Connect with us

កីឡា

ក្រុម​បាល់ទាត់​​នារីកម្ពុជា​ មាន​ភារកិច្ច​ក្នុង​ពាន AFF Women’s Cup ខែ​ក្រោយ

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​នារី កម្ពុជា នឹង​មាន​ភារកិច្ច​ប្រកួត​ជើង​ឯក​នារី​អាស៊ាន​កម្រិត​ទី​២ AFF Women’s Cup នៅ​ខែ​កក្កដា ឆ្នាំ ២០២៦ នៅ​ប្រទេស​ម៉ាឡេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ការផ្សាយ​របស់សារព័ត៌មាន​សិង្ហបុរី Straitstimes ថា ពាន​រង្វាន់​ AFF Women’s Cup ឆ្នាំ ២០២៦ ត្រូវ​បាន​ប្រទេស​ម៉ាឡេស៊ី ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ចាប់​ពី​ថ្ងៃទី១៧ ដល់ ទី​២៦ ខែ​កក្កដា។ នេះ​ជា​ពាន​រង្វាន់កម្រិត​ទី​២ សម្រាប់​ក្រុម​ជម្រើស​ជាតិ​នារី​អាស៊ាន​ត្រូវ​ប្រកួត​ប្រជែង បន្ទាប់​ពី​ពាន​រង្វាន់​កម្រិត​ទី១ AFF Women’s Championship។ ទោះ​បី​ជា​យ៉ាង​ណា សម្រាប់​ការ​ប្រកួត ឆ្នាំ ២០២៦ នៅ​មិន​ទាន់មាន​ព័ត៌មាន​លំអិត​ផ្លូវ​ការ​ឡើយ។

ពាន​រង្វាន់​នេះ​ទើប​តែ​ត្រូវ​បាន​រៀបចំ​បាន​មួយ​លើក​ប៉ុណ្ណោះ​កាល​ពី​ឆ្នាំ ២០២៤ ជា​ពេល​ដែល​ប្រទេស​ឡាវ​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ។ ពេល​នោះ​មាន​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ប្រចាំ​តំបន់​អាស៊ាន​ដែល​មាន​ចំណាត់​ថ្នាក់​ទាប​ជាង​គេ​ចូល​រួម​ប្រកួត​គឺ ម្ចាស់​ផ្ទះ​ ឡាវ​ កម្ពុជា ឥណ្ឌូណេស៊ី សិង្ហបុរី ទីម័រខាង​កើត និង ម៉ាឡេស៊ី។ ក្រុម​នារី​ឥណ្ឌូណេស៊ី ជា​ម្ចាស់​ជើង​ឯក ខណៈ​ក្រុម​នារី​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ២ និង​លេខ ៣ បាន​ទៅ​ក្រុម​នារី សិង្ហបុរី។

ការ​ប្រកួត​កាល​ពី​ឆ្នាំ ២០២៤ ត្រូវ​បាន​គេ​ដឹង​ថា ក្រុម​ជើង​ឯក​ទទួល​បាន​កៅអី​ទៅ​ប្រកួត​ពាន​រង្វាន់​កម្រិត​ទី១ AFF Women’s Championship ប៉ុន្តែ​នៅ​ឆ្នាំ ២០២៥ ពាន​រង្វាន់​កម្រិត​ទី​១​នេះ​រៀបចំ​ការ​ប្រកួត​នៅ​ប្រទេស​វៀតណាម ដែល​ក្រុម​ជើង​ឯក AFF Women’s Cup គឺ ឥណ្ឌូណេស៊ី ក្រុម​លេខ​២​ កម្ពុជា និង​ក្រុម​លេខ​៣ ទីម័រ​ខាង​កើត បាន​ទៅ​ប្រកួត​ពាន​រង្វាន់​កម្រិត​ទី១។

សម្រាប់​ឆ្នាំ ២០២៦ នេះ​ដែល​ប្រទេសម៉ាឡេស៊ី ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទំនង​ជា​ក្រុម​នារី​ទាំង ៦ ដដែល​ត្រូវ​ចូល​រួម​ប្រកួតគឺ កម្ពុជា ឥណ្ឌូណេស៊ី សិង្ហបុរី ទីម័រខាង​កើតម៉ាឡេស៊ី និង​ឡាវ។ សម្រាប់​ក្រុមនារី​ទាំង ៦ នេះ​បើ​ពិនិត្យ​មើល​លទ្ធផល​កាល​ពី​ខែ​មិថុនា ឆ្នាំ ២០២៦ កន្លង​ទៅ​ថ្មី​ៗ​គឺ ក្រុម​នារី​កម្ពុជាមាន​កម្រិត​គុណភាព​រីក​ចម្រើន​គួរ​ឲ្យ​កត់​សំគាល់។

ក្រុមបាល់ទាត់​ជម្រើស​ជាតិ​នារីកម្ពុជា​ បាន​ចេញ​ប្រកួត​មិត្តភាព​អន្តរជាតិនៅ​ក្រៅ​ប្រទេស ២ លើក​នៅ​ក្នុង​​ខែ​មិថុនា​នេះ។ ការ​ប្រកួត​លើក​ទី១ ក្រុម​នារី​កម្ពុជា បាន​យក​ឈ្នះ ក្រុម​នារី​សិង្ហបុរី ដោយ​លទ្ធផល ៥-០ និង​ការ​ប្រកួត​លើក​ទី​២ បាន​ស្មើ​នឹងក្រុម​នារី ឥណ្ឌូណេស៊ី ដោយ​លទ្ធផល ១-១។

តាម​រយៈ​លទ្ធផល​ដ៏​ល្អ​នេះ តារាង​ចំណាត់​ថ្នាក់​ក្រុម​បាល់ទាត់​នារី​កម្ពុជា នៅ FIFA Ranking បាន​ល្អ​ប្រសើរគួរ​ឲ្យ​ចាប់​អារម្មណ៍។ មុន​ការ​ប្រកួត​កាលមិត្តភាព​អន្តរជាតិ ២ លើក ក្រុម​នារី​កម្ពុជា​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ១១៤ ក្នុង​ចំណោម ១៩៨ ប្រទេស​ទូទាំង​ពិភព​លោក​ ប៉ុន្តែ​ក្រោយ​ចប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​តារាង​ចំណាត់​ថ្នាក់​របស់​នារី​កម្ពុជាល្អ​ប្រសើរ​ដល់​ ១១៣។

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម