Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង ថា គ្មានប្រទេសណាមួយទទួលស្គាល់ កូរ៉េខាងជើង ជា រដ្ឋអាវុធនុយក្លេអ៊ែរ ផ្លូវការឡើយ

បានផុស

នៅ

ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសកូរ៉េខាងជើងនឹងមិនត្រូវបានទទួលស្គាល់ជាផ្លូវការ ថាជារដ្ឋអាវុធនុយក្លេអ៊ែរពីប្រទេសណាមួយនោះទេ ជាពិសេសទណ្ឌកម្មអន្តរជាតិថ្មីក៏នឹងពង្រីកបន្ថែមប្រឆាំងនឹងទីក្រុងព្យុងយ៉ាងផងដែរ ប្រសិនបើប្រទេសនេះនៅតែបន្តអាវុធនុយក្លេអ៊ែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការបរទេសបាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា “សហគមន៍អន្តរជាតិបានហាមឃាត់យ៉ាងច្បាស់នូវការអភិវឌ្ឍន៍ និងការបង្ករឿងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ទោះបីជាមានការចេញបញ្ជាក់ និងអះអាងពីសំណាក់កូរ៉េខាងជើងក៏ដោយ” ។

យោងតាមសារព័ត៌មាន Yonhap បានរាយការណ៍ថា “ការប្រព្រឹត្តកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនឹងមិនដែលត្រូវបានទទួលស្គាល់ជាផ្លូវការណាមួយឡើយ ហើយការដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិក៏នឹងពង្រីកកាន់តែស៊ីជម្រៅថែមទៀតផងដែរ” ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Choe Ryong Hae ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនកំពូលកូរ៉េខាងជើងបាននិយាយកាលពីដើមសប្ដាហ៍នេះថា ការអភិវឌ្ឈកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺគ្រាន់តែដើម្បីធានាសិទ្ធិរស់រានមានជីវិត និងការអភិវឌ្ឍន៍របស់ប្រទេស ជាពិសេសគឺការការពារសង្គ្រាម សន្តិភាព និងស្ថិរភាពក្នុងតំបន់តែប៉ុណ្ណោះ ។

គួរបញ្ជាក់ថា ចាប់តាំងពីការសាកល្បងនុយក្លេអ៊ែរលើកដំបូងរបស់កូរ៉េខាងជើងក្នុងឆ្នាំ ២០០៦ មក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តដំណោះស្រាយមួយចំនួនប្រឆាំងនឹងទីក្រុងព្យុងយ៉ាងជុំវិញការអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរ ខណៈវិធានការរឹតត្បិតទាំងនេះ រួមមានការដាក់ទណ្ឌកម្មលើការផ្គត់ផ្គង់សព្វាវុធមកកាន់ប្រទេសនេះ ការហាមឃាត់ ឬកម្រិតលើការនាំចេញធ្យូងថ្ម ប្រេង វត្ថុធាតុដើមកម្ររបស់កូរ៉េខាងជើង ក៏ដូចជាការដាក់ទណ្ឌកម្មលើវិស័យហិរញ្ញវត្ថុផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ប្រទេសអាស៊ាន ៦ ពួតដៃជាមួយ ចិន កម្ចាត់ឧក្រិដ្ឋកម្មឆ្លងដែនទាក់ទង​​ល្បែងស៊ីសងតាមអនឡាញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម