ព័ត៌មានជាតិ
ទំនាក់ទំនងផ្នែកច្បាប់កម្ពុជា-រុស្ស៊ីកាន់តែរឹងមាំ ២ថ្ងៃបន្ទាប់ពីលោក ហេង សិទ្ធី ត្រូវបានបញ្ជូនដល់កម្ពុជា
កម្ពុជា-រុស្ស៊ីកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងយុត្តិធម៌ និងការិយាល័យអគ្គរដ្ឋអាជ្ញារុស្ស៊ីដែលធ្វើឱ្យទំនាក់ទំនងផ្នែកច្បាប់រវាងប្រទេសទាំងពីកាន់តែរឹងមាំ និងមានវិសាលភាពទូលំទូលាយ។

អនុស្សារណៈយោគយល់គ្នារវាងកម្ពុជានិងរុស្ស៊ីនោះផ្តោតលើកិច្ចសហប្រតិបត្តិការ លើការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលមានគ្រោះថ្នាក់បំផុតជាអាទិ៍ ឧក្រិដ្ឋកម្មឆ្លងដែន, ឧក្រិដ្ឋកម្មបច្ចេកវិទ្យា, ភេរវកម្ម, សកម្មភាពជ្រុលនិយម, ការជួញដូរអាវុធខុសច្បាប់, ការជួញដូរគ្រឿងញៀន។
ថ្លែងក្នុងជំនួបជាមួយអគ្គរដ្ឋអាជ្ញារដ្ឋសហព័ន្ធរុស្ស៊ីលោក អ៊ីហ្គរ ក្រាស្នូវ (Igor Krasnov) នៅទីស្ដីការក្រសួងយុត្តិធម៌កម្ពុជាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រីយុត្តិធម៌ កើត រិទ្ធ បានបង្ហាញការពេញចិត្តចំពោះការរីកចម្រើន និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ដ៏ល្អរវាងកម្ពុជា និងរុស្ស៊ី ជាពិសេសរវាងក្រសួងយុត្តិធម៌ និងការិយាល័យអគ្គរដ្ឋអាជ្ញារុស្ស៊ី។ លោកឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងដែលថា អនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខាថ្មីនេះ នឹងរួមចំណែកលើការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពរបស់មន្ត្រីអនុវត្តច្បាប់, ការចែករំលែកព័ត៌មាន និងការផ្លាស់ប្តូរបទពិសោធន៍ សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់។

បច្ចុប្បន្នរុស្ស៊ីនិងកម្ពុជាបានចុះសន្ធិសញ្ញាសំខាន់ៗចំនួន ២ រួចមកហើយគឺ សន្ធិសញ្ញាស្តីពី «ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ» និង សន្ធិសញ្ញាស្តីពី «បត្យាប័ន» (ចាប់បញ្ជូនជនល្មើសពីប្រទេសមួយទៅប្រទេសមួយទៀត)។
ជាការកត់សម្គាល់ការសម្រេចបាននូវអនុស្សារណៈថ្មីៗបន្ថែមទៀតគឺតែ២ថ្ងៃប៉ុណ្ណោះបន្ទាប់ពីអាជ្ញាធររុស្ស៊ីបញ្ជូនអតីតឧកញ៉ា ហេង សិទ្ធី ដែលកំពុងតាមចាប់ខ្លួនប្រគល់ឱ្យកម្ពុជាវិញបន្ទាប់ពីបានចាប់ខ្លួននៅរុស្ស៊ីតាំងពីខែមករា ឆ្នាំ២០២៥មក។
ក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រីយុត្តិធម៌កម្ពុជា លោក អ៊ីហ្គរ ក្រាស្នូវ (Igor Krasnov) បានថ្លែងថាតាមរយៈអនុស្សរណៈនេះ ភាគីទាំងពីរនឹងអាចពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងគ្នា តាមរយៈការផ្តល់កិច្ចសហការក្នុងការអនុវត្តច្បាប់ ការផ្លាស់ប្តូរបទពិសោធន៍ និងការផ្តល់អាហារូបករណ៍សម្រាប់ពង្រឹងសមត្ថភាពធនធានមនុស្ស។
ស្ថានទូតរុស្ស៊ីបានដកស្រង់ប្រសាសន៍របស់លោក អ៊ីហ្គរ ក្រាស្នូវ ចុះផ្សាយថា៖ «ឯកសារនេះនឹងពង្រឹងមូលដ្ឋានច្បាប់សម្រាប់ការងាររួមគ្នាក្នុងវិស័យទប់ទល់នឹងការគំរាមកំហែងឆ្លងព្រំដែននៃអំពើ ឧក្រិដ្ឋកម្ម នឹងរួមចំណែកដល់ការផ្លាស់ប្តូរការអនុវត្តដ៏តឹងរ៉ឹងបន្ថែមទៀត ដល់ការរួបរួមតែមួយរបស់យើងនៅលើវេទិកាអន្តរជាតិ»។

អគ្គរដ្ឋអាជ្ញារុស្ស៊ីបានបញ្ជាក់ពីការត្រៀមខ្លួនសម្រាប់ភាពជាដៃគូស៊ីជម្រៅជាមួយព្រះរាជាណាចក្រកម្ពុជាលើបញ្ហាផ្សេងទៀត រួមទាំងបញ្ហាទាក់ទងនឹងការគាំទ្រផ្នែកច្បាប់នៃគម្រោងវិនិយោគ ការធានាសិទ្ធិភ្ញៀវទេសចរ ការផ្លាស់ប្តូរបទពិសោធន៍លើការធ្វើទំនើបកម្មនៃច្បាប់។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក សេង ឌីណា បានបញ្ជាក់មកកម្ពុជាថ្មីថាកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ជាមួយរុស្ស៊ីកាន់តែរឹងមាំ ហើយនៅតែមួយជំហានទៀតទេកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងប្រទេសទាំងពីរនឹងក្លាយជាកិច្ចសហប្រតិបត្តិការដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ។
លោកថា៖ «កម្ពុជា និងរុស្ស៊ី ក៏កំពុងតែចរចាផងដែរ លើសន្ធិសញ្ញាស្ដីពីការផ្ទេរទណ្ឌិត។ នៅពេលដែលសន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិតនេះត្រូវបានចរចាចប់សព្វគ្រប់ដោយជោគជ័យ, កិច្ចសហប្រតិបត្តិការផ្នែកច្បាប់ រវាងកម្ពុជា និងរុស្ស៊ី នឹងត្រូវក្លាយជាកិច្ចសហប្រតិបត្តិការដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ»។
កម្ពុជា-រុស្ស៊ីបានបង្កើតទំនាក់ទំនងការទូតជាមួយគ្នានៅឆ្នាំ១៩៥៦ ដែលកំពុងកសាងទំនាក់ទំនងដែលទុកចិត្តដោយផ្អែកលើការគោរពនិងការគាំទ្រទៅវិញទៅមក។ នេះក៏អនុវត្តចំពោះវិស័យអនុវត្តច្បាប់ផងដែរ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


