ព័ត៌មានជាតិ
ក្រុមហ៊ុនពីរសហការគ្នាពង្រីកការនាំចេញផលិត ផលកសិកម្មជាច្រើនមុខទៅកាន់ទីផ្សារបារាំង
ក្រុមហ៊ុន Smart Eden និង ត្រូពិកខេម ដាក់ផែនការពង្រីកការនាំចេញផលិតផលកសិកម្មជាង១០មុខបន្ថែមទៀតទៅកាន់ទីផ្សារបារាំង បន្ទាប់ពីផលិតផលគ្រាប់ស្វាយចន្ទី និងដំណាប់ស្វាយទទួលបានការគាំទ្រខ្លាំងកាលពីឆ្នាំមុន។

ការលើកឡើងរបស់ក្រុមហ៊ុនធ្វើឡើងក្នុងជំនួបរវាងគណៈប្រតិភូក្រុមហ៊ុន Smart Eden ដឹកនាំដោយនាយកប្រតិបត្តិ លោក Laurent Strauch និងអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុនត្រូពិកខេម ជាមួយលោកហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី១ខែមេសានៅទីស្តីការក្រសួង។
លោក Laurent Strauch បានលើកឡើងថា ក្រុមហ៊ុន Smart Eden បាននាំចេញគ្រាប់ស្វាយចន្ទី និងដំណាប់ស្វាយពីកម្ពុជាតាំងពីឆ្នាំ២០២៤ ហើយទទួលបានការគាំទ្រច្រើនពីអតិថិជនក្នុងប្រទេសបារាំង។ លោកថា Smart Eden ដែលជាក្រុមហ៊ុនចែកចាយផលិតផលដ៏ធំ បច្ចុប្បន្នមានបណ្តាញលក់ជាង ៦០០០ ទីតាំងនៅទូទាំងប្រទេសបារាំង។

លោក Strauch បានបញ្ជាក់ថា៖ «យើងមានបំណងពង្រីកការនាំចេញផលិតផលកម្ពុជា ពី ១០ ទៅ ១៥ មុខ ក្នុងឆ្នាំ២០២៥ នេះ ដែលរួមមានទាំងអង្ករ ម្រេច ស្ករត្នោត និងធ្យូងអនាម័យ។ យើងក៏គ្រោងផលិតបឺរពីគ្រាប់ស្វាយចន្ទី ដើម្បីនាំចេញទៅបារាំងផងដែរ»។
អ្នកឧកញ៉ា ហ៊ុន ឡាក់ បានថ្លែងមកប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី២ខែមេសានេះថា ក្រុមហ៊ុនរបស់លោកបានសហការជាមួយក្រុមហ៊ុន Smart Eden របស់បារាំងដោយបានធ្វើការនាំចេញនូវផលិតផលគ្រាប់ស្វាយចន្ទី និងដំណាប់ស្វាយទៅកាន់ប្រទេសបារាំងកាលពីចុងឆ្នាំមុន និងទទួលបានការគាំទ្រខ្លាំង។
អ្នកឧកញ៉ា បានថ្លែងថា៖«យើងបានជួបពិភាក្សាជាមួយឯកឧត្តមហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានរាយការណ៍អំពីវឌ្ឍនៈភាពនៃការនាំចេញរបស់យើងកន្លងមក។ ដោយកាលពីចុងឆ្នាំ២០២៤ យើងបាននាំចេញនូវផលិតគ្រាប់ស្វាយចន្ទី និងដំណាប់ស្វាយចំនួន២ទូរកុងធឺរនឺរ ដែលក្នុងជាង៤០%ជាដំណាប់ស្វាយកែច្នៃរួច នាំចេញទៅកាន់ទីផ្សារបារាំង។ សម្រាប់ឆ្នាំ២០២៥ យើងដាក់ទិសដៅនាំចេញឱ្យបានច្រើនជាងឆ្នាំ២០២៤។ លើសពីនោះយើងក៏ធ្វើការសិក្សាធ្វើការនាំចេញស្ករត្នោត និងម្រេច និងផលិតផលកសិកម្មកែច្នៃរួចមួយចំនួនបន្ថែមទៀត»។

លោក ហែម វណ្ណឌី បានអបអរក្រុមហ៊ុន Smart Eden ចំពោះជោគជ័យនៃការនាំចេញគ្រាប់ស្វាយចន្ទី និងដំណាប់ស្វាយពីកម្ពុជាកន្លងមក។ លោកបានលើកឡើងថា៖ «រាជរដ្ឋាភិបាលកម្ពុជាផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍវិស័យស្វាយចន្ទី ជាទំនិញយុទ្ធសាស្ត្រ។ យើងចង់ប្រែក្លាយកម្ពុជាទៅជាប្រទេសផ្គត់ផ្គង់ផលិតផលស្វាយចន្ទីធំបំផុតមួយសម្រាប់ពិភពលោក»។
លោករដ្ឋមន្រ្តីក៏បានលើកឡើងពីសារៈសំខាន់នៃការប្រមូលផ្តុំក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ដែលជំរុញដោយទីផ្សារ ដើម្បីទាញយកឧត្តមភាពនៃសេដ្ឋកិច្ចមាត្រដ្ឋាន និងបំពេញតាមតម្រូវការទីផ្សារ។ លោកថារដ្ឋាភិបាលបានខិតខំប្រឹងប្រែងកែលម្អហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិរបស់កម្ពុជា រួមទាំងសេវាមន្ទីរពិសោធន៍ ស្តង់ដារជាតិ និងការស្រាវជ្រាវ និងអភិវឌ្ឍន៍ ពិសេសក្នុងវិស័យម្ហូបអាហារ សំដៅលើកកម្ពស់ស្តង់ដារផលិតផល និងជំរុញការនាំចេញរបស់កម្ពុជា។
លោករដ្ឋមន្រ្តីបានបន្ថែមថា៖ «ក្រសួងគាំទ្រក្រុមហ៊ុនក្នុងការផលិតបឺរពីគ្រាប់ស្វាយចន្ទី ហើយយើងលើកទឹកចិត្តក្រុមហ៊ុនឱ្យសិក្សាផលិតផលសក្តានុពលផ្សេងៗទៀតរបស់កម្ពុជា ដោយសហការជាមួយក្រុមការងារ របស់ក្រសួង និងដៃគូ ដូចជាសហគ្រិនខ្មែរជាដើម»។
អ្នកឧកញ៉ា ហ៊ុន ឡាក់ បានថ្លែងថា ក្រុមហ៊ុនទាំងពីរនឹងធ្វើការរៀបចំផ្សព្វផ្សាយទៅកាន់ទីផ្សារនោះ និងបន្តសិក្សាផលិតផលសក្តានុពលបន្ថែមទៀត ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។
អ្នកឧកញ៉ាថ្លែងថា៖«ឥឡូវនេះយើងកំពុងតែធ្វើការសិក្សាលម្អិតលើផលិតផលសក្តានុពលរបស់យើង ដោយយើងរំពឹងថានឹងបង្កើនការនាំចេញនូវផលិតផលទាំងនោះកាន់តែច្រើនដើម្បីចែកចាយនៅតាមផ្សារទំនើបនៅប្រទេសបារាំង»៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


