ព័ត៌មានអន្ដរជាតិ
លក្ខខណ្ឌដាច់ណាត់របស់អ៊ីស្រាអែល៖ ការដកទ័ពចេញពីលីបង់ ទាល់តែក្រុមហេសបូឡារលំរលាយ
អ៊ីស្រាអែលបានប្រកាសដាច់ណាត់ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ថា ខ្លួននឹងដកកងកម្លាំងចេញពីភាគខាងត្បូងលីបង់ លុះត្រាតែ ក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ រលំរលាយ និងរំសាយអាវុធអស់ ខណៈដែលអ៊ីស្រាអែលនិងលីបង់ កំពុងចូលរួមក្នុងកិច្ចចរចាដែលមានអាមេរិកជាអ្នកសម្របសម្រួល នៅទីក្រុងវ៉ាស៊ីនតោន។

យោងសារព័ត៌មាន macaubusiness អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល លោក David Mencer បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា «យើងនឹងមិនដកកងកម្លាំងរបស់យើងចេញពីភាគខាងត្បូងលីបង់នោះទេ ដរាបណាក្រុមហេសបូឡា នៅតែជាការគំរាមកំហែង មិនទាន់រំសាយអាវុធ និងមិនទាន់ត្រូវបានលុបបំបាត់កងទ័ព»។
លោក បានបន្ថែមថា៖ «យើងធ្លាប់ស្ថិតក្នុងស្ថានភាពបែបនេះម្តងរួចមកហើយកាលពីឆ្នាំ ២០២៤។ កាលណោះ ក្រុមហេសបូឡា ត្រូវបានសន្មតថា ត្រូវរំសាយអាវុធ ប៉ុន្តែពួកគេមិនបានធ្វើឡើយ»។
យ៉ាងណាមិញ ក្រោមសម្ពាធពីអាមេរិក មន្ត្រីលីបង់បានចាប់ផ្តើមកិច្ចចរចាផ្ទាល់ជាមួយអ៊ីស្រាអែល កាលពីខែមេសា នៅទីក្រុងវ៉ាស៊ីនតោន។ កិច្ចចរចាជុំចុងក្រោយដែលមានរយៈពេលបីថ្ងៃនេះ គ្រោងនឹងបញ្ចប់នៅថ្ងៃព្រហស្បតិ៍នេះ។
នៅពេលត្រូវបានសួរអំពីកិច្ចចរចានេះ លោក Mencer បានឆ្លើយតបថា «យើងកំពុងបញ្ជាក់យ៉ាងច្បាស់ថា ទំនួលខុសត្រូវរបស់យើងគឺចំពោះប្រជាពលរដ្ឋរបស់យើងនៅភាគខាងជើង និងចំពោះប្រទេសអ៊ីស្រាអែលទាំងមូល ហើយយើងនឹងមិនអនុញ្ញាតឲ្យមានកងកម្លាំងភេរវករណាមួយនៅជិតព្រំដែនរបស់យើងឡើយ។ នេះមានន័យថា ការពង្រាយកងទ័ព IDF (កងទ័ពអ៊ីស្រាអែល) ឡើងវិញ នឹងត្រូវធ្វើឡើងនៅពេលក្រោយ មិនមែនមុននោះទេ ពោលគឺបន្ទាប់ពីការលុបបំបាត់កងទ័ពនៅភាគខាងត្បូងលីបង់ និងការរំសាយអាវុធរបស់ក្រុមហេសបូឡា»។
ដោយឡែក ថ្លែងមតិជុំវិញការចរចានេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បានលើកឡើងថា ប្រទេសជិតខាងទាំងពីរនេះ កំពុងខិតជិតដល់ការបង្កើត «ការប្តេជ្ញាចិត្តនៃចេតនា» ហើយ។
គួរបញ្ជាក់ថា កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លានៅលីបង់ និងបានបញ្ជូនកងទ័ពទៅកាន់តំបន់ភាគខាងត្បូងនៃប្រទេសនេះ បន្ទាប់ពីក្រុមហេសបូឡា ដែលជាក្រុមជីវពលដ៏មានឥទ្ធិពល និងមានអ៊ីរ៉ង់ជាអ្នកកាសែតពីក្រោយ បានចូលរួមក្នុងសង្គ្រាមមជ្ឈិមបូព៌ា ដើម្បីជួយដល់មេកើយរបស់ខ្លួន កាលពីខែមីនា៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


