ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ២០២១ បានបិទបញ្ចប់ដោយជោគជ័យនៅព្រឹកថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២២ នៅទីលានពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់ពីដំណើរការយ៉ាងស្វិតស្វាញរយៈពេល ៣ ថ្ងៃ ដោយក្រសួងមហាផ្ទៃ ឈ្នះមេដាយច្រើនជាងគេ។
ការប្រកួតជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ ២០២១ នេះ មានក្លិប-សហគម ចំនួន ១៦ បានចូលរួម ដោយមានប្រតិភូកីឡាសរុប ១៦៤ នាក់ ក្នុងនោះកីឡាករ ៨៨ នាក់ កីឡាការិនី ២៨ នាក់ និងថ្នាក់ដឹកនាំកីឡា ៤៨ នាក់។
ជាលទ្ធផល រួមមាន ក្រសួងមហាផ្ទៃ ឈរលេខ ១ ក្រោយឈ្នះមេដាយមាស ២ និង ប្រាក់ ៣។ លេខ ២ ក្រសួងសេដ្ឋកិច្ច ឈ្នះមេដាយមាស ២ សំរឹទ្ធ ៣។ លេខ ៣ ខេត្តបាត់ដំបង ឈ្នះមេដាយមាស ១។ លេខ ៤ ខេត្តកំពង់ចាម ឈ្នះមេដាយមាស ១។ លេខ ៥ ក្រុមពហុកីឡដ្ឋានជាតិអូឡាំពិត ឈ្នះមេដាយមាស ១។ លេខ ៦ ខេត្តប៉ៃលិន ឈ្នះមេដាយប្រាក់ ១ សំរឹទ្ធ ១។ លេខ ៧ ក្លិបវាយសីភ្នំពេញ ឈ្នះមេដាយប្រាក់ ១។ លេខ ៨ ខេត្តស្វាយរៀង ឈ្នះមេដាយប្រាក់ ១។ លេខ ៩ ការពារអាកាស ឈ្នះមេដាយប្រាក់ ១។ លេខ ១០ ខេត្តសៀមរាប មេដាយសំរឹទ្ធ ២ និងខេត្តកំពង់ឆ្នាំង មេដាយសំរឹទ្ធ ១។
ជយលាភីមេដាយមាសលើវិញ្ញាសាទាំង ៧ នេះរួមមាន៖ វាយឯកជនបុរសអាយុ ១៩ ឆ្នាំឡើង លេខ១ កីឡាករ ហេង ម៉េងលី ក្លិបក្រសួងមហាផ្ទៃ, វាយគូបុរសអាយុ ១៩ ឆ្នាំឡើង លេខ ១ កីឡាករ ទេព ច័ន្ទម៉ារ៉ា ក្លិបក្រសួងមហាផ្ទៃ, វាយឯកត្តជនបុរសក្រោម ១៨ ឆ្នាំ លេខ ១ កីឡាករ សុខ រីករាយ ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, វាយគូបុរសក្រោម ១៨ ឆ្នាំ លេខ ១ កីឡាករ ណៅ កនសុខរតនៈ ក្លិបពហុកីឡដ្ឋានជាតិ, វាយឯកត្តជននារី ក្រោម ៨ ឆ្នាំ លេខ ១ កីឡាការិនី លឿង ម៉ាលីនិច្ច សម្ព័ន្ធវាយសីខេត្តបាត់ដំបង, វាយគូនារី ១៩ ឆ្នាំឡើង កីឡាការិនី ឡេង ដាវី និងភាន ចិន្តា មកពីសម្ព័ន្ធវាយសីខេត្តកំពង់ចាម និងវិញ្ញាសាវាយគូចម្រុះមិនិតអាយុ កីឡាករ ចេង ភារុំ និងកីឡាការិនី កែរ ពេជ្រឆរ៉ាវី មកពីក្លិបវាយសីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រៅពីនេះ ក៏មានជយលាភីលេខ ២ និងលេខ ៣ អមវិញ្ញាសាទាំង ៧ផងដែរ។
ការប្រកួតនេះ គឺអនុវត្តតាមទម្រង់ទាំងស្រុងរបស់ការប្រកួតកីឡាជាតិ ដែលបានអនុវត្តតាមបទដ្ឋាននៃការប្រកួតស៊ីហ្គេម ដើម្បីឲ្យកីឡាករ និងមន្ត្រីមានឱកាសបានត្រៀមលក្ខណៈសម្បត្តិជាបណ្ដើរៗ ឈានទៅធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ ២០២៣៕
អត្ថបទ៖ មន្នីរ័ត្ន