Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ច្បារអំពៅទី ២ ចុះធ្វើរដ្ឋបាលតំបន់ស្មុគស្មាញ បង្ការទប់ស្កាត់បញ្ហាអសន្តិសុខជូនពលរដ្ឋ

បានផុស

នៅ

កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​សង្កាត់​ច្បារអំពៅ​ទី ២ ចុះ​ធ្វើ​រដ្ឋបាល​តំបន់​ស្មុគស្មាញ​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន ដើម្បី​បង្ការ​ទប់ស្កាត់​នូវ​រាល់​បញ្ហា​អសន្តិសុខ​ដែល​អាច​កើតមានឡើង បង្ក​ភាព​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ ជាពិសេស​មាន​ក្រុម​ក្មេង​ទំនើង​តែងតែ​ចេញចូល និង​ប្រមូល​ផ្ដុំ​គ្នា​ទាំង​យប់​ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចុះ​រដ្ឋបាល​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង ២ និង ៣០ នាទី​រសៀល ថ្ងៃ​ទី ២ ខែ​តុលា ឆ្នាំ ២០២៥ ដោយ​មាន​ការ​ចង្អុលបង្ហាញ​ពី លោក ចេង មុន្នីរ៉ា អភិបាល​ខណ្ឌ​ច្បារអំពៅ និង​លោក​វរសេនីយ៍​ឯក ម៉ៅ សឿត អធិការ​នគរបាល​ខណ្ឌ​ច្បារអំពៅ ណែនាំ​ដល់​លោក​វរសេនីយ៍ត្រី អ៊ុ រតនា នាយ​នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​ទី ២ ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​តាម​តំបន់​អនាធិបតេយ្យ នៅ​ចំណុច ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​ទី ២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

លោក​វរសេនីយ៍ត្រី អ៊ុ រតនា បញ្ជាក់​ថា តំបន់​នេះ​ជា​ភូមិសាស្ត្រ​ស្មុគស្មាញ ឧស្សាហ៍​កើតមាន​សកម្មភាព​ក្មេង​ទំនើង ជន​ញៀន​ថ្នាំ និង​អំពើ​អសន្តិសុខ​មួយ​ចំនួន​ដែល​កើតមានឡើង​ទាំង​ពេលយប់ និង​ពេល​ថ្ងៃ បង្ក​ជា​ក្តី​ព្រួយបារម្ភ​ដល់​ពលរដ្ឋ​ជាច្រើន​រស់នៅ​ក្នុង​តំបន់​នេះ។

លោក​បន្ត​ថា បច្ចុប្បន្ន​នេះ​ភាព​អនាធិបតេយ្យ និង​សកម្មភាព​អសន្តិសុខ​មួយ​ចំនួន​នៅ​តំបន់​ខាងលើ មាន​ភាព​ល្អ​ប្រសើរ​ឡើង​ច្រើន​ហើយ ប៉ុន្តែ​ទោះជា​យ៉ាងណា កម្លាំង​អាជ្ញាធរ ក៏​មិន​បាន​បន្ធូរដៃ​ក្នុង​ការ​មាន​វិធានការ​រដ្ឋបាល​លើ​បញ្ហា​នេះ​នោះ​ឡើយ គឺ​នៅ​បន្ត​ធ្វើ​កិច្ច​ការងារ​នេះ​រហូត​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ជា​ការ​ធានា​បាន​សន្តិសុខ​ល្អ​ជូន​ពលរដ្ឋ។

ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ភូមិ​ដើម​ស្លែង បាន​សម្តែង​ក្តី​សប្បាយ​រីករាយ និង​ពេញចិត្ត​បំផុត​ចំពោះ​សកម្មភាព​ចុះ​ធ្វើ​រដ្ឋបាល​របស់​ក្រុម​អាជ្ញាធរ ដែល​នេះ​ជា​ការ​ទប់ស្កាត់ បង្ការ​បាន​ពី​សកម្មភាព​អសន្តិសុខ​នានា​តែង​កើតមានឡើង​ពី​ជន​ទំនើង ឬ​មុខសញ្ញា​ជា​ក្រុម​ជនសង្ស័យ​ផ្សេងៗ ដែល​យក​តំបន់​នេះ​ជា​ទី​កន្លែង​ស្នូល​សម្រាប់​ប្រព្រឹត្តិ​បទល្មើស។

គួរ​ជម្រាប​ថា នេះ​មិនមែន​ជា​លើក​ទី ១ នោះ​ទេ ដែល​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​សង្កាត់​ច្បារ​អំពៅ​ទី ២ ចុះ​ធ្វើ​រដ្ឋបាល​នៅ​តំបន់​ដែល​មាន​ភាព​អនាធិបតេយ្យ និង​ស្មុគស្មាញ៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម