Connect with us

ព័ត៌មានអន្ដរជាតិ

លោក​ វ៉ាង​ យី​​​ លើក​យោបល់ថា​ អឺរ៉ុប​និង​ចិន​គួរ​តែ​ជា​ដៃ​គូ​សហការ​ ជា​ជាងគូ​ប្រជែង​​

បានផុស

នៅ

រដ្ឋ​មន្ត្រី​ការបរទេស​ចិន លោក វ៉ាង​ យី​ លើក​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ថា ប្រទេសចិននិង​អឺរ៉ុប គួរ​តែ​​ជាដៃគូ​សហការ​​ជាជាង​​ធ្វើ​ជ​ា​​គូប្រជែង ដោយ​សង្កត់ធ្ងន់ថា ការអភិវឌ្ឍ​របស់ប្រទេសចិន បង្ហាញ​ពីឱកាស​សម្រាប់អឺរ៉ុបជាជាង​បញ្ហា​ប្រឈម។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន Xinhua ផ្សាយ​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០២៦ ។

លោក វ៉ាង​ បាន​ធ្វើការកត់សម្គាល់​បែបនេះ អំឡុងពេល​កិច្ច​ពិភាក្សា​នៅ​ទីក្រុងប៉េកាំង ជាមួយរដ្ឋ​មន្ត្រីការបរទេស​អូទ្រីស លោក​ស្រី Beate Meinl-Reisinger ខណៈ​ភាគីទាំង​ពីរ​បានប្រារព្ធខួបលើកទី៥៥ នៃ​ទំនាក់ទំនងការទូតចិន​-អូទ្រីស​។

រដ្ឋ​មន្ត្រី​ការបរទេស​ចិន លោក វ៉ាង​ យី ។ រូបភាព៖ AA
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ាង ​និយាយ​ថា៖ « ការអភិវឌ្ឍជាលំដាប់​នៃចំណងមិត្តភាព​ទ្វេភាគី​ក្នុងរយៈពេលប្រាំ​ទសវត្សរ៍កន្លងមកនេះ ត្រូវបាន​ដឹកនាំដោយការ​គោរពគ្នា​ទៅវិញទៅមក សមភាព ការបើកចំហ និងកិច្ចសហប្រតិបត្តិការ​ដែលផ្តល់ផល​ប្រយោជន៍ទៅវិញ​ទៅមក។ ភាពជាដៃ​គូយុទ្ធសាស្ត្រ​ចិន-អូទ្រីស បង្ហាញថា ប្រទេសដែល​មានប្រព័ន្ធ​សង្គម ​និងវប្បធម៌ខុសៗ​គ្នា ក៏​អាចកសាងទំនាក់ទំនង​ដ៏រឹងមាំ​បាន»​។

ថ្លែង​ទៅកាន់ទំនាក់ទំនងចិន-អឺរ៉ុប លោក វ៉ាង និយាយថា ទីក្រុងប៉េកាំង​ពេញចិត្ត​ ចំពោះវិធីសាស្រ្តសមហេតុផលនិងជាក់ស្តែង​របស់​ប្រទេសអូទ្រីស ហើយសង្ឃឹមថា ទីក្រុង Vienna នឹង​បន្ត​ដើរ​តួនាទីស្ថាបនា​ក្នុងការលើកកម្ពស់ការ​សន្ទនា និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំង​ពីរ។

ដោយ​ឡែក លោកស្រី Beate Meinl-Reisinger បាន​បញ្ជាក់ជាថ្មីនូវ​ការប្តេជ្ញាចិត្ត​របស់ប្រទេសអូទ្រីស​ ចំពោះគោលនយោបាយចិន​តែមួយ ហើយ​ប្រទេស​លោក​​ស្រី​បាន​យកចិត្តទុកដាក់យ៉ាង​ខ្លាំង​ ចំពោះទំនាក់ទំនង​ជាមួយទីក្រុង​ប៉េកាំង។

លោកស្រីបាន​សម្តែងការត្រៀមខ្លួនរួចជា​ស្រេច​ ដើម្បីពង្រីក​កិច្ច​សហប្រតិបត្តិការក្នុងវិស័យ​ពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍបៃតង ​ខណៈ​គាំទ្រដល់ការសន្ទនា​ដោយស្មោះត្រង់ ដើម្បីធានាបាន​នូវការ​អភិវឌ្ឍ​ប្រកបដោយស្ថិរភាព និងមានសុខភាពល្អនៃទំនាក់ទំនងអឺរ៉ុប-ចិន​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម