Connect with us

កីឡា

កំណត់ត្រាធំ ៣ អាចនឹងកើតឡើងសម្រាប់ Kwame ក្នុងរដូវកាលដំបូងនៅ​កម្ពុជា

បានផុស

នៅ

ខ្សែប្រយុទ្ធរបស់ក្រុម ព្រះខ័នរាជស្វាយរៀង កីឡាករ Kwame Peprah ត្រៀមបំបែកកំណត់ត្រាធំ ៣ នៅរដូវកាលនេះ បន្ទាប់ពីរូបគេបង្ហាញសមត្ថភាពស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យឱ្យក្រុមជើងឯកលីគកំពូល កម្ពុជា ក្នុងរដូវកាលដំបូងនេះ។

កីឡាករ Kwame Peprah និង Patrick Robson
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅរដូវកាលដំបូងជាមួយ ព្រះខ័នរាជស្វាយរៀង គឺ Kwame កំពុងទទួលបានភាពជោគជ័យខ្លាំងគួរឱ្យកត់សម្គាល់ បើធៀបនឹងការលេងរបស់គេកាលពីរដូវកាលមុនៗ។ គិតត្រឹមពេលនេះ ខ្សែប្រយុទ្ធសញ្ជាតិ ហ្គាណា វ័យ ២៥ ឆ្នាំ បានជួយឱ្យ ព្រះខ័នរាជស្វាយរៀង ឈ្នះពាន ២ រួចហើយ រួមមានពានបើករដូវកាល Cambodia Super Cup និងពានលីគកំពូល កម្ពុជា Cambodian Premier League។

ជាមួយគ្នានេះ រូបគេកំពុងស្ថិតនៅលើផ្លូវ ក្នុងការជួយឱ្យ ព្រះខ័នរាជស្វាយរៀង ប្រជែងយកពាន ២ ទៀតរួមមាន ពានសម្តេចតេជោ ដែលពេលនេះឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងពានក្លិបទ្វីប អាស៊ី កម្រិតទី ៣ AFC Challenge League ដែលបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ។

កីឡាករ Kwame Peprah ទល់នឹង ភ្នំពេញក្រោន

ងាកមកកាន់ស្ថិតិផ្ទាល់ខ្លួនវិញ គឺ Kwame អាចនឹងបំបែកកំណត់ត្រាធំ ៣ ដែលមិនធ្លាប់មានសម្រាប់អាជីពរបស់គេ និងលីគកំពូល កម្ពុជា៖

ទី ១. Kwame ក្លាយជាកីឡាករក្នុងលីគ កម្ពុជា ដំបូងគេ ដែលអាចស៊ុតបញ្ចូលទីគ្រប់កម្មវិញ ដែលបានលេងក្នុងមួយរដូវកាល ពោលគឺចំនួន ៥ កម្មវិធីផ្សេងគ្នារួមមានពាន Cambodian Super Cup (២គ្រាប់), Cambodian Premier League (២០ គ្រាប់), ពានសម្តេចតេជោ (១គ្រាប់), ពាន Shopee Cup (១គ្រាប់) និងពាន AFC Challenge League (៨គ្រាប់)។

ទី ២. Kwame រកបានគ្រាប់បាល់ច្រើនបំផុតសម្រាប់អាជីពរបស់គេក្នុងមួយរដូវកាល បើធៀបនឹងរដូវកាលមុនៗ។ គិតត្រឹមពេលនេះ Kwame រកបាន ៣២ គ្រាប់ហើយសម្រាប់រដូវកាល ២០២៥-២០២៦។ នេះជាចំនួនដ៏ច្រើនបំផុតសម្រាប់អាជីពរបស់គេកន្លងមក ស្របពេលរដូវកាលមុននៅក្រុម Kerala Blasters ក្នុងលីគកំពូល ឥណ្ឌា រកបាន ១០ គ្រាប់ប៉ុណ្ណោះ។ ដោយឡែករដូវកាលមុនៗទៀត រូបគេរកបានច្រើនបំផុតក៏ត្រឹម ១០ គ្រាប់នេះដែរ។

ទី ៣. Kwame អាចនឹងក្លាយជាកីឡាករលីគ កម្ពុជា ដំបូងគេ ដែលបានឈ្នះស្បែកជើងមាសក្នុងលីគផង និងក្នុងពានកម្រិតទ្វីប អាស៊ី AFC Challenge League ផង។ បច្ចុប្បន្ន Kwame កំពុងជាបេក្ខភាពឈ្នះស្បែកជើងមាសលីគ កម្ពុជា រដូវកាលនេះ ដោយមាន ២០ គ្រាប់ លើគ្រាប់បាល់កីឡាករ Kurita Adjei របស់ អង្គរថាយហ្គើរ ២ គ្រាប់ ដែលមាន ១៨ គ្រាប់។

ចំណែកពាន AFC Challenge League វិញ កាន់តែមានភាគរយខ្ពស់នឹងឈ្នះស្បែកជើងមាសថែមទៀត ដោយ សារបច្ចុប្បន្ន Kwame មាន ៨ គ្រាប់ វ៉ាដាច់កីឡាករណាៗទាំងអស់ ខណៈកីឡាកររបស់ Al-Kuwait និង Muras United ដែលកំពុងស្ថិតក្នុងការប្រកួតប្រជែង គឺកីឡាករពួកគេមានគ្រាប់បាល់ច្រើនបំផុតត្រឹម ២ គ្រាប់ប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរ ថា កំណត់ត្រាទី ១ គឺ Kwame បានបំបែករួចរាល់ហើយ។ ដោយឡែកកំណត់ត្រាទី ២ និងទី ៣ កំពុងស្ថិតក្នុងការប្រកួតប្រជែង ដោយត្រូវរង់ចាំដល់បញ្ចប់រដូវកាលតែម្តង៕

កីឡាករ Kwame Peprah

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម