ព័ត៌មានជាតិ
គ្រោះថ្នាក់ចរាចរណ៍បង្កដោយលោកសក្តិ៥៖ នាយករដ្ឋមន្ត្រី ធានាអះអាងមិនឱ្យបុគ្គលនេះរួចពីសំណាញ់ច្បាប់ឡើយ
នៅព្រឹកថ្ងៃសៅនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នឹងតាមដានចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយមន្ត្រីនគរបាលសក្តិ៥ម្នាក់ ដោយសម្ដេចធានាអះអាងថា មិនឱ្យបុគ្គលដែលបុកគេស្លាប់នេះ រួចពីសំណាញ់ច្បាប់ឡើយ។

កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយវរសេនីយ៍ឯក ហ៊ុន ហេង នាយការិយាល័យគណនេយ្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបានបើករថយន្ដបុករះនៅលើកំណាត់ផ្លូវព្រះនរោត្ដម មុខក្រសួងមហាផ្ទៃ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបណ្ដាលឱ្យបុរសអ្នកបើកម៉ូតូកង់បីឥណ្ឌាម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងរបួសធ្ងន់ស្រាល៥នាក់។

ជុំវិញករណីនេះ ក៏មានការជជែកវែកញែកច្រើនតាមបណ្ដាញសង្គម ដោយសារជនបង្កជាមន្ត្រីនគរបាលជាតិនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយសាធារណៈមតិសម្ដែងការព្រួយបារម្ភចំពោះការអនុវត្តច្បាប់អាចមិនមានតម្លាភាព។
ជម្រះការព្រួយបារម្ភនេះ ថ្លែងក្នុងពេលអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ចេញមុខធានាតាមដានករណីមន្រ្ដីនគរបាលបង្កគ្រោះថ្នាក់ចរាចរណ៍បុកគេស្លាប់ក្នុងស្ថានភាពស្រវឹងនេះ មិនឱ្យរួចខ្លួនឡើយ។

សម្ដេចធិបតី ថា «រាល់ការបុកមនុស្សស្លាប់ ដែលមានភាពស្រវឹង គឺយើងត្រូវអនុវត្តច្បាប់ម៉ឺងម៉ាត់ មិនមែនត្រឹមតែដោះស្រាយ តាមគោលការណ៍សងលុយហើយ រួចខ្លួនទេ ចំពោះអ្នកបុកគេស្លាប់ ហើយមានជាតិស្រវឹងក្នុងខ្លួន មិនថាអ្នកនោះ ជាអ្នកណាទេ»។
ករណីស្រវឹងបុកគេស្លាប់ សម្ដេចធិបតី បានដាស់តឿនម្ដងទៀតថា ត្រូវតែអនុវត្តច្បាប់ បន្ថែមពីការសងសំណង ទោះជនបង្កហេតុ ជានរណាក៏ដោយ ហើយភ្ជាប់គ្នានេះ សម្ដេច នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យពលរដ្ឋជឿទុកចិត្ដទៅលើប្រព័ន្ធច្បាប់។

បើតាមឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ឧសភានេះ ជនបង្កឈ្មោះ ហ៊ុន ហេង បានបញ្ជូនខ្លួនតុលាការហើយ ដើម្បីអនុវត្តនីតិវិធីច្បាប់ ខណៈលោកក៏បានទម្លាយឱ្យដឹងថា លោក ហ៊ុន ហេង ថែមទាំងត្រូវបានបណ្ដេញចេញពីក្របខណ្ឌនគរបាលជាតិផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង

-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ចរាចរណ៍២ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍២ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
កីឡា២០ ម៉ោង ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ចរាចរណ៍២ ថ្ងៃ ago
បឋម៖ ករណីបុករះបង្កឡើងដោយរថយន្ដឡិចសុីសមួយគ្រឿងបណ្ដាលឲ្យមានអ្នកស្លាប់នៅផ្លូវព្រះនរោត្ដម
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងរ៉ែទទួលយកសំណើពលរដ្ឋដែលស្នើសុំកិនសំណល់រ៉ែមាសលើដីក្នុងខេត្តមណ្ឌលគិរីទៅពិភាក្សា