នយោបាយ
សមាជរដ្ឋសភា-ព្រឹទ្ធសភានឹងរៀបចំនៅខែមិថុនាខណៈអ្នកតាមដានរំពឹងខ្ពស់ពីលទ្ធផល
សមាជរដ្ឋសភា ព្រឹទ្ធសភា ជាលើដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រកម្ពុជានឹងរៀបចំក្នុងខែមិថុនាខាងមុខ ៥ខែបន្ទាប់ពីប្រធានព្រឹទ្ធសភាសម្ដេចតេជោ ហ៊ុន សែន បានបង្ហើបពីការរៀបចំនេះកាលពីថ្ងៃទី១៤ ខែមករា។ អ្នកតាមដានសង្ឃឹមថា អ្នកតំណាងរាស្ត្រនិងជជែកវែកញែកលើបញ្ហាសំខាន់នានាឱ្យបានផុលផុសនិងមានលទ្ធផលល្អជាប្រយោជន៍ជាតិ។

អ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ បានប្រាប់កម្ពុជាថ្មីថាសមាជនេះនឹងរៀបចំនៅសប្ដាហ៍ទី១ ក្នុងខែមិថុនា ខាងមុខ។ លោកបន្ថែមថាសមាជនេះនឹងមានការពិភាក្សាលើប្រធានបទ៣សំខាន់ៗគឺទាក់ទងនឹងវិស័យកសិកម្ម វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រព័ន្ធគាំពារសង្គម។
លោកថា៖ «ក្នុងច្បាប់ស្ដីពីការរៀបចំនឹងប្រព្រឹត្តិទៅនៃសមាជរដ្ឋសភានិងព្រឹទ្ធសភានោះគឹបានកំណត់យ៉ាងច្បាស់ថាប្រធានព្រឹទ្ធសភាគឺជាអ្នកដឹកនាំសមាជនោះ»។
តាមគម្រោងសមាជនេះនឹងរៀបចំនៅវិមានរដ្ឋសភាជាតិ រាជធានីភ្នំពេញ ជាកន្លែងដែលអគ្គលេខាធិការរដ្ឋសភាបានរៀបចំពិធីបួសសួង សុំសេចក្ដីសុខសេចក្ដីចម្រើនក្នុងការសាងសង់អាសនៈសមាជកាលពីថ្ងៃទី២៤ ខែមីនាកន្លងទៅ។
អ្នកនាំពាក្យរដ្ឋសភាលោក កែវ ពិសិដ្ឋ ធ្លាប់ប្រាប់អ្នកយកព័ត៌មានថាក្រុមការងារបច្ចេកទេសនៃសភាទាំងពីរកំពុងរៀបចំនីតិវិធីទាក់ទងនឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការងារផ្សេងៗពាក់ព័ន្ធនឹងសមាជនេះស្របពេលដែលការរៀបចំសមាជកាន់តែខិតជិតដល់។

ច្បាប់ស្ដីពីការរៀបចំ និងប្រព្រឹត្តទៅនៃសមាជរដ្ឋសភា និងព្រឹទ្ធសភា បានកំណត់ថា សមាជរដ្ឋសភា ព្រឹទ្ធសភា គឺជាការប្រជុំរួមគ្នានៃសមាជិករដ្ឋសភា និងព្រឹទ្ធសភាដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិក្នុងករណីចាំបាច់។ បញ្ហាសំខាន់ៗទាំងនោះរួមមាន ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី។ ករណីមានប្រធានសក្តិ បណ្តាលឱ្យមានវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់ជាតិ និងប្រជាជន ឬករណីផ្សេងៗទៀត ដែលគណៈកម្មាធិការសមាជយល់ឃើញថា ជាបញ្ហាសំខាន់របស់ប្រទេសជាតិ។
អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមលោកបណ្ឌិត មាស នី មានប្រសាសន៍ថាលោកកំពុងរង់ចាំមើលពីភាពផុសផុល និងគុណភាពនៃការដេញដោលគ្នារបស់អ្នកតំណាងរាស្ត្រ ជាជាងបង្កើតឱ្យមានជារូបរាងហើយតែការដេញដោលបែរជាមិនសូវគួរឱ្យចាប់អារម្មណ៍។

លោកថា៖ «បើយើងអនុឡោមតាមពាក្យថាសមាជ ខ្ញុំរំពឹងថានឹងមានការជជែកដេញដោលគ្នាលើការបំពេញតួនាទីរបស់ស្ថាប័នទាំងពីរហ្នឹងកន្លងមកហើយហ្នឹង ហើយជាពិសេសទៅលើឯករាជ្យភាពរបស់ស្ថាប័នហ្នឹងដែលខ្ញុំគិតថាប្រហែលជាអាចយកមកជជែកដែរ ឬក៏អាចជជែកពាក់ព័ន្ធនឹងបញ្ហានយោបាយដែរ»។
ការធ្វើសមាជរដ្ឋសភា ព្រឹទ្ធសភា ត្រូវបានចែងក្នុងមាត្រា១១៦ថ្មី និង១១៧ថ្មីនៃរដ្ឋធម្មនុញ្ញកម្ពុជាដែលកំណត់ថាក្នុងករណីចាំបាច់សភាទាំងពីរអាចប្រជុំគ្នាជាសមាជដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ជាតិបាន។
គួរឱ្យដឹងដែរថាបន្ទាប់ពីសមាជរដ្ឋសភា-ព្រឹទ្ធសភានឹងមានចេញសេចក្ដីសម្រេចមួយដែលមានតម្លៃជាសេចក្ដីសម្រេចខ្ពស់បំផុតរបស់ប្រជាជាតិ ត្រូវផ្សព្វផ្សាយជាសាធារណៈ និងចុះក្នុងរាជកិច្ចផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១១ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន