Connect with us

ព័ត៌មានជាតិ

មុនឆ្នាំ ២០៣០ រដ្ឋាភិបាល​ដាក់​គោលដៅជំរុញ​​សហគ្រាសក្រៅប្រព័ន្ធ ​ចុះ​បញ្ចី​ចូលក្នុងប្រព័ន្ធឱ្យបាន​លើស​ពី ៩០%

បានផុស

នៅ

​មន្រ្តី​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​លើក​ឡើងពី​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ ក្នុង​ការ​ផ្តល់ការលើកទឹកចិត្តដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ដែលស្ថិតនៅក្រៅប្រព័ន្ធ ​ដើម្បី​ឈាន​ចុះបញ្ចី​ចូលទៅ​ក្នុងប្រព័ន្ធឱ្យបានលើសពី ៩០% មុន​ឆ្នាំ ២០៣០​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈា ឡាយហ៊ី អគ្គនាយករងនៃអគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម​ បាន​គូស​បញ្ជាក់​ថា យុទ្ធសាស្ត្រ​គន្លឹះមួយ​ចំនួនដែលរដ្ឋាភិបាល​ដាក់ចេញ ដើម្បីទាក់ទាញ​ឱ្យ​សហគ្រាសខ្នាតតូចនិងមធ្យម (MSEMs) ឲ្យចុះបញ្ចី​ចូល​មក​ក្នុងប្រព័ន្ធ ដែលក្នុង​នោះមាន​​​យន្តការ​ផ្សព្វផ្សាយ និងអប់រំ។

លោកថា រដ្ឋាភិបាល​មិនប្រើប្រាស់វិធានការ​ចាប់​បង្ខំឬដាក់បន្ទុកភ្លាមៗនោះទេ ប៉ុន្តែផ្តោត​លើការ​ចុះផ្សព្វ​ផ្សាយ និងពន្យល់ណែនាំឱ្យម្ចាស់អាជីវកម្មក្រៅប្រព័ន្ធយល់ដឹងពីសារៈសំខាន់ និង​អត្ថប្រយោជន៍​រយៈពេលវែង​នៃការចុះបញ្ជី​ក្នុង​ប្រព័ន្ធ។

«ការបង្ហាញពីអត្ថប្រយោជន៍សម្រាប់​សហគ្រា​សចុះបញ្ជី​ចូលក្នុងប្រព័ន្ធ។ ពួកគេ​នឹង​ទទួលបានឱកាសជាច្រើនដូចជា សមត្ថភាពក្នុងការពង្រីក​ទីផ្សារ​បាន​ទូលំទូ​លាយ​។ លទ្ធភាពក្នុងការស្នើសុំឥណទាន ឬប្រភពទុនពីរដ្ឋ ឬស្ថាប័នហិរញ្ញវត្ថុ/ធនាគារនានា រួមទាំង​ឱកាសក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេស​បណ្តា​ប្រទេស​ដែលមាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA) ជាមួយកម្ពុជា»។ លោកពន្យល់។

ដើម្បី​​ជំរុញដល់​​សហគ្រាស​ចុះ​បញ្ជីក្នុង​ប្រព័ន្ធ រដ្ឋាភិបាល​បាន​បង្កើត​ប្រព័ន្ធ​ចុះបញ្ជីរួម​តាម​រយៈថ្នាល​ប្រព័ន្ធ​បច្ចេកវិទ្យា​ (CamDX) ដែលជួយសម្រួលដល់ការចុះបញ្ជីតាំងពីក្រសួងពាណិជ្ជកម្ម រហូត​ដល់​ក្រសួង​ឧស្សាហកម្ម ឱ្យមានភាពរហ័ស និងងាយស្រួល។

បើតាម​លោក ឈា ឡាយហ៊ី ទិសដៅ​ឆ្នាំ ២០២៦ ក្រសួង​ឧស្សាហកម្ម​ដាក់ចេញនូវចក្ខុវិស័យ​ក្នុងការធ្វើទំនើបកម្ម ដោយ​ជំរុញផ្តល់​សេវានិង​ការចុះបញ្ជី​សាធារណៈ​ទាំងអស់ អាច​ធ្វើឡើង​តាមប្រព័ន្ធ​អនឡាញ ១០០% ដើម្បី​កាត់បន្ថយ​នីតិវិធី​ស្មុគស្មាញ និង​បង្កលក្ខណៈ​ងាយស្រួល​បំផុត​ដល់​អាជីវករ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម