Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ទំនង​​ស្នើ​សុំ​ប្រទេស​​ឈូង​សមុទ្រ​​ចូលរួម​​ចេញ​ថ្លៃ​​​​ចំណាយ​ក្នុង​​សង្គ្រាម​នៅ​អ៊ីរ៉ង់​

បានផុស

នៅ

​សេចក្តីរាយការណ៍​នានា​​​​​នៅ​ថ្ងៃ​​អង្គារ​នេះ បាន​បង្ហា​ញ​ថា ប្រធានា​ថិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ​ទំនង​​បាន​ស្នើសុំប្រទេស​នៅ​ឈូង​សមុទ្រ​​​ឲ្យ​ជួយ​ចេញ​ថ្លៃចំណាយ​​នៃ​សង្គ្រាម​របស់​សហ​រដ្ឋ​អា​មេរិក​ប្រឆាំងនឹងអ៊ីរ៉ង់ដែលមាន​​តម្លៃ​​​​រាប់​សិប​ពាន់​លាន​ដុល្លារ​។ នេះ​បើយោង​តាម​​សារព័ត៌មាន​បស្ចឹមប្រទេស​ មាន Financial Times និង Al Jazeera ​ជាដើម​។​

​នៅ​ក្នុងសន្និសីទ​សារ​ព័ត៌មាន​មួយ​នៅឯសេតវិមាន អ្នក​នាំ​ពាក្យ​ប្រចាំ​សេតវិមាន​ លោកស្រី Karoline Leavitt ចោទ​​ជា​សំណួរ​កាល​ពី​ថ្ងៃ​ចន្ទ​​ថា តើរដ្ឋ​អារ៉ាប់គួរចំ​ណាយ​សម្រាប់​សង្គ្រាម​ដែរ​ឬ​ទេ ដូចពេលដែល​សម្ព័ន្ធមិត្ត​អាមេរិកបាន​ជួយផ្តល់​មូល​និធិ​ដល់​អន្ត​រាគមន៍​របស់​ទីក្រុងវ៉ាស៊ីនតោន​ អំឡុង​សង្គ្រាមឈូងសមុទ្រក្នុងឆ្នាំ ១៩៩០​។

អ្នក​នាំ​ពាក្យ​ប្រចាំ​សេតវិមាន​ លោកស្រី Karoline Leavitt ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​ Leavitt ប្រាប់អ្នកយកព័ត៌មាន​ថា​៖​ «ខ្ញុំគិតថាវាជាអ្វី​ដែល​ប្រធានាធិបតី​ចាប់អារម្មណ៍យ៉ាងខ្លាំង​ក្នុង​ការអំពាវនាវ​ឱ្យពួក​គេ​ធ្វើ ​(ចេញ​ថ្លៃ​​ចំណាយ​ក្នុង​សង្រ្គាម​ជា​មួយ​​អ៊ីរ៉ង់​​)​។ ខ្ញុំ​នឹង​មិន​និយាយ​មុន​គាត់​លើ​រឿង​នេះ​ទេ ប៉ុន្តែវាពិតជាគំនិតមួយ​ដែលខ្ញុំដឹងថា គាត់​មានរួច​ហើយ​​ និង​​ជា​អ្វី​ដែល​ខ្ញុំ​គិត​ថាយើង​នឹងឮបន្ថែមពីគាត់»។

គួរ​បញ្ជាក់​ថា​ សហរដ្ឋអាមេរិកបានដឹកនាំ​សម្ព័ន្ធភាព​សកល​នៃ​ប្រទេស​​ជា​ច្រើន​ អំឡុង​សង្គ្រាមឈូងសមុទ្រ ដើម្បី​ទប់ស្កាត់ការឈ្លានពាន​របស់​ប្រទេសអ៊ីរ៉ាក់​លើប្រទេសគុយវ៉ែត តាម​ការស្នើ​សុំ​របស់​ប្រទេស​នេះ និង​ប្រទេស​ជិតខាងអារ៉ាប់មួយ​ចំនួនទៀត​​។​

​ជា​ថ្នូរនឹង​ការ​ជួយ​របស់​សហរដ្ឋ​អាមេរិក​ រដ្ឋនានាក្នុងតំបន់និងសមាជិកសម្ព័ន្ធ​ភាព រួម​ទាំង​អាល្លឺម៉ង់ ​និងជប៉ុនបាន​រៃអង្គាស​ប្រាក់​បានចំនួន ៥៤ ប៊ី​លានដុល្លារកាល​ឆ្នាំ​១៩៩០ (ស្មើ​នឹង ​១៣៤ ប៊ីលានដុល្លារនាពេលបច្ចុប្បន្ន) ដើម្បី​ជួយ​បង់​ថ្លៃ​សម្រាប់​ការចូលរួម​របស់សហរដ្ឋអាមេរិក​។

​ទោះបី​ជា​យ៉ាង​ណា​ សង្គ្រាម​ដែល​កំពុង​​តែ​ប្រព្រឹត្តទៅ​នេះ​​ សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល​​​បាន​ចាប់​ផ្តើម​ធ្វើ​សង្គ្រាម​ជាមួយអ៊ីរ៉ង់​ដោយឯកតោភាគី​ វា​មិនពាក់ព័ន្ធនឹងសម្ព័ន្ធមិត្តនិង​ប្រទេស​ក្នុង​តំបន់​​ឈូង​សមុទ្រ​​ ដែល​​ពួក​គេ​ចង់បាន​នោះ​ទេ​​។

ចាប់​តាំង​ពី​ការ​បើក​ការ​វាយ​ប្រហារ​របស់​សហរដ្ឋ​អាមេរិក​និង​អ៊ី​ស្រាអែល​លើ​អ៊ីរ៉ង់​នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ​ ក្រុង​តេហេ​រ៉ង់​​ក៏​បាន​សងសឹក​ប្រឆាំង​នឹង​​ភាគី​ទាំង​ពីរ​​ដោយ​វាយ​បក​មីស៊ីល និងដ្រូន​ ចូល​​​​​មូលដ្ឋាន​ទ័ព និង ទ្រ​ព្យសម្បត្តិ​​​របស់​​សហរដ្ឋអាមេរិក​នៅ​​​ទូទាំងមជ្ឈិមបូព៌ា​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម