihasak Phuangketkeow ដែល​ថា​កម្ពុជា​ជា​អ្នក​បង្កើត​បញ្ហា​ព្រំដែន​និង​ពង្រីក​ដល់​ថ្នាក់​អន្តរជាតិ។ អ្នកវិភាគ​បាន​បង្ហាញ​នូវ​ចំណាប់​អារម្មណ៍​ថា​ការពិត​មាន​តែមួយ​ ហើយ​បើ​ថៃ​ពិតជា​ស្អាតស្អំ​មែន​នោះ​គួរ​តែ​ហ៊ាន​តស៊ូ​នៅ​តុលាការ​យុត្តិធម៌អន្តរជាតិ​ជាមួយ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​លោក​បណ្ឌិត គិន ភា បាន​សរសេរ​លើ​ហ្វេសបុក​របស់​លោក​កាលពី​ថ្ងៃទី២៨ ខែ​កញ្ញា​ថា លោក​បាន​អាន​សុន្ទរកថា​របស់​រដ្ឋមន្ត្រី​ការបរទេស​ថៃ​រួច​មាន​អារម្មណ៍​ខឹង​ផង ស្ងើច​ផង។ លោក​ថា​ខឹង​នោះ​ត្រង់​ថា​ថៃ​អាច​បំភ្លៃ​ការ​ពិត​ដោយ​ឥត​អៀន​ខ្មាស​ និង​ស្ងើច​នោះ​គឺ​ត្រង់​ថា​ថៃ​ពូកែ​បំភ្លៃ​ហើយ​ធ្វើ​មុខ​ស្រស់ និង​ធ្វើ​ចរិត​សុភាពបុរស​បាន​ល្អ​។

លោក​បន្ថែម​ថា៖ «ក្នុង​លោក​នេះ វត្ថុ​បី​ដែល​យើង​មិន​អាច​លាក់​បាំង​បាន ព្រះអាទិត្យ ព្រះចន្ទ និង​ការពិត។ ហេតុ​អី​ក៏​ជាតិ​សាសន៍​សៀម​នៅ​តែ​គិត​ថា ក្រដាស​អាច​ខ្ចប់​ភ្លើង​បាន

​ដោយ​ឡែក​​អគ្គលេខាធិការ​រាជបណ្ឌិត្យសភា​កម្ពុជា​លោក​បណ្ឌិត យង់ ពៅ បាន​សរសេរ​ថា​ ថៃ​តែង​តែ​ប្រមាថ​កម្ពុជា​ថា​ទន់​ខ្សោយ​ ក្រីក្រ​ តើ​​ស័ក្ដិសម​ដែល​ឬ​ទេ​ដែល​ប្រទេស​ក្រីក្រ​ទន់​ខ្សោយ​មួយ​ទៅ​បង្កើត​បញ្ហា​ជាមួយ​ថៃ​នោះ? លោក​បន្ថែម​ទៀត​ថា ​បើ​ជ្រុល​ចោទ​កម្ពុជា​ថា​បំពាន​លើ​ខ្លួន​ហើយ​គួរ​ណាស់​តែ​ថៃ​ខ្លួន​ឯង​ហ៊ាន​តស៊ូ​ជាមួយ​ខ្មែរ​នៅ​ ICJ និង​ហ៊ាន​ទទួល​យក​អ្នក​អង្កេត​ការណ៍​ពេញ​សិទ្ធិ​អាស៊ាន​ដើម្បីពិនិត្យទៅ។

លោក​សរសេរ​ថា៖ «កម្ពុជា​ហ៊ាន​និយាយ​ការ​ពិត​នៅ UNGA.80 ហើយ​ក៏​ហ៊ាន​ស៊ូ​ក្ដី​នៅ​គ្រប់​តុលាការ​អន្តរជាតិ​ ហើយ​ក៏​មិន​ខ្លាច​នឹង​អញ្ជើញ​ភាគី​អន្តរជាតិ​មក​ពិនិត្យ​ស្ថានភាព​ពិត​ដែរ ពាល​ថៃ​ចេះ​តែ​ចោទ​កម្ពុជា​ប៉ុន្ដែ​ធ្វើ​ការ​ទូត​អន្តរជាតិ​ ខ្មូរ​មុខ​ ទៅ​វិញ​»

រដ្ឋមន្ត្រីការបរទេស​កម្ពុជា​និង​រដ្ឋមន្ត្រីការបរទេស​ថៃ​បាន​ឡើង​ថ្លែង​នៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ព្រឹក​ជាមួយ​គ្នា​កាល​ពី​ថ្ងៃទី​២៧ ខែ​កញ្ញា​ នៅ​ទី​ក្រុង​ញ៉ូវយ៉ក​ សហរដ្ឋអាមេរិក។

ថ្លែង​ក្នុង​មហាសន្និបាត​នោះ ​ឧបនាយករដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ប្រាក់ សុខុន បាន​ថ្លែង​ពី​តម្លៃ​នៃ​សន្តិភាព​ចំពោះ​កម្ពុជា​និង​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​បទ​ឈប់​បាញ់​ដែល​សម្រេច​បាន​កាល​ពី​ចុង​ខែ​កក្កដា​កន្លង​ទៅ​ តែ​បទ​ឈប់​បាញ់​នេះ​ផុយ​ស្រួយ​ណាស់​ដោយ​សារ​សកម្មភាព​ឯកតោ​ភាគី​របស់​ថៃ​បាន​បំពាន​យក​ទឹកដី​របស់​កម្ពុជា​ បំពាន​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​ប្រើ​កម្លាំង​ជំនួស​យន្តការ​ច្បាប់​ដែល​បាន​ព្រមព្រៀង​គ្នា។

លោក​រដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​ស្វែង​រក​ការ​គាំទ្រ​ពី​អាស៊ាន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ស្ថាប័ន​របស់​UN និង​មេដឹកនាំ​ពិភពលោក​ដើម្បី​ជួយ​បន្ថយ​ភាព​តានតឹង​រវាង​កម្ពុជា-ថៃ និង​លើក​ទឹកចិត្ត​ដល់​ការ​ស្វែង​រក​ដំណោះស្រាយ​ដោយ​សន្ដិវិធី​ទប់ស្កាត់​សោកនាដកម្ម​បន្ត​ទៀត។

ដោយ​ឡែក​រដ្ឋមន្ត្រី​ការបរទេស​ថៃ​លោក Sihasak Phuangketkeow ប្រទេស​ថៃ​ទៅ​វិញ​ទេ​ដែល​ជា​ជន​រងគ្រោះ​ពី​ការ​វាយ​ប្រហារ​របស់​កម្ពុជា​ និង​ថា​ចាប់តាំង​ពី​ដើមទី​មក​កម្ពុជា បាន​ផ្ដើម​ឲ្យ​មាន​ជម្លោះ ជាមួយ​នឹង​ចេតនា​ពង្រីក​ជម្លោះព្រំដែន​ឲ្យ​ទៅ​ជា​ជម្លោះ​ជាតិ ហើយ​ឈាន​ដល់​ការពង្រីក​រឿងនេះ​ឲ្យ​ក្លាយ​ជា​បញ្ហា​អន្តរជាតិ។

ទោះ​ជា​យ៉ាង​ណា​ក្នុង​សន្ទរកថា​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់ សុខុន បាន​ថ្លែង​ក្នុង​ន័យ​ថាប្រទេសតូចដូចកម្ពុជា​គ្មាន​ពេល​ឯណា​ទៅ​បង្ក​ការ​គំរាម​កំហែង​ដល់​អធិបតេយ្យ​ប្រទេស​ណា​មួយ​ឡើយ​។

លោក​ថា៖ «កម្ពុជា​ជា​ប្រទេស​តូច​ ផ្ដោត​លើ​ការ​កសាង​សេដ្ឋកិច្ច​របស់​យើង​ឡើង​វិញ​ និង​លើកម្ពស់​សុខុមាលភាព​របស់​ប្រជាជន។ យើង​មិន​បង្ក​ការ​គំរាម​កំហែង​ដល់​អធិបតេយ្យ​របស់​ប្រទេស​ណាមួយ​ឡើយ​»

សូម​រម្លឹក​ផង​ដែរ​ថា​មុន​ឈាន​ដល់​ជម្លោះ​ប្រដាប់​អាវុធ​កាលពី​ចុង​ខែ​កក្កដា ប្រទេស​កម្ពុជា​តែ​មួយ​គត់​ដែល​ព្យាយាម​យក​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ តែ​ថៃ​តែង​តែ​បដិសេធ​ចំពោះ​យន្តការ​នេះ​ ខណៈ​ការអនុវត្ត​បទ​ឈប់​បាញ់​ប្រទេស​ថៃ​តែង​តែ​បំពាន​ជា​បន្តបន្ទាប់ ហើយ​នាយក​រដ្ឋមន្ត្រី​ថៃ​ថ្មី អានុទីន ក៏ធ្លាប់បាន​ប្រកាស​ផង​ដែរ​ថា​ថៃ​មិន​ឱ្យ​ប្រទេស​ណា​មក​ជ្រៀតជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ខ្លួន​ក្នុង​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា​នេះ​ផង​ដែរ៕ ​​​​​​

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម