Connect with us

កីឡា

អ៊ុយក្រែន ត្រូវ IOC ព្រមាន ក្រោយ​មិន​ឲ្យ​អត្តពលិកប្រកួត​ បើ​​វគ្គ​ជម្រុះអូឡាំពិកប៉ះរុស្ស៊ី

បានផុស

នៅ

អត្តពលិក​ប្រទេស​អ៊ុយក្រែន​​បាន​លើក​ឡើង​ពី​ការ​មិនចូលរួមក្នុង​ការ​ប្រកួត​​ជម្រុះក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤ ប្រសិនបើពួកគេត្រូវប្រកួតប៉ះជាមួយរុស្ស៊ី។

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានរិះគន់ការសម្រេចចិត្តរបស់អ៊ុយក្រែន ដែលមិនអនុញ្ញាតឱ្យអត្តពលិកអ៊ុយក្រែនចូលរួម​ជម្រុះសម្រាប់អូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤ ប្រសិនបើពួកគេត្រូវប្រកួតតទល់ជាមួយរុស្ស៊ី ដោយនិយាយថា វានឹងធ្វើឱ្យប៉ះពាល់ដល់កីឡាអ៊ុយក្រែន និងអត្តពលិកតែប៉ុណ្ណោះ។

រដ្ឋមន្ត្រី ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​អ៊ុយក្រែន លោក Oleh Nemchinov បានប្រកាសពីគោលនយោបាយនេះកាលពីថ្ងៃសុក្រកន្លងទៅ បន្ទាប់ពី IOC បានចេញអនុសាសន៍កាលពីថ្ងៃអង្គារ៍ ក្នុងការវិលត្រឡប់បន្តិចម្តងៗទៅកាន់ការប្រកួតអន្តរជាតិសម្រាប់អត្តពលិករុស្ស៊ី និងបេឡារុស្ស ក្នុង​នាមជាអត្តពលិកអព្យាក្រឹត។

អត្តពលិកមកពីប្រទេសទាំងពីរត្រូវបានហាម​ពីការប្រកួតកីឡាលំដាប់អន្តរជាតិភាគច្រើនចាប់តាំងពីខែមីនា ឆ្នាំ២០២២ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីខែកុម្ភៈ។

ស្ថាប័នអូឡាំពិក បាននិយាយ​ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា ៖«ប្រសិនបើវាត្រូវបានអនុវត្តលើការសម្រេចចិត្តបែបនេះ នោះនឹងធ្វើឱ្យប៉ះពាល់ដល់សហគម​អត្តពលិកអ៊ុយក្រែន។ វាមិនមានផលប៉ះពាល់ដល់សង្រ្គាមដែលពិភពលោកចង់បញ្ឈប់​នោះ​ទេ ហើយ IOC បានថ្កោលទោសយ៉ាងខ្លាំង»។

IOC តែងតែរក្សាថា វាមិនអាស្រ័យលើរដ្ឋាភិបាលក្នុងការសម្រេចចិត្តថាតើអត្តពលិកណាអាចចូលរួមក្នុងការប្រកួតអន្តរជាតិមួយណានោះទេ។

លោក Nemchinov បាននិយាយថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលត្រូវបានអនុម័ត បន្ទាប់ពីទទួលសំណើរបស់រដ្ឋមន្ត្រីកីឡា Vadym Huttsait ហើយសហព័ន្ធជាតិដែលមិនអើពើនឹងសេចក្តីសម្រេចអាចត្រូវបានដាក់​ទណ្ឌកម្ម។ លោក Huttsait ក៏ជាប្រធានគណៈកម្មាធិការអូឡាំពិករបស់អ៊ុយក្រែនផងដែរ។

IOC ត្រូវធ្វើការសម្រេចចិត្តដាច់ដោយឡែកមួយស្តីពីការចូលរួមរបស់អត្តពលិករុស្ស៊ី និងបេឡារុស្ស ក្នុងព្រឹត្តិការណ៍អូឡាំពិក នៅពេលក្រោយ។ អ៊ុយក្រែនបានគំរាមធ្វើពហិការ  ប្រសិនបើរុស្ស៊ីត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតនៅទីនោះ។

«ដោយសារតែការពិតដែលថាមានសង្រ្គាម ជម្លោះប្រដាប់អាវុធ និងវិបត្តិច្រើនពេកនៅក្នុងពិភពលោកនេះ យើងបានឃើញនៅក្នុងការប្រកួតកីឡាស្ទើរតែទាំងអស់ដែលអត្តពលិកប្រកួតប្រជែងគ្នាទៅវិញទៅមក ទោះបីជាប្រទេសរបស់ពួកគេកំពុងមានសង្រ្គាម ឬជម្លោះក៏ដោយ»។ IOC បាននិយាយ។

IOC មានការស្ទាក់ស្ទើរក្នុងការដកអត្តពលិករុស្សី និងបេឡារុស្ស ចេញពីការប្រកួតក្នុងទីក្រុងប៉ារីស ដោយសារការព្រួយបារម្ភអំពីការវិលត្រឡប់ទៅកាន់ការធ្វើពហិការកីឡាអូឡាំពិក នៃសម័យសង្គ្រាមត្រជាក់។

ស្ថាប័ននេះបានដាក់ចេញ​ផ្លូវមួយក្នុងខែមករា សម្រាប់ពួកគេដើម្បីរកបានកៅអីនៅអូឡាំពិក តាមរយៈ​ការ​ប្រកួត​ជម្រុះជាមួយប្រទេសនៅទ្វីបអាស៊ី ដើម្បីប្រកួតប្រជែងក្នុងនាមជាអត្តពលិកអព្យាក្រឹត ដោយគ្មានទង់ជាតិ ឬភ្លេង។

សហព័ន្ធមួយចំនួនបានអនុញ្ញាតឲ្យរុស្ស៊ី និងបេឡារុស្ស ចូលរួម​ប្រកួត ប៉ុន្តែក៏មានការប្រឆាំងយ៉ាងខ្លាំងចំពោះផែនការរបស់ IOC ពីអត្តពលិក និងរដ្ឋាភិបាលអឺរ៉ុបមួយចំនួនផងដែរ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ aljazeera.com

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម