ព័ត៌មានជាតិ
តើប្រធានបក្សណាខ្លះត្រូវបានដកចេញពីឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់?
គិតត្រឹមឆ្នាំ២០២៣នេះ សមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មានសមាជិកតែ ១៥គណបក្សប៉ុណ្ណោះ បន្ទាប់ពីគណបក្សឆន្ទៈខ្មែរត្រូវបានដកចេញពីសមាជិកភាព ខណៈប្រធានប្រតិភូនៃគណបក្សចំនួនមួយចំនួនផ្សេងទៀតត្រូវបានបញ្ចប់មុខតំណែង ដែលមានជាប់ពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងការបំពេញភារកិច្ច។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ត្រូវបានបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើមដោយផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន ក្រោយពេលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។ តាមរយៈលទ្ធផលនៃការបោះឆ្នោតអាណត្តិទី៦ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះទាំងស្រុង ដោយទទួលបានអាសនៈរដ្ឋសភាទាំងអស់ គឺ១២៥ លើ១២៥អាសនៈ។
ប្រការនេះហើយទើបសម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតនូវយន្តការថ្មីមួយ គឺ «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» ដើម្បីជាធាតុចូលបន្ថែមជាមួយរាជរដ្ឋាភិបាល ហើយយន្តការនេះមានសមាសភាពមកពីគណបក្សចំនួន ១៦ដែលមិនទទួលបានអាសនៈនៅក្នុងរដ្ឋសភា។

ប៉ុន្តែ បើគិតមកដល់ដើមឆ្នាំ២០២៣នេះ សមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នៅសល់ ១៥គណបក្សប៉ុណ្ណោះ ក្រោយពីគណបក្សឆន្ទៈខ្មែរ ដែលដឹកនាំដោយលោក គង់ មុនីកា ត្រូវបានដកចេញពីសមាជិកភាពនៃស្ថាប័ននេះកាលពីអំឡុងខែតុលា ឆ្នាំ២០២២ ដោយហេតុបក្សនេះបានប្រកាសរួបរួមជាមួយនឹងគណបក្សភ្លើងទៀន។ ចំណែក ប្រធានប្រតិភូនៃគណបក្សចំនួន ៣ផ្សេងទៀត គឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វិល្លាម ហ្គ័ង ប្រធានគណបក្សខ្មែរក្រោក និងលោកស្រី សុខ រ័ត្នសុវណ្ណបញ្ចៈសីលា ប្រធានគណបក្សនគរប្រជាធិបតេយ្យ (ពីមុនឈ្មោះថាគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ) ត្រូវបានបញ្ចប់តំណែងពីសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។

ការបញ្ចប់មុខតំណែងលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វីល្លាម ហ្គ័ង ពីសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានធ្វើឡើងក្រោយលោក វីល្លាម ហ្គ័ង បានប្រព្រឹត្តហួសតួនាទីដែលបានកំណត់ ហើយបង្កឲ្យមានជម្លោះជាមួយមន្ត្រីបរិស្ថាន កាលពីឆ្នាំ២០២០។ ក្រោយមក ប្រធានគណបក្សខ្មែរក្រោក និងជាអតីតសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់រូបនេះ ក៏ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញដីកាបង្គាប់ឲ្យឃុំខ្លួននៅពន្ធនាគារព្រៃស ក្រោមបទចោទប្រកាន់ពាក់ព័ន្ធករណីប្លន់ឧកញ៉ាម្នាក់ទៀតផង។

ចំពោះលោកស្រី សុខ រ័ត្នសុវណ្ណបញ្ចៈសីលា អតីតប្រធានគណបក្សនគរប្រជាធិបតេយ្យ ត្រូវបានបញ្ចប់ពីសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្រោយពីមានការពាក់ព័ន្ធទំនាស់ដីធ្លីនៅខេត្តព្រះវិហារ កាលពីឆ្នាំ២០១៩ ។ដោយឡែក កាលពីខែធ្នូ ឆ្នាំ២០២០ សមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មកពីគណបក្សហ៊្វុនស៊ិនប៉ិច ក៏ត្រូវបានដោះដូរផងដែរ ដោយក្នុងនោះព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ និងមន្ត្រីពីររូបទៀតត្រូវបានបញ្ចប់មុខតំណែងពីសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ហើយជំនួសដោយសមាសភាពថ្មី។

គួររំលឹកថា ក្នុងចំណោមគណបក្សដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៦ ចំនួន២០ គណបក្ស គឺមាន ១៦គណបក្សបានក្លាយជាសមាជិកនៃយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ។ គណបក្សទាំង ១៦នេះ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សហ្វុនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា គណបក្សខ្មែរក្រោក គណបក្សពន្លឺថ្មី គណបក្សឆន្ទៈខ្មែរ គណបក្សសញ្ជាតិកម្ពុជា គណបក្សធម្មាធិបតេយ្យគណបក្សរស្មីខេមរា គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សនគរប្រជាធិបតេយ្យ គណបក្សខ្មែរសាធារណរដ្ឋ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និងគណបក្សខ្មែរតែមួយ៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ