Connect with us

កីឡា

លោក Cooper ថា ព្រះខ័នរាជស្វាយរៀង ពិបាកជាង វិសាខា ដាច់ មុនឡើងដល់វគ្គផ្តាច់​ព្រ័ត្រ​ពានសម្តេចតេជោ

បានផុស

នៅ

លោក Scott Cooper គ្រូបង្វឹករបស់ក្រុមបាល់ទាត់ វិសាខា បានបង្ហាញការកោតសរសើរលើក្រុមគូប្រជែង ព្រះខ័នរាជស្វាយរៀង មុនជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រពានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១៩ ដោយលោកទទួលស្គាល់អំពីផ្លូវឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះរបស់ក្រុម ព្រះខ័នខៀវ គឺមានភាពលំបាកជាង វិសាខា ដាច់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Cooper នឹងត្រូវដឹកនាំក្រុម វិសាខា ប្រកួតតទល់នឹងក្រុម ព្រះខ័នរាជស្វាយរៀង នៅក្នុងវគ្គផ្តាច់ព្រ័ត្រពានសម្តេចតេជោ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃ អាទិត្យ ទី ២៤ ខែ ឧសភា ឆ្នាំ ២០២៦។ មុនជំនួបដ៏ធំនេះមកដល់ គ្រូបង្វឹកសញ្ជាតិ អៀរឡង់ វ័យ ៥៥ ឆ្នាំ បានសារភាពដោយត្រង់ ថា លទ្ធផលដ៏ល្អរបស់ក្រុមលោក ជាពិសេសការឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រនេះ គឺភាគច្រើនជួបសុទ្ធតែក្រុមកម្រិតទាបប៉ុណ្ណោះ។

ផ្ទុយពីក្រុម ព្រះខ័នរាជស្វាយរៀង ដែលបានឆ្លងកាត់នូវផ្លូវពិបាកៗជាច្រើន ដោយត្រូវប្រកួតក្នុងកាលវិភាគដ៏មមារញឹក ហើយការប្រកួតនៅក្នុងលីគ ត្រូវជួបក្រុមក្នុងលំដាប់កំពូលទាំង ៦។ ជាមួយគ្នានេះ ពួកគេទើបប្រកួតវគ្គផ្តាច់ព្រ័ត្រពាន AFC Challenge League ហើយមុនឡើងមកដល់វគ្គផ្តាច់ព្រ័ត្រពានសម្តេចតេជោនេះទៀតសោត បានឆ្លងកាត់ការប្រកួតដ៏ពិបាកជាមួយនឹងក្រុម បឹងកេត ថែមទៀត។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃ សៅរិ៍ ទី ២៣ ខែ ឧសភា ឆ្នាំ ២០២៦ លោក Cooper បានមានប្រសាសន៍ ថា៖ «យើងត្រូវនិយាយដោយស្មោះត្រង់ អំពីទិន្ន័យជាក់ស្តែង។ វិសាខា ស្ថិតនៅលេខ ៧ ក្នុងលីគ។ យើងឈ្នះច្រើន ដោយសារយើងលេងតែជាមួយក្រុមនៅលំដាប់ខាងក្រោម។ យើងមិនដូច ព្រះខ័នរាជស្វាយរៀង ទេ ដែលបានលេងជាមួយក្រុមលំដាប់កំពូលទាំង ៦ សុទ្ធតែក្រុមខ្លាំងៗ»

លោក Cooper បានបន្តទៀត ថា៖ «[…] មុនឡើងមកដល់វគ្គផ្តាច់ព្រ័ត្រពានសម្តេចតេជោនេះ គឺ ពួកគេបានឈ្នះក្រុម បឹងកេត ដែលដឹកនាំដោយលោក Conor Nestor ជាគ្រូបង្វឹកពោរពេញដោយទេពកោលស្យម្នាក់។ មានន័យ ថា មុនមកដល់វគ្គផ្តាច់ព្រ័ត្រនេះ គឺផ្លូវធ្វើដំណើររបស់ពួកគេខុសពីយើងដាច់តែម្តង។ ពួកគេជួបសុទ្ធតែក្រុមកំពូលៗ ហើយប៊ិះនឹងឈ្នះពាន AFC Challenge League ទៀត»

ទោះបីជាយ៉ាងណា លោក Cooper បានសង្កត់ធ្ងន់ ថា លោកមិនបានខ្លាចទៅលើក្រុម ព្រះខ័នរាជស្វាយរៀង នោះទេ ដោយការលើកឡើងខាងលើ គឺជាការគោរពរបស់លោកទៅលើក្រុមម្ចាស់ជើងឯកលីគកំពូល កម្ពុជា។ លោកប្តេជ្ញា ថា ការប្រកួតស្អែក ក្រុមលោកនឹងប្រឹងប្រយុទ្ធឱ្យអស់ពីសមត្ថភាពពេញ ៩០ នាទី ដើម្បីយកជ័យជម្នះ និងពានឱ្យបាន៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម