Connect with us

កីឡា

មក​ស្គាល់​ម្ចាស់​ស្បែកជើងមាសទាំង១៦លើកក្នុងពានសម្តេចតេជោ

បានផុស

នៅ

ពាន​រង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ដែល​ជា​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ធំ​បំផុត​លំដាប់​ទី២​នៅ​កម្ពុជា​មាន​រយៈ​១៧​រដូវ​កាល​ហើយ​គិត​ទាំង​រដូវ​កាល​២០២៣-២៤ គិត​ចាប់​តាំង​ពី​បាន​បង្កើត​ឡើង​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​២០០៧។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​រយៈ​ពេល​១៦​លើក​កន្លង​ទៅមាន​ក្លិប​បាល់ទាត់​៨​ផ្សេង​គ្នា​ដែល​បាន​ឈ្នះ​ជើង​ឯក​គឺ ព្រះ​ខ័ន​រាជ​ស្វាយរៀង​៤​ដង ក្រសួង​ការពារ​ជាតិ​៣​ដង វិសាខា​៣​ដង ភ្នំពេញ​ក្រោន​២​ដង ខណៈ ណាហ្គាវើលដ៍ អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បឹងកេត និង​ខេមាកីឡា​បាន​ឈ្នះ​១​ដង​ម្នាក់​ដូច​គ្នា។

ក្នុង​រយៈ​ពេល​​១៦​លើក​កន្លង​ទៅ​នេះ ​មាន​កីឡាករ​១៣​នាក់​ដែល​បាន​ឈ្នះ​​​ស្បែក​ជើង​មាស​ក្នុង​នាម​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​ប្រចាំ​ព្រឹត្តិការណ៍​នីមួយ​ៗ។ នៅ​រដូវ​កាល​ដំបូងក្នុង​ឆ្នាំ​២០០៧ លោក ហុក សុជីវន្ត ជា​អ្នក​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ ប៉ុន្តែ​នៅ​ពេល​នោះមិន​ដឹង​ច្បាស់​ពី​ចំនួន​គ្រាប់​បាល់​ទេ​នៅ​ពេល​លោក​លេង​ឲ្យ​ភ្នំពេញ​ក្រោន។

ឃួន ឡាប៊ូរ៉ាវី កំពុង​កាន់​កំណត់​ត្រា​​​ជា​កីឡាករ​​​ឈ្នះ​ស្បែក​ជើង​មាស​​​ច្រើន​ជាង​គេ​បំផុត​ (៣លើក) ក្នុង​ពាន​រង្វាន់​សម្តេច​តេជោ​​គឺ​ឆ្នាំ​២០១១ ២០១២ នៅ​ព្រះ​ខ័ន​រាជ​ស្វាយរៀង និង​២០១៤ នៅ​បឹងកេត។ គួច សុកុម្ភៈ ធ្លាប់​ឈ្នះ​បាន​២​លើក ហើយ​កីឡាករ​ផ្សេង​ទៀត​ស៊ុត​តែ​ឈ្នះ​១​ដង​ម្នាក់​ដូច​គ្នា។

សួង វីរៈ ជា​កីឡាករ​ដែល​កាន់​កំណត់​ត្រា​គ្រាប់​បាល់​ច្រើន​ជាង​គេ​បំផុត​នៅ​ពេល​លោក​រក​បាន​២៥​គ្រាប់​​ឲ្យ​អង្គរថាយហ្គឺរ​ក្នុង​ឆ្នាំ​២០១៦។ យ៉ាង​ណា គិត​ចាប់តាំង​ពី​ពាន​រង្វាន់​សម្តេច​តេជោត្រូវ​បាន​ចែក​ជា​ពីរ​ដំណាក់​កាល​​គឺ​ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិមក ម្ចាស់​ស្បែង​ជើង​មាស​ក៏​ត្រូវ​បាន​កំណត់​ជា​ពីរ​ដំណាក់​កាល​ដែរ ដូច្នេះ​គ្រាប់​បាល់​ក៏​រក​មិន​សូវ​បាន​ច្រើន​ដូច​មុន​ដែរ។

សម្រាប់​រដូវ​កាល​២០២៣-២៤ នឹង​រក​ឃើញ​ម្ចាស់​ជើង​​ឯក​នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២៤ រវាង​ព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ភ្នំពេញ​ក្រោន ខណៈ​ម្ចាស់​ស្បែក​ជើង​មាស​ក៏​មិន​ទាន់​ដឹង​ឡើយ។

ម្ចាស់​ស្បែក​ជើង​មាស​ទាំង​១៦​រដូវ​កាល

  • ២០០៧៖ ហុក សុជីវ័ន្ត លេង​ឲ្យ ភ្នំពេញ​ក្រោន
  • ២០០៨៖ សុខ ចន្ទរស្មី រក​បាន​១២​គ្រាប់ ឲ្យ​ក្លិប​ Spart FC
  • ២០០៩៖ គួច សុកុម្ភៈ រក​បាន​២១​គ្រាប់ ឲ្យខេមរាកីឡា
  • ២០១០៖ គួច សុកុម្ភៈ (ខមរាកីឡា) និង ស្រី វាសនា (ភ្នំពេញ​ក្រោន) រក​បាន២០ គ្រាប់ដូចគ្នា
  • ២០១១៖ ឃួន ឡាប៊ូរ៉ាវី រក​បាន​២២​គ្រាប់ ឲ្យ​ព្រះ​ខ័ន​រាជ​ស្វាយរៀង
  • ២០១២៖ ឃួន ឡាប៊ូរ៉ាវី រក​បាន​២២​គ្រាប់ ឲ្យ​ព្រះ​ខ័ន​រាជ​ស្វាយរៀង
  • ២០១៣៖ ចាន់ វឌ្ឍនាកា រក​បាន​១១​គ្រាប់ ​ឲ្យបឹងកេត
  • ២០១៤៖ ឃួន ឡាប៊ូរ៉ាវី រក​បាន​១២​គ្រាប់ ឲ្យ​បឹងកេត
  • ២០១៥៖ ប្រាក់ មុន្នីឧត្តម រក​បាន​២៤​គ្រាប់ ឲ្យព្រះ​ខ័ន​រាជ​ស្វាយរៀង
  • ២០១៦៖ សួង វីរៈ រក​បាន​២៥​គ្រាប់ ឲ្យ​អង្គរថាយហ្គឺរ
  • ២០១៧៖ ឃួន ឡាប៊ូរ៉ា រក​បាន​១៦​គ្រាប់ ឲ្យ​បឹងកេត
  • ២០១៨៖ នួន បូរី រក​បាន​៩​គ្រាប់ ឲ្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ
  • ២០១៩៖ វ៉ា សុថន ​រក​បាន​១១​គ្រាប់ ឲ្យ​ភ្នំពេញ​ក្រោន
  • ២០២០៖ វុធ តុលា រក​បាន​៦​គ្រាប់​ ឲ្យ​ព្រៃវែង
  • ២០២១៖ កែវ សុខផេង រក​បាន​៧គ្រាប់ ឲ្យវិសាខា
  • ២០២២៖ សៀង ចន្ធា រក​បាន​៦​គ្រាប់ ឲ្យ​បឹងកេត

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម