ព័ត៌មានអន្ដរជាតិ
ថាក់ស៊ីន ស្នើឱ្យថៃលក់ «ទិដ្ឋាការមាស» ដើម្បីជំរុញសេដ្ឋកិច្ច ស្រដៀងនឹងផែនការ ត្រាំ
អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ កាលពីថ្ងៃព្រហស្បតិ៍ បានស្នើឱ្យប្រទេសថៃបង្កើតគម្រោង «ទិដ្ឋាការមាស» ដើម្បីលក់ទៅឱ្យអ្នកមានៗជាបរទេស ដើម្បីជំរុញសេដ្ឋកិច្ចថៃដោយបង្កើនចំណូលជាតិ ស្រដៀងគ្នានឹងផែនការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលប្រកាសឡើងកាលពីចុងខែកុម្ភៈ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។

ថ្លែងក្នុងកម្មវិធី «Unlocking Thailand’s Future» លោក ថាក់ស៊ីន បានអះអាងថា គម្រោងទិដ្ឋាការមាសនេះ អាចរួមចំណែកដល់សេដ្ឋកិច្ចថៃ រហូតដល់ទៅ ៥០០ ប៊ីលានដុល្លារ។ លោកស្នើថា ថៃអាចទាក់ទាញអ្នកមានៗបរទេសឱ្យទិញរហូតដល់ទៅ ៦០០ ០០០ នាក់ ហើយថៃអាចលក់ទិដ្ឋាការមាសនេះក្នុងតម្លៃ ១ លានដុល្លារ សម្រាប់មនុស្សម្នាក់។
លោក ថាក់ស៊ីន បន្តថា ជាថ្នូរនឹងនោះ ជនបរទេសដែលមានទិដ្ឋាការមាស អាចទិញអចលនទ្រព្យនៅក្នុងប្រទេសថៃ ដែលនេះនឹងជួយដល់វិស័យអចលនទ្រព្យ។ សម្រាប់ប្រាក់ដែលរកបាន រដ្ឋាភិបាលថៃអាចយលធ្វើជាមូលនិធិដើម្បីជំរុញវិស័យអប់រំក្នុងប្រទេសថៃ។
លោកថ្លែងយ៉ាងដូច្នេះថា៖ «វានឹងជំរុញកំណើន GDP (ផលិតផលក្នុងស្រុកសរុប) កាត់បន្ថយបំណុលសាធារណៈ ជំរុញការប្រើប្រាស់ក្នុងស្រុក។ វាថ្មី លុយភ្លាមៗ ហើយវាល្អគួរតែអនុវត្ត»។
គេមើលឃើញថា សេដ្ឋកិច្ចថៃ ដែលពឹងផ្អែកខ្លាំងលើការនាំចេញ និងទេសចរណ៍ បានកើនឡើងជាមធ្យមក្រោម ២ ភាគរយ ក្នុងរយៈពេល ១ ទសវត្សរ៍កន្លងមកនេះ ដោយយឺតយ៉ាវជាងសេដ្ឋកិច្ចនៃប្រទេសគូប្រជែងនៅអាស៊ីអាគ្នេយ៍សំខាន់ៗផ្សេងទៀត។ គេព្យាករថា GDP ថៃ ទំនងជានឹងកើនឡើងត្រឹមចន្លោះ ១,៣-២,៣ ភាគរយ ឆ្នាំនេះ ដោយសារតែបំណុលគ្រួសារខ្ពស់ វិបត្តិទេសចរណ៍ និងហានិភ័យពន្ធគយរបស់សហរដ្ឋអាមេរិក ដែលគំរាមកំហែងដល់ការនាំចេញរបស់ថៃ។

ជុំវិញការស្នើឡើងរបស់លោក ថាក់ស៊ីន គេមិនទាន់ឃើញមានអ្នកជំនាញណាមួយ បកស្រាយពីភាពវិជ្ជមាន ឬអវិជ្ជមានយ៉ាងណាសម្រាប់គម្រោងនេះទេ។ ប៉ុន្តែវាស្រដៀងនឹងគម្រោងដែលលោក ត្រាំ ស្នើឡើង លើការលក់ទិដ្ឋាការមាស ឬប័ណ្ណមាសក្នុងតម្លៃ ៥ លានដុល្លារ សម្រាប់អ្នកមានៗបរទេស។ ជាថ្នូរនឹងការទិញប័ណ្ណមាសរបស់ ត្រាំ ជនបរទេសនឹងអាចរស់នៅសហរដ្ឋអាមេរិកជាអចិន្ត្រៃយ៍ស្របច្បាប់ មានលទ្ធភាពទទួលបានសញ្ជាតិអាមេរិក ទទួលបានការលើកលែងពន្ធចំពោះប្រាក់ចំណូលអាជីវកម្មនៅបរទេស ចេញចូលសហរដ្ឋអាមេរិកដោយសេរីដោយមិនប្រើទិដ្ឋាការ និងមានសិទ្ធិធ្វើការ ឬបើកអាជីវកម្មនៅសហរដ្ឋអាមេរិកជាដើម។
លោក ត្រាំ និយាយថា គម្រោងទិដ្ឋាការមាសនឹងបង្កើនចំណូលរដ្ឋាភិបាលយ៉ាងច្រើន និងកាត់បន្ថយបំណុលជាតិ ប៉ុន្តែអ្នករិះគន់និយាយថា វាអាចធ្វើឱ្យអាមេរិកប្រថុយក្លាយខ្លួនជាកន្លែងលាងលុយកង្វក់សម្រាប់ឧក្រិដ្ឋជនបរទេស និងពង្រីកវិសមភាព។ មកទល់ពេលនេះ វាមិនទាន់ត្រូវបានអនុម័តនៅ ក្រោមច្បាប់នៅឡើយទេ។
ក្នុងករណីថៃ គេមិនទាន់ដឹងថាតើគម្រោងទិដ្ឋាការមាសអាចអនុវត្តបានដោយរបៀបណា ឬត្រូវឆ្លងកាត់ដំណើរការបែបណានោះទេ៕
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


