Connect with us

កីឡា

ក្រុម​ U19 នារីកម្ពុជា ប៉ះ ម៉ាឡេស៊ី ម៉ោង​៣​ថ្ងៃនេះ​នៅវៀតណាម

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​នារី​កម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ (U19) ត្រូវ​ប៉ះ ក្រុម​នារី​ម៉ាឡេស៊ី បើក​ឆាក​វគ្គ​សន្សំពិន្ទុ​ពូល B ​ពាន​រង្វាន់ ASEAN U19 Girls’ Championship ឆ្នាំ​២០២៥ វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​នេះ​នៅ​ប្រទេស​វៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​នារី​កម្ពុជា ស្ថិត​នៅ​ពូល B សុទ្ធ​តែ​មាន​ក្រុម​ខ្លាំង​ដូច​ជា ថៃ ឥណ្ឌូណេស៊ី និង ​ម៉ាឡេស៊ី។ នៅ​ថ្ងៃ​នេះ​ដែរ ក្រុម​នារី​ថៃ​ ប៉ះ​ក្រុម​ឥណ្ឌូណេស៊ី វេលាម៉ោង​៣​រសៀល​ដូច​គ្នា។ ចំណែក​ពូល A មាន​ម្ចាស់​ផ្ទះ វៀតណាម មីយ៉ាន់ម៉ា ឡាវ និង​ទីម័រ​ខាង​កើត។ ក្រុម​លេខ​១ និង​លេខ​២​នៃ​ពូល​ទាំង​ពីរ​ត្រូវ​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ បន្ទាប់​ពី​ចប់​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល។

ពាន​នារី​អាស៊ាន​អាយុ​ក្រោម​១៩​ឆ្នាំ​នេះ ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៤ ប៉ុន្តែ​រហូត​ដល់​ពេល​នេះ​ទើប​រៀបចំ​ការ​ប្រកួត​បាន​៤​លើក​ប៉ុណ្ណោះ​គិត​ទាំង​ឆ្នាំ​២០២៥​។ កាល​ពី​ឆ្នាំ​២០១៤ ថៃ​ធ្វើ​ម្ចាស់​ផ្ទះ ដោយ​ក្រុម​នារី​ថៃ​ជា​ជើង​ឯក។ ​ឆ្នាំ​២០២២ ឥណ្ឌូណេស៊ី​ជា​ម្ចាស់​ផ្ទះ ដោយ​ក្រុម​​អូស្ត្រាលី ជា​ជើង​ឯក និង​ឆ្នាំ​២០២៣ ធ្វើ​នៅ​ឥណ្ឌូណេស៊ី ដោយ​ថៃ​ជា​ជើង​ឯក។

ក្រុម​នារី​កម្ពុជា​ធ្លាប់​បាន​ចូល​រួម​ប្រកួត​២​លើក​ចុង​ក្រោយ​គឺ ឆ្នាំ​២០២២ ធ្លាក់​ត្រឹម​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល បន្ទាប់​ពី​ស្មើ​១​ប្រកួត និង​ចាញ់​៣​ប្រកួត។ លើក​ទី​២ ឆ្នាំ​២០២៣ ក្រុម​នារីកម្ពុជា​ធ្លាក់​ត្រឹម​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​ទៀត បន្ទាប់​ពី​ឈ្នះ​២​ប្រកួត និង​ចាញ់​១​ប្រកួត៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម