Connect with us

សេដ្ឋកិច្ច

​កម្ពុជា ចង់កៀរគរទុនវិនិយោគ ​និង​នាំយកនូវបច្ចេកវិទ្យា​ពី​ចិន​

បានផុស

នៅ

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​នៅថ្ងៃទី ​២៤ មិថុនា ឆ្នាំ២០២៦ ​បានទទួលជួបគណៈប្រតិភូសមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា​ (CIEA) ​ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំ “មហាសន្និបាតអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា និងពិព័រណ៍​ឧស្សាហកម្មកម្ពុជា-ចិន ឆ្នាំ២០២៦” ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែកក្កដា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កម្មវិធីនេះនឹងប្រមូលផ្តុំក្រុមហ៊ុនចិន សមាគមឧស្សាហកម្ម វិនិយោគិន ​និងសហគ្រាសកម្ពុជាជាង ២០០ ស្ថាប័ន ដើម្បីបង្កើតឱកាសសហការ ផ្គូផ្គងធុរកិច្ច និងស្វែងរកដៃគូផ្នែកឧស្សាហកម្ម និងការវិនិយោគនៅកម្ពុជា។

លោក ហែម វណ្ណឌី បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគម ក្នុងការផ្សព្វផ្សាយ​ពីកម្ពុជាជាគោលដៅវិនិយោគ និងបានលើកទឹកចិត្តឱ្យសមាគមទាក់ទាញក្រុមហ៊ុនវិនិយោគចិន ដែលអាចពង្រឹង ភាពប្រកួតប្រជែងនៃវិស័យឧស្សាហកម្ម និងជំរុញបរិវត្តកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ច​របស់កម្ពុជាក្នុងរយៈពេលវែង។

លោករដ្ឋមន្ត្រីបានលើកឡើងថា៖ “វិនិយោគិនចិនឈរនៅលំដាប់លេខ១ នៅកម្ពុជា។ អ្វីដែលកម្ពុជាចង់បានគឺមិនមែនត្រឹមតែតួលេខប៉ុណ្ណោះទេ។​ យើងចង់បានការវិនិយោគដែល​មានគុណភាព ដែលនាំមកនូវឧត្តមភាពប្រកួតប្រជែង ការផ្ទេរបច្ចេកវិទ្យា នវានុវត្តន៍ និងការវិនិយោគក្នុងវិស័យថ្មីៗ ដើម្បីគាំទ្រការធ្វើពិពិធកម្មសេដ្ឋកិច្ច និងពង្រឹងមូលដ្ឋានឧ​ស្សាហកម្មរបស់យើង។”

លោករដ្ឋមន្ត្រីក៏បានលើកឡើងពីសារសំខាន់នៃការទាក់ទាញវិនិយោគដែលអាចជួយអភិវឌ្ឍខ្សែច្រវាក់ផ្គត់​ផ្គង់​ក្នុងស្រុក បង្កើតការផ្សារភ្ជាប់រវាងឧស្សាហកម្មធន់ធ្ងន់ជាមួយនឹងសហគ្រាសក្នុងស្រុក ព្រមទាំងពង្រឹងសមត្ថភាពផលិតរបស់កម្ពុជា។

លោក LI ZHAN BO ប្រធានសមាគម CIEA បានលើកឡើងថា មហាសន្និបាត និងពិព័រណ៍ឧស្សា​ហកម្មនេះ មានគោលបំណងផ្តល់ជាវេទិកាជាក់ស្តែងសម្រាប់ភ្ជាប់សហគ្រាសកម្ពុជា និងក្រុមហ៊ុនចិន​ ជំរុញកិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងសម្របសម្រួលគម្រោង​វិនិយោគនៅកម្ពុជា។

​លោក​បានបន្ថែមថា៖ «គោលដៅរបស់យើងគឺមិនមែនគ្រាន់តែនាំយក​ទុនវិនិយោគពីប្រទេស​ចិនមក​កម្ពុជាប៉ុណ្ណោះទេ ​ប៉ុន្តែថែមទាំងនាំមកនូវបច្ចេកវិទ្យា ធនធានមនុស្ស ធនធានឧស្សាហកម្ម និង​ដំណោះស្រាយខ្សែច្រវាក់ផ្គត់ផ្គង់ពេញលេញ ដែលអាចគាំទ្រដល់ការអភិវឌ្ឍ​ឧស្សាហកម្មរ​បស់​កម្ពុជា»។ ​

​កម្មវិធីនេះនឹងជួយឱ្យសហគ្រាសចិនដែលមានគុណភាពកាន់តែច្រើន ស្វែងយល់អំពីឱកាស​វិនិយោគនៅ​កម្ពុជា និងបង្កើតប្រតិបត្តិការរយៈពេលវែងនៅទីនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម